Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចប្រធានរដ្ឋសភា យកឱកាស ទិវាអន្តរជាតិនារី ៨ មីនា លើកទី១១៥ ជួបសំណេះសំណាលនិងចែកអំណោយជូនពលរដ្ឋភៀសសឹក ស្រុកក្រឡាញ់ និងស្រុកពួក ខេត្តសៀមរាប

    BY Nisaiy KP March 8, 2026
    សម្តេចប្រធានរដ្ឋសភា យកឱកាស ទិវាអន្តរជាតិនារី ៨ មីនា លើកទី១១៥ ជួបសំណេះសំណាលនិងចែកអំណោយជូនពលរដ្ឋភៀសសឹក ស្រុកក្រឡាញ់ និងស្រុកពួក ខេត្តសៀមរាប

    (សៀមរាប)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឆ្លៀតក្នុងឱកាស ទិវាអន្តរជាតិនារី ៨ មីនា លើកទី១១៥ នៅព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦នេះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះជួបសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់នៅជំរំបណ្តោះអាសន្ន នៅវត្តបូណ៌ខ្នាតេជោ ស្ថិតនៅឃុំចន្លាស់ដៃ ស្រុកក្រឡាញ់ និង វត្តសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប។

    នៅក្នុងឱកាសជួបសំណេះសំណាលនេះ សម្តេចប្រធានរដ្ឋសភា បាននាំនូវការសាកសួរសុខទុក្ខយ៉ាងកក់ក្តៅ និងទឹកចិត្តអាណិតស្រឡាញ់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចំពោះបងប្អូន ក្មួយៗ ប្រជាពលរដ្ឋទាំងអស់ ដែលកំពុងរស់នៅក្នុងជំរំជនភៀសសឹក។

    សម្តេចប្រធានរដ្ឋសភា បានសម្តែងនូវទឹកចិត្តអាណិតអាសូរ និងក្តីស្រលាញ់ជ្រាលជ្រៅចំពោះប្រជាពលរដ្ឋជាខ្លាំង។ សម្តេចយល់ច្បាស់ពីអារម្មណ៍របស់បងប្អូនប្រជាពលរដ្ឋជាជនភៀសសឹកទាំងអស់ ជាពិសេស ស្ត្រី ក្មេងស្រី និងជនចាស់ជរា ដែលត្រូវចាកឆ្ងាយពីផ្ទះសម្បែង ដែលធ្លាប់រស់នៅប្រកបដោយភាពសុខសាន្ត ហើយត្រូវមករស់នៅក្នុងជំរំប្រមូលផ្តុំបែបនេះ។ ទោះបីមានការថែទាំ ការធានាសុវត្ថិភាព និងការផ្តល់សេវាសំខាន់ៗក៏ដោយ ក៏មិនស្រួលដូចការរស់នៅក្នុងផ្ទះរបស់ខ្លួនឡើយ។ ដូចពាក្យចាស់ពោលថា«គ្មានកន្លែងណា ប្រសើរជាងផ្ទះយើងឡើយ»។

    រាជរដ្ឋាភិបាល កំពុងខិតខំគ្រប់មធ្យោបាយ ដើម្បីធ្វើយ៉ាងណា ឲ្យពលរដ្ឋអាចវិលត្រឡប់ទៅលំនៅឋានវិញបាន ប៉ុន្តែពេលនេះ មិនទាន់អាចវិលត្រឡប់ទៅបាន ដោយសារហេតុផល អសន្តិសុខ និងសុវត្ថិភាព។ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល គិតគូរពីសុខសុវត្ថិភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋជាអាទិភាព។

    ក្នុងកាលៈទេសៈដ៏លំបាកនេះ សម្តេចបានអំពាវនាវ និងលើកទឹកចិត្តដល់បងប្អូនទាំងអស់ សូមបន្តអត់ធ្មត់ និងស៊ូទ្រាំមួយរយៈពេលទៀត រង់ចាំរហូតដល់ស្ថានភាពប្រក្រតីឡើងវិញ ពេលនោះបងប្អូនអាចត្រឡប់ទៅភូមិឋានរបស់ខ្លួនវិញបាន។ សូមថែទាំសុខភាព ទាំងផ្លូវកាយ និងផ្លូវចិត្ត។ សូមបន្តជឿជាក់លើរាជរដ្ឋាភិបាល ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំកំពូល បិតាសន្តិភាព សម្តេចតេជោ ហ៊ុន សែន មិនដែលទុកចោលប្រជាពលរដ្ឋម្តងណានោះឡើយ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: