Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    រោងចក្រកែច្នៃផ្លែស្វាយមួយកន្លែង បានបង្ហូរសំណល់រាវមិនសំអាតបង្កផលប៉ះពាល់បរិស្ថាន នៅខេត្តកំពង់ស្ពឺ

    BY Nisaiy KP March 15, 2026
    រោងចក្រកែច្នៃផ្លែស្វាយមួយកន្លែង បានបង្ហូរសំណល់រាវមិនសំអាតបង្កផលប៉ះពាល់បរិស្ថាន នៅខេត្តកំពង់ស្ពឺ

    (កំពង់ស្ពឺ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងបរិស្ថាន បានឱ្យដឹងថា មានរោងចក្រកែច្នៃផ្លែស្វាយ មួយកន្លែងនៅក្នុងខេត្តកំពង់ស្ពឺ បានបង្ហូរសំណល់រាវមិនសំអាតបង្កផលប៉ះពាល់បរិស្ថាន។

    រោងចក្រកែច្លៃផ្លែស្វាយ មួយកន្លែងស្ថិតនៅជាប់ផ្លូវល្បឿនលឿន ចន្លោះគីឡូ ម៉ែត្រលេខ៧៣-៧៤ ក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ត្រូវបានរកឃើញដំណើរការដោយគ្មានច្បាប់ពាក់ព័ន្ធវិស័យបរិស្ថាន និងបានបង្ហូរកាកសំណល់រាវចេញក្រៅរោងចក្របង្កឱ្យប៉ះពាល់បរិស្ថាន និងជះក្លិនស្អុយប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។

    សូមបញ្ជាក់ថា ប្រជាពលរដ្ឋរស់នៅក្រោយរោងចក្រចំងាយប្រហែល ៧០០ម៉ែត្រ បានត្អូញត្អែរពីបញ្ហាក្លិនស្អុយចេញពីទីតាំងរោងចក្រស្វាយនេះ ព្រមទាំងបញ្ហាទឹកស្អុយហូរពីទីតាំងរោងចក្រមកដល់ប្រឡាយមុខផ្ទះរបស់គាត់ ជាពិសេសនៅរដូវវស្សា។

    នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ក្រុមការងារអធិការកិច្ចនៃអគ្គនាយកដ្ឋានគាំពារ បរិ ស្ថាន ក្រសួងបរិសា្ថន បានចុះទៅដល់ទីតាំងរោងចក្រ និងបានរលឃើញថា ក្រុមហ៊ុនបានប្រព្រឹត្តល្មើសទៅនឹង មាត្រា១៦១ មាត្រា១៧៣ មាត្រា៦៦៨ និងមាត្រ៨៤៥ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ និងអនុក្រឹត្យលេខ៤២ និងអនុក្រឹត្យលេខ ១០៣ ស្ដីពីការត្រួតពិនិត្យការបំពុលទឹក។

    ក្រសួងបរិស្ថានបានចាត់វិធានការចាំបាច់មួយចំនួនដូចខាងក្រោម៖

    ១) ក្រុមហ៊ុនត្រូវបញ្ឈប់ការបញ្ចេញបបង្ហូរសំណល់រាវចេញពីទីតាំងក្រុមហ៊ុនជាបន្ទាន់
    ២) ក្រុមហ៊ុននឹងទទួលរងនូវពិន័យអន្តរកាល
    ៣) ក្រុមហ៊ុនត្រូវផ្ដល់សំណងការខូចខាតបរិស្ថាន និងត្រូវស្តារបរិស្ថានឡើងវិញ នៅទីតាំង ដែលទទួលរងការបំពុល
    ៤) ក្រុមហ៊ុនត្រូវធ្វើអាងប្រព្រឹត្តិកម្មសំណល់រាវ សម្អាតឱ្យបានស្អាតមុនបង្ហូរចេញ
    ៥) ក្រុមហ៊ុនត្រូវស្នើសុំច្បាប់ និងលិខិតអនុញ្ញាតពីក្រសួងបរិស្ថាន
    ៦) ត្រូវរៀបចំសម្អាតអនាម័យបរិស្ថាននៅក្នុងទីតាំងក្រុមហ៊ុនឱ្យបានល្អប្រសើរ ដូចជា ការរៀបចំទីតាំងទុកដាក់សំណល់រឹងពីផលិតកម្មឱ្យបានត្រឹមត្រូវ និងបែងចែកសំណល់ឱ្យដាច់ដោយឡែក៕

    ប្រភព៖ Ministry of Environment ក្រសួងបរិស្ថាន

    Share This Post: