Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងកសិកម្ម ចាត់វិធានការអន្តរាគមន៍បន្ទាន់ចំនួន២ ដើម្បីឆ្លើយតបនឹងក្តីកង្វល់របស់ប្រជាកសិករជុំវិញផលប៉ះពាល់នៃសង្គ្រាមនៅតំបន់មជ្ឈឹមបូព៌ាមកលើវិស័យកសិកម្ម

    BY Nisaiy KP March 15, 2026
    ក្រសួងកសិកម្ម ចាត់វិធានការអន្តរាគមន៍បន្ទាន់ចំនួន២ ដើម្បីឆ្លើយតបនឹងក្តីកង្វល់របស់ប្រជាកសិករជុំវិញផលប៉ះពាល់នៃសង្គ្រាមនៅតំបន់មជ្ឈឹមបូព៌ាមកលើវិស័យកសិកម្ម

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦នេះ បានគូសបញ្ជាក់ថា ក្រសួង បានចាត់វិធានការអន្តរាគមន៍បន្ទាន់ចំនួន២ ដើម្បីឆ្លើយតបនឹងក្តីកង្វល់របស់ប្រជាកសិករជុំវិញផលប៉ះពាល់នៃសង្គ្រាមនៅតំបន់មជ្ឈឹមបូព៌ាមកលើវិស័យកសិកម្ម ជាពិសេសការឡើងថ្លៃប្រេងឥន្ធនៈ។

    មន្ត្រីជាន់ខ្ពស់ខាងលើ បានរំលេចថា វិធានការអន្តរាគមន៍ ទី១. ពាក់ព័ន្ធនឹងបញ្ហាប្រេងនិងឧស្ម័នឥន្ធនៈ៖ ឯកឧត្តមរដ្ឋមន្ត្រី បានពិភាក្សាជាមួយឯកឧត្តមរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងលោកជំទាវរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដើម្បីរួមគ្នាជួយធានាការផ្គត់ផ្គង់ប្រេងគាំទ្រដល់វិស័យកសិកម្ម។

    ទន្ទឹមនេះ ក្រសួងបានចេញសេចក្តីណែនាំដល់មន្ទីរកសិកម្មគ្រប់ខេត្តក្រុងទាំងអស់ ឱ្យតាមដានយកចិត្តទុកដាក់លើស្ថានភាពជាក់ស្តែងនៅក្នុងភូមិសាស្ត្ររបស់ខ្លួន និងសហការជាមួយមន្ទីររ៉ែនិងថាមពល ក៏ដូចជាមន្ទីរពាណិជ្ជកម្ម ដើម្បីផ្តល់ការអន្តរាគមន៍ភ្លាមៗ បើមានការឡើងថ្លៃខុសប្រក្រតី ឬក៏មានការខ្វះខាតការផ្គត់ផ្គង់។

    និងទី២. ពាក់ព័ន្ធនឹងបញ្ហាជីកសិកម្ម៖ ក្រសួងបានជួបប្រជុំវាយតម្លៃជាមួយក្រុមហ៊ុននាំចូលនិងចែកចាយជីកសិកម្មធំៗមួយចំនួន ដែលដឹកនាំផ្ទាល់ដោយឯកឧត្តមរដ្ឋមន្ត្រី និងបានវាយតម្លៃជាបឋមថា កម្ពុជានឹងមិនបញ្ហាខ្វះខាតជីកសិកម្មទេ ជាពិសេសសម្រាប់ប្រភេទជីអ៊ុយរ៉េដែលរងផលប៉ះពាល់ខ្លាំងជាងគេ តែអាចនឹងប្រឈមនឹងការកើនឡើងនៃថ្លៃបណ្តាលមកពីសម្ពាធទីផ្សារសកល។

    ក្រសួងក៏បានទទូចស្នើសុំឱ្យក្រុមហ៊ុនរក្សាតម្លៃក្នុងកម្រិតសមរម្យមួយ ដែលអាចទទួលយកបានសម្រាប់បងប្អូនប្រជាកសិករនារដូវដាំដុះខាងមុខនេះ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: