Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    កម្លាំងសមត្ថកិច្ចបើកប្រតិបត្តិការបង្ក្រាបសំបុកOnline Scams នៅសង្កាត់អូរបែកក្អមឃាត់ខ្លួនមនុស្ស៤៩នាក់

    BY Liny Chan March 23, 2026
    កម្លាំងសមត្ថកិច្ចបើកប្រតិបត្តិការបង្ក្រាបសំបុកOnline Scams នៅសង្កាត់អូរបែកក្អមឃាត់ខ្លួនមនុស្ស៤៩នាក់

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា កម្លាំងចម្រុះ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញបានបើកប្រតិបត្តិការចុះបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam នៅសណ្ឋាគារជីនបៀនមេនឌូ ផ្លូវ១០១៩ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

    ការបង្រ្កាបនេះ ធ្វើឡើងនៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ ដោយមានការបញ្ជាពីឯកឧត្តម ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ និងប្រើប្រាស់វិធានការជំនាញ ដឹកនាំដោយឯកឧត្តម ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលនីតិវិធីច្បាប់ដោយលោក ឆាយ ហុង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

    លទ្ធផលនៃការបង្ក្រាបនេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សសរុបចំនួន ៤៩នាក់។ ក្នុងនោះ នៅជាន់ផ្ទាល់ដីបន្ទប់កាមេរ៉ាសុវត្ថិភាពមាន០៧នាក់ ក្នុងនោះជនជាតិចិន០៦នាក់ និងស្ត្រីវៀតណាម១នាក់។ នៅជាន់ទី ២និងទី៣ បន្ទប់ស្នាក់នៅមានចំនួន២៦នាក់ ក្នុងនោះមានជនជាតិចិន២៥នាក់ និងម៉ាឡេស៊ីចំនួន១នាក់ និង ជាន់ដំបូល ជាទីតាំងប្រព្រឹត្ត Online Scams មាន១៦នាក់ ក្នុងនោះជនជាតិចិន ១២នាក់ ម៉ាឡេស៊ី០២នាក់ ស្ត្រីមីយ៉ាន់ម៉ា០១នាក់ និងស្ត្រីខ្មែរចំនួន១នាក់។ ចំណែក វត្ថុតាង មានដូចជាៈ កុំព្យូទ័រ All In One ៦០ គ្រឿង, CPU ៣១ គ្រឿង និង Laptop ០១ គ្រឿង, ទូរសព្ទដៃ ៦៨៧ គ្រឿង និងស៊ីមកាត ម៉ាឡេស៊ី ចំនួន៤៦ ស៊ីម។

    តាមការស៊ើបអង្កេតបឋម ក្រុមជនសង្ស័យបានប្រើប្រាស់ទឹកដីកម្ពុជាធ្វើជាមូលដ្ឋាន ដើម្បីធ្វើសកម្មភាពឆបោកក្នុងរូបភាព “វិនិយោគក្លែងក្លាយ” ដោយមានគោលដៅអូសទាញជនរងគ្រោះនៅ ប្រទេសម៉ាឡេស៊ី និងប្រទេសផ្សេងៗទៀត ។ គួរបញ្ជាក់ថា ក្រុមនេះទើបតែបានផ្លាស់ប្ដូរទីតាំងមកពីខេត្តត្បូងឃ្មុំ។

    បច្ចុប្បន្នចំពោះជនសង្ស័យ និងវត្ថុតាងខាងលើនេះ ត្រូវបានប្រគល់ជូនសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ និងឈានទៅកំណត់មុខសញ្ញាមេខ្លោងពាក់ព័ន្ធជាបន្តទៀត។ អាជ្ញាធរក៏បានអំពាវនាវដល់ម្ចាស់ផ្ទះជួលទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះការស្នាក់នៅរបស់ជនបរទេសដែលខុសច្បាប់ និងសង្ស័យមានការពាក់ព័ន្ធនឹងបទល្មើសបច្ចេកវិទ្យា។

    សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានប្ដេជ្ញាចិត្តបោសសម្អាតឱ្យអស់នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចេញពីកម្ពុជានៅត្រឹមខែមេសា ឆ្នាំ២០២៦ ។ សម្តេចធិបតីបានបញ្ជាក់ថា កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជន បច្ចេកវិទ្យាប្រើប្រាស់ក្នុងការប្រព្រឹត្តការឆបោក ឬបទល្មើសឆ្លងដែនឡើយ។ រាល់បុគ្គល ឬអង្គភាពទាំងឡាយណាដែលនៅពីក្រោយសកម្មភាព ឆបោកទាំងនេះ នឹងត្រូវប្រឈមមុខនឹងទោសទណ្ឌខ្ពស់បំផុតដោយ គ្មានការយោគយល់ ឬការអន្តរាគមន៍ណាមួយឡើយ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: