Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    អភិបាលខេត្តតាកែវ បញ្ជាឱ្យរដ្ឋបាលក្រុង-ស្រុក ពន្លឿនការចុះបញ្ជីដីរដ្ឋ និងកែលម្អសោភ័ណភាពក្រុងដូនកែវ ដើម្បីទាក់ទាញទេសចរ

    BY Liny Chan March 23, 2026
    អភិបាលខេត្តតាកែវ បញ្ជាឱ្យរដ្ឋបាលក្រុង-ស្រុក ពន្លឿនការចុះបញ្ជីដីរដ្ឋ និងកែលម្អសោភ័ណភាពក្រុងដូនកែវ ដើម្បីទាក់ទាញទេសចរ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្នុងកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត នាថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២៦ នេះ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានដាក់ចេញនូវវិធានការមួយចំនួន ដល់អាជ្ញាធរក្រុង-ស្រុក ត្រូវពង្រឹងការគ្រប់គ្រងដីធ្លី និងជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងដូនកែវ ឱ្យកាន់តែមានសោភ័ណភាព។

    ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត ក៏បានណែនាំ អភិបាលក្រុង-ស្រុកទាំងអស់ត្រូវខិតខំ ធ្វើយ៉ាងណា ចុះបញ្ជីដីរដ្ឋដែលនៅសេសសល់ឱ្យបានសព្វគ្រប់ ដើម្បីរក្សាទុកជាសម្បត្តិសាធារណៈ សម្រាប់បម្រើប្រយោជន៍ប្រជាពលរដ្ឋ។

    ឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា ត្រូវលុបបំបាត់ឲ្យបាននូវការទន្ទ្រានកាន់កាប់ដីរដ្ឋដោយអនាធិបតេយ្យ និងត្រូវទប់ស្កាត់ដាច់ខាតការរំលោភយកដីចំណីផ្លូវ ប្រឡាយ ព្រែក អូរ និងបឹងបួរ ដែលជាមូលហេតុបង្កឱ្យស្ទះចរន្តទឹកហូរ និងនាំឱ្យមាន ការជន់លិចលំនៅឋាន ឬដីស្រែចម្ការរបស់ពលរដ្ឋ។

    ក្រៅពីបញ្ហាដីធ្លី ឯកឧត្តម វ៉ី សំណាង ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋាន ឱ្យបង្កើនប្រសិទ្ធភាពក្នុងការដោះស្រាយទំនាស់ជូនប្រជាពលរដ្ឋតាមរយៈយន្តការ ក្រៅប្រព័ន្ធតុលាការ ដើម្បីបង្កភាពងាយស្រួល និងរក្សាសុខដុមរមនាក្នុងសហគមន៍។

    ពាក់ព័ន្ធនឹងការអភិវឌ្ឍទីក្រុង ឯកឧត្តម អភិបាល ក៏បានជំរុញឱ្យមន្ទីរជំនាញ និងរដ្ឋបាលក្រុងដូនកែវ សហការគ្នាស្វែងរកដំណោះស្រាយ និងសិក្សាលើការរៀបចំប្លង់កែលម្អហេដ្ឋារចនាសម្ព័ន្ធនានា។ ការកែលម្អនេះមិនត្រឹមតែដើម្បីសម្រស់ទីក្រុងប៉ុណ្ណោះទេ ប៉ុន្តែគឺជាយុទ្ធសាស្ត្រដ៏សំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកកម្សាន្តក្នុងខេត្ត តាកែវកាន់តែច្រើនឡើង។

    គួរបញ្ជាក់ថា កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ លោកអភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ទីរ-អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានជាច្រើនរូប ដើម្បីរួមគ្នាអនុវត្តផែនការការងារនេះឱ្យសម្រេចបានលទ្ធផលជាផ្លែផ្កាជូនខេត្តតាកែវទាំងមូល៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: