Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    សម្ដេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យប្រែក្លាយខេត្តស្វាយរៀង ក្លាយជាតំបន់ឧស្សាហកម្ម រោងចក្រ សហគ្រាស ជំនួសឱ្យវិស័យកសិកម្ម

    BY Liny Chan March 26, 2026
    សម្ដេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យប្រែក្លាយខេត្តស្វាយរៀង ក្លាយជាតំបន់ឧស្សាហកម្ម រោងចក្រ សហគ្រាស ជំនួសឱ្យវិស័យកសិកម្ម

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជំរុញឱ្យប្រែក្លាយខេត្តស្វាយរៀងជាខេត្តដាំរោងចក្រ ជាជាងបន្តដាំស្រូវ ដោយសម្ដេចធិបតី លើកទឹកចិត្តឱ្យជប៉ុនងាកមកបោះទុនវិនិយោគនៅទិសខាងកើត បន្ទាប់ពីជប៉ុន បានយកចិត្តទុកដាក់បោះទុនវិនិយោគ និងជួយកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅខេត្តព្រះសីហនុ។ សម្ដេចសង្ឃឹមថា ការវិនិយោគរបស់ជប៉ុននៅទិសខាងកើតជាពិសេសខេត្តស្វាយរៀង នឹងលើកកម្ពស់ជីវភាពប្រជាជនក្នុងខេត្តនេះកាន់តែប្រសើរ។

    ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតអណ្តូងតាសី ក្នុងក្រុងស្វាយរៀង និងបើកការដ្ឋានសាងសង់គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតក្នុងខេត្តចំនួន៥ គឺខេត្តស្វាយរៀង ពោធិ៍សាត់ កំពង់ធំ កំពត និងមណ្ឌលគិរី ដែលជាគម្រោងហិរញ្ញប្បទានដោយថវិកាជាតិ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ខ្ញុំថា មិនបាច់ដាំស្រូវទេ ដាំរោងចក្រ ……បើដាំរោងចក្រ ដី១០ហិចតា ធ្លាប់ចិញ្ចឹមតែ១០គ្រួសារ ដី១០ហិចតានេះ អាចក្លាយជាតំបន់សេដ្ឋកិច្ចពិសេស អាចចិញ្ចឹមដល់រាប់ម៉ឺនគ្រួសារ»។

    ទន្ទឹមនេះ សម្ដេចធិបតី សង្ឃឹមយ៉ាងមុតមាំថា ២០ឆ្នាំខាងមុខខេត្តស្វាយរៀង អាចនឹងក្លាយជាខេត្តដែលមានបណ្ដុំឧស្សាហកម្មដ៏ធំ ខណៈបច្ចុប្បន្នក្នុងខេត្តស្វាយរៀងកំពុងមានការវិនិយោគកាន់តែច្រើនបន្ទាប់ពីក្រុងបាវិត។

    សូមជម្រាបជូនថា ការលើកទឹកចិត្តឱ្យវិនិយោគិនជប៉ុនមកទិសខាងកើត របស់សម្ដេចធិបតីនេះធ្វើឡើងនៅចំពោះមុខ ឯកឧត្តម Ueno Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ក្នុងឱកាសដែលឯកឧត្តម អញ្ជើញចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតអណ្តូងតាសី ក្នុងក្រុងស្វាយរៀង៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: