គណៈប្រតិភូសហភាពអឺរ៉ុប ថា កម្ពុជាមានទីតាំងភូមិសាស្ត្រនយោបាយដ៏មានសក្តានុពល ក្នុងនាមជាមជ្ឈមណ្ឌលតភ្ជាប់តំបន់អាស៊ាន “ASEAN Hub”
(AKP ភ្នំពេញថ្ងៃទី២៦ ខែមីនា ឆ្នាំ ២០២៦)៖ គណៈប្រតិភូសហភាពអឺរ៉ុប បានកត់សម្គាល់ឃើញថា កម្ពុជាមានទីតាំងភូមិសាស្ត្រនយោបាយដ៏មានសក្តានុពល ក្នុងនាមជាមជ្ឈមណ្ឌលតភ្ជាប់តំបន់អាស៊ាន “ASEAN Hub” និងជាគោលដៅដ៏ទាក់ទាញក្រោមក្របខណ្ឌ “Global Gateway” របស់សហភាពអឺរ៉ុប។ ក្នុងនោះ កិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការជាមួយអាម៉េរិក ក៏ត្រូវបានលើកយកមកពិភាក្សាថាជាចំណុចទាក់ទាញបន្ថែមសម្រាប់អ្នកវិនិយោគអន្តរជាតិនៅកម្ពុជាផងដែរ។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានអនុញ្ញាតជូនគណៈប្រតិភូសហភាពអឺរ៉ុប ដឹកនាំដោយ ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអ៊ឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។
ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសហភាពអឺរ៉ុប ដែលជានិច្ចកាលតែងតែជាដៃគូអភិវឌ្ឍន៍ដ៏មានសារៈសំខាន់របស់កម្ពុជា។ ឯកឧត្តមបានបញ្ជាក់ជាថ្មីនូវជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា ក.អ.ក. ក្នុងការយកចិត្តទុកដាក់ខ្ពស់បំផុតលើការទទួលស្តាប់នូវរាល់បញ្ហាប្រឈម និងការស្វែងរកដំណោះស្រាយរួម ដើម្បីផ្តល់កិច្ចសម្របសម្រួលពេញទំហឹងដល់វិនិយោគិនឯកជន។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជាមិនត្រឹមតែទាក់ទាញវិនិយោគិនថ្មីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងយកចិត្តទុកដាក់ខ្ពស់ចំពោះការថែទាំគាំទ្រវិនិយោគដែលកំពុងប្រតិបត្តិការផងដែរ។ ក្នុងន័យនេះ ឯកឧត្តមបានលើកឡើងនូវគំនិតផ្ដួចផ្ដើមការរៀបចំ “កម្មវិធីអាហារពេលព្រឹកធុរកិច្ច (Business Breakfast)” ជាមួយសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham) ក៏ដូចជាសភាពាណិជ្ជកម្មពាណិជ្ជកម្មនៃបណ្តាប្រទេសផ្សេងទៀត នៅកម្ពុជាផងដែរ។ នេះជាយន្តការសន្ទនាផ្ទាល់ និងក្រៅផ្លូវការ ដើម្បីឱ្យរាជរដ្ឋាភិបាលអាចក្តាប់បាននូវរាល់កង្វល់ ឬបញ្ហាប្រឈមជាក់ស្តែងរបស់ធុរជនអឺរ៉ុប និងផ្តល់ដំណោះស្រាយប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា។
គណៈប្រតិភូសហភាពអឺរ៉ុបបានកត់សម្គាល់ឃើញថា កម្ពុជាមានទីតាំងភូមិសាស្ត្រនយោបាយដ៏មានសក្តានុពល ក្នុងនាមជាមជ្ឈមណ្ឌលតភ្ជាប់តំបន់អាស៊ាន “ASEAN Hub” និងជាគោលដៅដ៏ទាក់ទាញក្រោមក្របខណ្ឌ “Global Gateway” របស់សហភាពអឺរ៉ុប។ ក្នុងនោះ កិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការជាមួយអាម៉េរិក ក៏ត្រូវបានលើកយកមកពិភាក្សាថាជាចំណុចទាក់ទាញបន្ថែមសម្រាប់អ្នកវិនិយោគអន្តរជាតិនៅកម្ពុជាផងដែរ។
បន្ថែមពីនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីយុទ្ធសាស្ត្រធ្វើពពិធកម្មសេដ្ឋកិច្ចរបស់កម្ពុជា ដោយផ្តោតលើការទាក់ទាញវិនិយោគក្នុងវិស័យដែលមានតម្លៃបន្ថែមខ្ពស់ និងបច្ចេកវិទ្យាទំនើប រួមមាន៖ កសិ-ឧស្សាហកម្ម, ឧស្សាហកម្មកែច្នៃចំណីអាហារ, ឧស្សាហកម្មយានយន្ត និងគ្រឿងអេឡិចត្រូនិច។ វិស័យទាំងនេះ គឺជាសសរស្តម្ភថ្មីដែលកម្ពុជាកំពុងជំរុញ ដើម្បីធានាបាននូវការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់។
ចំណុចគន្លឹះមួយទៀតនៃកិច្ចពិភាក្សាគឺ ផែនការនៃការរៀបចំបេសកកម្មគោះទ្វារវិនិយោគ (Investment Roadshow) ទៅកាន់បណ្តាប្រទេសក្នុងសហភាពអឺរ៉ុបនាពេលខាងមុខ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា បេសកកម្មនេះនឹងក្លាយជាឱកាសសម្រាប់កម្ពុជា ក្នុងការបង្ហាញពីតថភាពពិតនៃបរិយាកាសវិនិយោគ រួមមានស្ថិរភាពនយោបាយ លំនឹងម៉ាក្រូសេដ្ឋកិច្ច និងប្រព័ន្ធលើកទឹកចិត្តនានា ទៅកាន់សហគមន៍ធុរកិច្ចនៅអឺរ៉ុប។ ជាការឆ្លើយតប គណៈប្រតិភូសហភាពអឺរ៉ុបបានបង្ហាញឆន្ទៈយ៉ាងមុតមាំក្នុងការចូលរួមផ្តល់កិច្ចសម្របសម្រួល និងសហការរៀបចំបេសកកម្មនេះ ឱ្យសម្រេចទៅដោយរលូន និងទទួលបានលទ្ធផលជាផ្លែផ្កា។ ជាមួយគ្នានោះ ឯកឧត្តមឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា មានប្រទេសជាច្រើនទៀតក្នុងសហភាពអឺរ៉ុប ដែលមានចំណាប់អារម្មណ៍យ៉ាងខ្លាំងលើកម្ពុជា ហើយកំពុងតាមដានការអភិវឌ្ឍរបស់កម្ពុជាយ៉ាងយកចិត្តទុកដាក់ និងរង់ចាំឱកាសដើម្បីជួបពិភាក្សាដោយផ្ទាល់ជាមួយប្រតិភូកម្ពុជាដើម្បីស្វែងយល់ពីកាលានុវត្តភាពវិនិយោគ។
ជំនួបពិភាក្សានាព្រឹកនេះ បានបញ្ចប់ទៅដោយផ្លែផ្កា និងការជឿជាក់ខ្ពស់ ដោយភាគីទាំងពីរបានរំពឹងទុកដូចគ្នាថា តាមរយៈបេសកកម្មគោះទ្វារវិនិយោគ និងយន្តការសហប្រតិបត្តិការដ៏ជិតស្និទ្ធនេះ ទំហំពាណិជ្ជកម្មទ្វេភាគី និងរលកនៃទុនវិនិយោគអឺរ៉ុបមកកម្ពុជានឹងមានសន្ទុះកើនឡើង ដែលវានឹងក្លាយជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការជំរុញឱ្យកម្ពុជា សម្រេចបាននូវគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចរយៈពេលវែងរបស់ខ្លួន ហើយក៏ជាការឆ្លុះបញ្ចាំងឱ្យឃើញពីជំនឿចិត្តរបស់អ្នកវិនិយោគអន្តរជាតិមកលើស្ថិរភាព និងសក្តានុពលសេដ្ឋកិច្ចរបស់កម្ពុជាផងដែរ៕



ប្រភព៖ ក្រសួងព័ត៌មាន