Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម រំលេចថា ការផ្គត់ផ្គង់ទឹកស្អាតក្នុងក្របខណ្ឌទូទាំងប្រទេស កើនឡើង ៨០%

    BY Liny Chan March 27, 2026
    រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម រំលេចថា ការផ្គត់ផ្គង់ទឹកស្អាតក្នុងក្របខណ្ឌទូទាំងប្រទេស កើនឡើង ៨០%

    វិស័យទឹកស្អាត បានទទួលការគាំទ្រជាជំនួយបច្ចេកទេស ហិរញ្ញប្បទានឥតសំណង និងហិរញ្ញប្បទានសម្បទានជាបន្តបន្ទាប់ ដើម្បីរៀបចំនិងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកស្អាត ដែលមានសមត្ថភាពផ្ដល់សេវាប្រកបដោយនិរន្តរភាព និងគុណភាព សម្រាប់ប្រជាជន និងតំបន់រោងចក្រ សហគ្រាសអាជីវកម្ម នៅតាមបណ្តារាជធានី-ខេត្តនានា។ ទន្ទឹមនឹងការងារអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានយកចិត្តទុកដាក់ខ្ពស់លើការពង្រឹង និងអភិវឌ្ឍសមត្ថភាពមន្ត្រីជំនាញបច្ចេកទេសពាក់ព័ន្ធនឹងការងារទឹកស្អាត ព្រមទាំងបាននិងកំពុងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលសម្រាប់វិស័យទឹកស្អាត។

    ថ្លែងនាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦នេះ ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតអណ្តូងតាសី ក្រុងស្វាយរៀង និងពិធីបើកការដ្ឋានសាងសង់គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតបន្ថែម សម្រាប់ខេត្តចំនួន៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម រដ្ឋមន្ត្រី ហែម វណ្ណឌី បានមានប្រសាសន៍ថា ការផ្គត់ផ្គង់ទឹកស្អាតក្នុងក្របខណ្ឌទូទាំងប្រទេស បានកើនឡើង ៨០% ពីប្រមាណ ៣០៩ លានម៉ែត្រគូបក្នុងឆ្នាំ២០១៨ ដល់ប្រមាណ ៥៥៦ លានម៉ែត្រគូបក្នុងឆ្នាំ២០២៥។ ចំនួនគ្រួសារដែលទទួលបានទឹកស្អាតប្រើប្រាស់តាមប្រព័ន្ធបណ្តាញ ក្រោមដែនសមត្ថកិច្ចរបស់ក្រសួងបានកើនឡើងទ្វេដងពី ៧៨១.៩០៨ គ្រួសារ ក្នុងឆ្នាំ២០១៨ ដល់ ១.៥៧១.៩៧៦ គ្រួសារ ក្នុងឆ្នាំ២០២៥។

    ឯកឧត្តម រដ្ឋមន្ត្រី បានបន្តថា ទោះបីជាមានវឌ្ឍនភាព និងសម្រេចបានសមិទ្ធផលការងារជាវិជ្ជមានយ៉ាងណាក្តី ការទទួលបានសេវាទឹកស្អាតតាមប្រព័ន្ធបណ្ដាញទូទាំងប្រទេស នៅពុំទាន់ឆ្លើយតបទៅនឹងតម្រូវការ និងកំណើនប្រជាជន, សន្ទុះនៃកំណើននគរូបនីយកម្ម និងការរីកលូតលាស់នៃឧស្សាហកម្ម នៅឡើយទេ តួយ៉ាង ចំនួនតំណទឹកស្អាត សរុបមានចំនួន ១.៥៧១.៩៧៦ តំណ ឬ ប្រមាណ ៤២% នៃចំនួនគ្រួសារសរុបទូទាំងប្រទេស (ករណីសន្មត់ថាតំណទាំងអស់ ជាតំណភ្ជាប់ជូនផ្ទះប្រជាពលរដ្ឋ និង១តំណ ស្មើនឹង ១គ្រួសារ)។

    ជាមួយគ្នានោះ ក្រសួងបានរៀបចំគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតជាបន្តបន្ទាប់ ដើម្បីដោះស្រាយ នូវតម្រូវការប្រើប្រាស់ទឹកស្អាតរបស់ប្រជាពលរដ្ឋ ក៏ដូចជាកំណើនសកម្មភាពសេដ្ឋកិច្ច និងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។

    តាម ឯកឧត្តម ហែម វណ្ណឌី បានបញ្ជាក់ថា ក្រសួងបានផ្ដល់អាទិភាពវិនិយោគ ទៅតំបន់ដែលនៅសេសសល់ក្នុងដែនសេវារបស់រដ្ឋាករទឹក សំដៅពង្រីកសមត្ថភាពផ្គត់ផ្គង់ឱ្យបានពេញលេញ ដើម្បីលើកកម្ពស់តួនាទីជាយុទ្ធសាស្រ្ត និងការចូលរួមរបស់រដ្ឋ។ អាទិភាពត្រូវបានផ្តល់ជូនតំបន់ដែលមានសក្ដានុពល និងមានតម្រូវការប្រើប្រាស់ទឹកខ្លាំង ជាពិសេសតំបន់ឧស្សាហកម្ម, តំបន់កសិ-ឧស្សាហកម្ម, តំបន់ដែលពុំមានប្រភពទឹកគ្រប់គ្រាន់ មានដូចជា ខេត្តស្វាយរៀង ខេត្តបាត់ដំបង ខេត្តកំពង់ចាម ខេត្តកំពង់ស្ពឺ ខេត្តបន្ទាយមានជ័យ ខេត្តកំពត ខេត្តព្រះសីហនុ ក៏ដូចជាតំបន់ដែលមានសក្ដានុពលអាចក្លាយទៅជាតំបន់កសិ-ឧស្សាហកម្ម និងតំបន់ឧស្សាហកម្មដទៃទៀត ដើម្បីធានាថានៅពេលដែលហេដ្ឋារចនាសម្ព័ន្ធត្រូវបានសាងសង់រួចរាល់ និងអាចដំណើរការបាន អង្គភាពរដ្ឋាករទឹកនឹងមានលទ្ធភាពក្នុងការទទួលបានចំណូលបន្ថែម និងអាចពង្រីកសមត្ថភាពរបស់ខ្លួនក្នុងការវិនិយោគបន្ដ និងជួយយឹតយោងដល់តំបន់ដែលមានសក្ដានុពលទាប ឬតំបន់ដែលស្ទើរតែគ្មានសក្ដានុពល៕

    Share This Post: