Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ៖ ក្នុងការរៀបចំរចនាសម្ព័ន្ធឡើងវិញ ក្រសួងស្ថាប័នចំនួន១៣ កាត់បន្ថយ អគ្គនាយកដ្ឋានចំនួន៣ និងនាយកដ្ឋានចំនួន២៦

    BY Naren March 27, 2026
    រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ៖ ក្នុងការរៀបចំរចនាសម្ព័ន្ធឡើងវិញ ក្រសួងស្ថាប័នចំនួន១៣ កាត់បន្ថយ អគ្គនាយកដ្ឋានចំនួន៣ និងនាយកដ្ឋានចំនួន២៦

    មានប្រសាសន៍បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមុខងារសាធារណៈ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងថា “ចំពោះការរៀបចំរចនាសម្ព័ន្ធឡើងវិញ ក្រសួងមុខងារសាធារណៈ និងក្រសួងស្ថាប័នមួយចំនួន១២ មិនត្រឹមតែមិនមានការពង្រីកនោះទេ តែបានលុបអគ្គនាយកដ្ឋាន ចំនួន៣ និងនាយកដ្ឋាន ចំនួន២៦ ហើយកំពុងបន្តពិនិត្យមើលការិយាល័យមួយចំនួនបន្ថែមទៀតផងដែរ។”

    ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា “សម្រាប់ការអនុវត្តវិធានការគន្លឹះទី២៖ ការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន ដើម្បីលើកកម្ពស់គុណភាពការងារប្រកបដោយវិន័យ សីលធម៌វិជ្ជាជីវៈ ប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព ក្នុងនោះការពិនិត្យឡើងវិញ និងវិភាគមុខងារ រចនាសម្ព័ន្ធ បានបន្តជំរុញឱ្យកាន់តែមានលក្ខណៈជាប្រព័ន្ធ ដោយក្រសួងបានធ្វើការសហការជាមួយក្រសួង ស្ថាប័ន ក្នុងការកំណត់មុខងារស្នូល មុខងាររងនៃមុខងារស្នូល និងមុខងារគាំទ្រ ឈានទៅការរៀបចំអនុក្រឹត្យ និងបទប្បញ្ញត្តិពាក់ព័ន្ធ សម្រាប់ការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួង ស្ថាប័ន។

    ការពិនិត្យឡើងវិញនិងការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន បានចូលរួមចំណែកក្នុងការពង្រឹងសមត្ថភាពស្ថាប័នសាធារណៈ រក្សាស្ថិរភាព និងនិរន្តរភាពនៃការផ្ដល់សេវាសាធារណៈ, ពង្រឹងសាមគ្គីភាព និងការទទួលខុសត្រូវរបស់គ្រប់ក្រសួង ស្ថាប័ន ស្របតាមអភិក្រម “ពង្រឹងជាជាងពង្រីក” និង “រៀបចំផ្ទះឱ្យរៀបរយ”។

    តាមឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានបន្តថា ចំពោះការរៀបចំរចនាសម្ព័ន្ធឡើងវិញ ក្រសួងមុខងារសាធារណៈ និងក្រសួងស្ថាប័នមួយចំនួន១២ មិនត្រឹមតែមិនមានការពង្រីកនោះទេ តែបានលុបអគ្គនាយកដ្ឋាន ចំនួន៣ និងនាយកដ្ឋាន ចំនួន២៦ និងបន្តពិនិត្យមើលការិយាល័យមួយចំនួនបន្ថែមទៀតផងដែរ។ ជាក់ស្តែង អនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួង ស្ថាប័ន ចំនួន១១ ត្រូវបានដាក់ឱ្យអនុវត្ត, និងគណៈកម្មាធិការលើកកម្ពស់អភិបាលកិច្ច ត្រូវបានរៀបចំនៅ ២៩ក្រសួង ស្ថាប័ន៕

    ប្រភព ក្រសួងព័ត៍មាន

    Share This Post: