នាវាចម្បាំងរបស់រុស្ស៊ីចំនួន ២គ្រឿង ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃនៅកម្ពុជា
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាវាចម្បាំងរុស្ស៊ីចំនួន ២គ្រឿង ឈ្មោះ Sovershenny លេខ៣៣៣ និងឈ្មោះ Rezky លេខ៣៤៣ មកពីកងនាវាប្រចាំតំបន់ប៉ាស៊ីហ្វិកនៃកងទ័ពជើងទឹកសហព័ន្ធរុស្ស៊ី ចូលចតនៅកំពង់ផែខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦នេះ។ នាវាចម្បាំងទាំងពីរគ្រឿងនេះ ដឹកនាំដោយមេបញ្ជាការ លោកវរនាវីឯក SHMAGIN Artem និងមេបញ្ជាការ លោកវរនាវីឯក KOVALEV Evgenii ហើយមាននាវិកសរុបប្រមាណ ២៦២នាក់ ដែលនឹងសំចតនៅកម្ពុជារហូតដល់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦។
ការមកដល់របស់នាវាចម្បាំងរុស្ស៊ីទាំងពីរគ្រឿងនេះ ត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ឧត្តមនាវីត្រី អ៊ិន សុខេមរា មេបញ្ជាការរងមូលដ្ឋានសមុទ្ររាម ជាមួយកងទ័ពជើងទឹករបស់កម្ពុជាចំនួន៦០នាក់ ដោយមានការចូលរួមពីឯកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅកម្ពុជាផងដែរ។
ដំណើរទស្សនកិច្ចរបស់កងទ័ពជើងទឹករុស្ស៊ី និងនាវាចម្បាំងទាំងពីរគ្រឿងនេះ គឺដើម្បីលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងកម្ពុជា និងរុស្ស៊ី ដែលប្រទេសទាំងពីរតែងតែប្រកាន់យកក្នុងប្រវត្តិនៃទំនាក់ទំនងរបស់ខ្លួន។ តាមការគ្រោងទុក ក្នុងឱកាសនៃការសំចតនាវានេះ កងទ័ពជើងទឹកកម្ពុជា និងរុស្ស៊ី ក៏នឹងមានការប្រកួតបាល់ទាត់មិត្តភាពផងដែរ៕





ប្រភព៖ ក្រសួងព័ត៌មាន