៤ខែដំបូង ក្នុងឆ្នាំ២០២៦ កម្ពុជាទទួលបានអ្នកដំណើរ តាមផ្លូវអាកាសជាង ២លាននាក់
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានបញ្ជាក់ថា រយៈពេល៤ខែ ឆ្នាំ២០២៦នេះ កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសជាង ២លាននាក់ ខណៈចំនួននេះ ថយចុះ៤% បើធៀបទៅនឹងរយៈពេល ៤ខែដូចគ្នា ឆ្នាំ២០២៥។
ថ្លែងប្រាប់អ្នកសារព័ត៌មាន ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា បានបញ្ជាក់ថា រយៈពេល៤ខែ ដើមឆ្នាំ២០២៦ ដោយគិតពីខែមករា ដល់មេសា អាកាសយានដ្ឋានអន្តរជាតិទាំង៣ (តេជោ-សៀមរាបអង្គរ-ព្រះសីហនុ) ទទួលជើងហោះហើរចេញ-ចូល (ទ្វេទិស) មានចំនួន២៣,២០៤ ជើង មានការកើនឡើងប្រមាណ២%។
សម្រាប់អ្នកដំណើរចេញ-ចូល (ទ្វេទិស) មានចំនួន២,៤២៨,០០៩នាក់ មានការថយចុះប្រមាណ៤%។ ដោយឡែកទំនិញតាមផ្លូវអាកាសចេញ-ចូល (ទ្វេទិស) មានចំនួន៣០,៤៤៨ តោន មានការកើនឡើងប្រមាណ៣៦%។
ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា បានឲ្យដឹងទៀតថា បើគិតត្រឹមថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ មានក្រុមហ៊ុនអាកាសចរណ៍ ដែលកំពុង ប្រតិបត្តិការ ហោះហើរចេញ-ចូលមានចំនួន ៣៣ ក្រុមហ៊ុន (រួមមានក្រុមហ៊ុនក្នុងស្រុក ៤ និងអន្តរជាតិ ២៩) ដែលមានជើងហោះហើរ (ទ្វេទិស) អាកាសយានដ្ឋានអន្តរជាតិតេជោ មានចំនួន៧០៨ជើង/សប្តាហ៍, អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានចំនួន ២២៤ ជើង/សប្តាហ៍, អាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ មានចំនួន ៥០ជើង/សប្តាហ៍ និងអាកាសយានដ្ឋានតារាសាគរ ចំនួន ៤ ជើង/សប្តាហ៍ (ទ្វេទិស) ជាជើងហោះហើរក្នុងស្រុករវាងព្រលានយន្តហោះតេជោអន្តរជាតិ និងព្រលានយន្តហោះតារាសាគរ។
ឯកឧត្តម កត់សម្គាល់ថា ជើងហោះហើរចេញ-ចូល អាកាសយានដ្ឋានអន្តរជាតិសៀមរាប របស់ក្រុមហ៊ុនអាកាសចរណ៍ឡាវ (Lao Airlines – QV) ត្រូវបានផ្អាកជាបណ្តោះអាសន្ន។ ចំណែកឯកជើងហោះហើរចេញ-ចូល រវាងបាងកក-ភ្នំពេញ-បាងកក ក៏មានការថមថយមួយចំនួន ផងដែរ៕


ប្រភព៖ ក្រសួងព័ត៌មាន