សម្តេចតេជោ៖ ការដកមន្ត្រីផ្លែទុរេន (ប.ក.ក) នៅខេត្តបាត់ដំបង ចេញពីក្របខណ្ឌ មិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU
(ខេត្តព្រៃវែង)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថា ប្រធានសាខាក.ប.ប. ខេត្តបាត់ដំបង ដែលត្រូវដកតំណែង ដោយសម្តេចចាត់ទុកជាមន្ត្រីផ្លែទុរេន គួរបញ្ជូនទៅ ACU បន្ថែមទៀត។
ក្នុងឱកាសសម្ពោធអគារ«៦មករា» សមិទ្ធផលនានា នៃមន្ទីរគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង និងសំណេះសំណាល ជាមួយសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ក្រុង-ស្រុក ឃុំ- នៃខេត្តព្រៃវែង នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន លែងហៅមន្ត្រីគ្រាប់ល្ពៅទៀតហើយ ចង់ហៅថាជាមន្ត្រីផ្លែទុរេនវិញ។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សម្តេចឈប់ហៅមន្រ្តីគ្រាប់ល្ពៅ ដោយប្តូរមកហៅ មន្រ្តីផ្លែទុរេនវិញហើយសម្តេចបានបញ្ជាក់ថារឿងនិទានមន្រ្តីគ្រាប់ល្ពៅ វាគ្រាន់តែជារឿងប្រឌិតតែប៉ុណ្ណោះ តែរឿងមន្រ្តីផ្លែទុរេនជារឿងដែលកើតឡើងនៅកម្ពុជាពិតប្រាកដ។
ជាមួយគ្នានេះដែរសម្តេចតេជោ ក៏បានប្រកាសផងដែរថា សម្តេចនឹងធ្វើការតាមដានរឿងទុរេននេះរហូត ខណៈមន្ត្រីដែលគ្រោះថ្នាក់នោះ ជាមន្ត្រីផ្លែទុរេននេះហើយ ដែលដើរភូតកុហកទូទាំងប្រទេស។
សម្តេចតេជោ សង្កត់ធ្ងន់ថា ប្រសិនសម្តេចជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មវិញ សម្តេចនឹងបញ្ជូនមន្រ្តីទុរេននេះទៅឲ្យអង្គភាពប្រឆាំងអំពើពុករលួយ ស្រាវជ្រាវលើរឿងនេះបន្ថែម ហើយការដកចេញពីក្របខណ្ឌចំពោះបុគ្គលនេះមិនទាន់គ្រប់គ្រាន់ទេ ត្រូវមើលទៅលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល ចោទប្រកាន់តាមផ្លូវតុលាការ នេះជាការបញ្ជូនសារព្រមានទៅកាន់មន្ត្រីទូទាំងប្រទេស៕


ប្រភព៖ ក្រសួងព័ត៌មាន