ព័ត៌មានជាតិ
កងទ័ពជើងគោកកម្ពុជា ចូលរួមសមយុទ្ធពហុភាគី PRAGATI នៅសាធារណរដ្ឋឥណ្ឌា
BY Liny Chan
May 21, 2026
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សមយុទ្ធពហុភាគី PRAGATI 2026 បានចាប់ផ្តើមជាផ្លូវការនៅថ្ងៃនេះ នៅទីក្រុង Umroi រដ្ឋ Meghalaya ដោយមានការចូលរួមពីប្រទេសមិត្តចំនួន ១២ រួមមាន៖ ប៊ូតាន កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី ម៉ាល់ឌីវ មីយ៉ាន់ម៉ា នេប៉ាល់ ហ្វីលីពីន សីសែល ស្រីលង្កា និងវៀតណាម។
សមយុទ្ធនេះមានរយៈពេល ០២សប្តាហ៍ ដែលមានគោលបំណងលើកកម្ពស់ការសម្របសម្រួលប្រតិបត្តិការ ការកសាងទំនុកចិត្តទៅវិញទៅមក និងការពង្រឹងសមត្ថភាពរួមរវាងបណ្ដាប្រទេសចូលរួម។
សមយុទ្ធ PRAGATI នឹងផ្តោតលើប្រតិបត្តិការប្រឆាំងភេរវកម្ម ក្នុងតំបន់ពាក់កណ្ដាលភ្នំ និងព្រៃភ្នំ តាមរយៈការធ្វើលំហាត់ផែនការរួម ការហ្វឹកហ្វឺនយុទ្ធវិធី និងប្រតិបត្តិការរួមគ្នា៕

ប្រភព៖ ក្រសួងព័ត៌មាន