សម្តេចតេជោ ៖ កម្ពុជា-ហុងគ្រី មានទំនាក់ទំនងយ៉ាងជិតស្និទ្ធទោះនៅឆ្ងាយពីគ្នា
ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍ថា ទំនាក់ទំនងកម្ពុជានិងហុងគ្រី ពិតជាមានភាពស្និទ្ធស្នាលជាមួយគ្នាយ៉ាងខ្លាំង ទោះបីនៅឆ្ងាយពីគ្នាយ៉ាងណាក៏ដោយ។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹង ក្រោយពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យឯកឧត្តម Tibor BALOGHDI ឯកអគ្គរដ្ឋទូត នៃប្រទេសហុងគ្រីប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ថា សម្តេចតេជោមានប្រសាសន៍ថា ក្នុងពេលដែលឯកឧត្តមទូតបានបំពេញបេសកកម្មជាឯករដ្ឋទូតប្រចាំនៅកម្ពុជា រយៈពេល៤ឆ្នាំមកនេះ បានធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជា និងហុងគ្រីមានភាពរឹងមាំ។
អ្នកនាំពាក្យ បន្តថា “សម្ដេចតេជោបានលើកឡើងថា ទោះបីជាហុងគ្រី និងកម្ពុជានៅឆ្ងាយពីគ្នាក៏ពិតមែន ប៉ុន្តែទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពជិតស្និទ្ធខ្លាំងណាស់។ មកដល់ពេលនេះទំនាក់ទំនងរវាងកម្ពុជា និងហុងគ្រីមានអាយុកាល៧០ឆ្នាំហើយ ដែលជាទំនាក់ទំនងមួយដ៏យូរអង្វែងមកជាមួយគ្នា” ។
ឯកឧត្តម ជា ធីរិទ្ធ បន្ថែមថា ចំពោះឯកឧត្តមទូតហុងគ្រីវិញ ក៏បានលើកឡើងដែរថា ៤ឆ្នាំកន្លងមកនេះ ទំនាក់ទំនងរវាងកម្ពុជា-ហុងគ្រីមានភាពរីកចម្រើន ជាពិសេសគឺការសហការគ្នាទាំងក្របខ័ណ្ឌនៃស្ថាប័ននីតិប្រតិបត្តិ និងស្ថាប័ននីតិបញ្ញត្តិ។ ឯកឧត្តម បានរំលេចថា ប្រទេសទាំងពីរមានការកើនឡើងនូវទំហំពាណិជ្ជកម្ម ជាពិសេសកម្ពុជាបាននាំចូលទៅកាន់ប្រទេសហុងគ្រីមានការកើនឡើងក្នុងរយៈពេលចុងក្រោយនេះ។
ឯកឧត្តមក៏បានលើកឡើងផងដែរថា ឆ្នាំនេះជាខួប៧០ឆ្នាំនៃទំនាក់ទំនងរវាងកម្ពុជា-ហុងគ្រី ហើយប្រទេសទាំងពីរបានរួមគ្នា ក្នុងការរៀបចំពិធីអបអរសាទរនៃខួប៧០ឆ្នាំនេះ ដើម្បីឱ្យទំនាក់ទំនងនេះកាន់តែល្អប្រសើរបន្ថែមទៀត៕
ប្រភព វិទ្យុជាតិកម្ពុជា