Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    អាជ្ញាធររាជធានីភ្នំពេញ បន្តចុះប្រតិបត្តិការទ្រង់ទ្រាយធំ បង្ក្រាបទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ៤កន្លែងថែមទៀត នៅរាជធានីភ្នំពេញ

    BY Nisaiy KP May 31, 2026
    អាជ្ញាធររាជធានីភ្នំពេញ បន្តចុះប្រតិបត្តិការទ្រង់ទ្រាយធំ បង្ក្រាបទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ៤កន្លែងថែមទៀត នៅរាជធានីភ្នំពេញ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ បានឱ្យដឹងថា ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់របស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជា​ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ បានធ្វើការចុះត្រួតពិនិត្យតាមទីតាំងអគារខុនដូរ អាផាតមិន បុរី ផ្ទះសំណាក់ និងសណ្ឋាគារមួយចំនួន ក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ។

    ក្នុងកិច្ចប្រតិបត្តិការតាមទីតាំងខាងលើ គណៈបញ្ជាការឯកភាពបានធ្វើការត្រួតពិនិត្យ ទីតាំងសរុបចំនួន ៨១ទីតាំង រកឃើញជនបរទេសស្នាក់នៅសរុបចំនួន ៧០៥នាក់ (ស្រី ១៧៤នាក់) ក្នុងនោះជនបរទេសចំនួន ២៤នាក់ ស្នាក់នៅដោយគ្មានលិខិតឆ្លងដែន ឬឯកសារត្រឹមត្រូវ ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដើម្បីបន្ដនីតិវិធី។

    នៅថ្ងៃជាមួយគ្នានេះដែរ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអនុវត្តការផាកពិន័យចំពោះម្ចាស់ ឬអ្នកគ្រប់គ្រង ទីតាំងរស់នៅប្រមូលផ្ដុំស្របតាមអនុក្រឹត្យលេខ០៣ អនក្រ.បក មាត្រា២០ ជំពូកទី៦ ស្ដីពីទណ្ឌកម្ម បានផាកពិន័យសរុបចំនួន ៤ទីតាំង មនុស្សចំនួន ១៩នាក់ គិតជាថវិកាសរុបបានចំនួន ៧៦.០០០.០០០រៀល៕

    ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ

    Share This Post: