រដ្ឋមន្ត្រីក្រសួងអប់រំលើកទឹកចិត្តសិស្សថ្នាក់ទី១២ ត្រៀមប្រឡងទាំងអស់ ឱ្យបន្តខិតខំប្រឹងប្រែងរៀនសូត្រឱ្យអស់ពីលទ្ធភាព
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ខណៈការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិកំពុងខិតចូលមកដល់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកទឹកចិត្តសិស្សត្រៀមប្រឡងទាំងអស់ឱ្យបន្តខិតខំប្រឹងប្រែងរៀនសូត្រឱ្យអស់ពីលទ្ធភាព ដោយត្រូវយកសៀវភៅមេរៀនសង្ខេបថ្នាក់ទី១២ ដែលបានចែកជូនយកទៅអាន និងហាត់អនុវត្តន៍ឱ្យច្រើន បន្តថែរក្សាសុខភាពឱ្យបានរឹងមាំ ដើម្បីប្រឡងឱ្យជាប់ និងទទួលបាននិទ្ទេសល្អ ជាពិសេសគឺឱកាសទទួលបានអាហារូបករណ៍ទៅសិក្សាបន្តនៅទីក្រុងភ្នំពេញ នៅតាមសាកលវិទ្យាល័យដែលខ្លួនប៉ងប្រាថ្នា និងសិក្សាជំនាញដែលខ្លួនស្រឡាញ់។
ក្នុងពិធីសំណេះសំណាល និងចែកសៀវភៅមេរៀនសង្ខេបថ្នាក់ទី១២ ដល់សិស្សវិទ្យាល័យ ហ៊ុន សែន កងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម ដើម្បីពិនិត្យមើលស្ថានភាពសាលារៀន និងការសិក្សារៀនសូត្ររបស់សិស្សានុសិស្សដែលកំពុងត្រៀមខ្លួនប្រឡង សាកសួរសុខទុក្ខ និងឈ្វេងយល់ពីតម្រូវការ ចំណាប់អារម្មណ៍របស់សិស្សានុសិស្សថ្នាក់ទី១២ ជាពិសេសគឺនាំយកនូវឯកសារមេរៀនសង្ខេបថ្នាក់ទី១២ មកចែកជូន ដើម្បីជាជំនួយដល់ការរៀនសូត្រ និងផ្ដល់នូវគន្លឹះរៀនសូត្រមួយចំនួនដល់សិស្សានុសិស្ស ដើម្បីត្រៀមខ្លួនរួចរាល់សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលខាងមុខ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានគូសបញ្ជាក់ថា ខណៈដែលសិស្សបានខិតខំប្រឹងប្រែងដើម្បីការប្រឡងជាប់ហើយនោះ លោកគ្រូ អ្នកគ្រូ រួមទាំងក្រុមការងារក្រសួង ត្រូវប្រឹងប្រែងបន្ថែមទៀតក្នុងការបន្តជួយជ្រោមជ្រែងឱ្យអស់ពីលទ្ធភាព និងគ្រប់រូបភាព ដើម្បីធានាបានថាប្អូនៗសិស្សានុសិស្សយើងនឹងទទួលបានលទ្ធផលល្អ ឆ្លើយតបនឹងការខិតខំប្រឹងប្រែងរៀនសូត្ររបស់ពួកគេជាច្រើនឆ្នាំមកនេះ។
ក្នុងឱកាសនេះ តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណដល់គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ មាតាបិតា សិស្សានុសិស្ស និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការជំរុញឱ្យវិទ្យាល័យ ហ៊ុន សែន កងតាណឹង បានកែប្រែមុខមាត់ថ្មី រហូតក្លាយជាសាលារៀនគំរូ និងមានកិត្តិនាមល្អដូចបច្ចុប្បន្ន ដោយគូសបញ្ជាក់ថា វឌ្ឍនភាពនេះកើតឡើងបានតាមរយៈការវិនិយោគត្រឹមត្រូវទៅលើការកែលម្អសាលារៀន ការអនុវត្តនូវប្រព័ន្ធគោលនយោបាយអប់រំប្រកបដោយប្រសិទ្ធភាព និងការយកចិត្តទុកដាក់គាំទ្រពីសំណាក់សាលារៀន សហគមន៍ មាតាបិតា អាណាព្យាបាល និងសិស្សានុសិស្សផ្ទាល់៕



ប្រភព៖ ក្រសួងព័ត៌មាន