ឱកាសការងារជាង ៣ពាន់កន្លែង រង់ចាំយុវជននៅក្នុងវេទិកាការងារ និងឱកាសកម្មសិក្សាការងារ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ ស្អែកនេះក្រុមហ៊ុនធំៗចំនួន១២ នឹងមកចូលរួមដើម្បីផ្តល់ ឱកាសការងារជាង ៣ ០០០ កន្លែងដល់យុវជននៅក្នុងវេទិកាការងារ និងឱកាសកម្មសិក្សាការងារដែលរៀបចំឡើងដោយ ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា។
យោងតាមទីភ្នាក់ងារជាតិមុខរបរ និងការងារបានឲ្យដឹងថា វេទិកាការងារនេះរៀបចំឡើងនៅក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ចនាទីក្រុងភ្នំពេញចាប់ពីម៉ោង ៨:០០ព្រឹក រហូតដល់ម៉ោង ៤:០០ ល្ងាចដែ លនៅទីនោះ តំណាងក្រុមហ៊ុននឹងធ្វើកិច្ចសម្ភាសន៍ការងារជាមួយយុវជនដែលមាន CVនៅនឹងដៃ ភ្លាមៗហើយទទួលយកចូលបំពេញកម្មសិក្សាការងារ ឬទទួលយកឲ្យចូលបំពេញការងារភ្លាមៗដែរ។
សូមបញ្ជាក់ថាវេទិកាការងារ និងឱកាសកម្មសិក្សាការងារ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅកម្ពុជា ដែលត្រូវបានបង្កើត និងរៀបចំឡើងជាប្រចាំដោយ ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងដៃគូពាក់ព័ន្ធ ដែលមានគោលបំណងផ្សារភ្ជាប់ផ្ទាល់រវាងក្រុមហ៊ុន សហគ្រាសទៅនឹងអ្នកស្វែងរកការងារធ្វើ។ វេទិកានេះបានក្លាយជាយន្តការគាំទ្រដ៏មានឥទ្ធិពលមួយសម្រាប់យុវជនកម្ពុជា ក្នុងការទទួលបានការងារដំបូង និងពង្រឹងសមត្ថភាពមុននឹងឈានចូលទីផ្សារការងារពេញលេញ។
សូមរម្លឹកថា ពិព័រណ៍ការងារ និងផលិតភាពជាតិប្រចាំឆ្នាំកាលពីឆ្នាំ២០២៥ ដែលបានរៀបចំឡើងដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ បានផ្ដល់ឱកាសការងារ និងកម្មសិក្សាការងារដល់យុវជនសរុប ជាង ៣ម៉ឺនកន្លែង ពីក្រុមហ៊ុន និងសហគ្រាសធំៗចំនួន ១៥០៕

ប្រភព៖ ក្រសួងព័ត៌មាន