Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងកសិកម្ម សម្របសម្រួលការចុះកិច្ចសន្យាផ្គត់ផ្គង់ស្រូវទំហំជិត ១០លានដុល្លារអាមេរិក រវាងសហគមន៍កសិកម្មទំនើបនៅខេត្តបាត់ដំបង និងក្រុមហ៊ុន អេមរុ រាយស៍ (កម្ពុជា) (Amru Rice Cambodia)

    BY Liny Chan June 12, 2026
    ក្រសួងកសិកម្ម សម្របសម្រួលការចុះកិច្ចសន្យាផ្គត់ផ្គង់ស្រូវទំហំជិត ១០លានដុល្លារអាមេរិក រវាងសហគមន៍កសិកម្មទំនើបនៅខេត្តបាត់ដំបង និងក្រុមហ៊ុន អេមរុ រាយស៍ (កម្ពុជា) (Amru Rice Cambodia)

    កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះកិច្ចសន្យាផលិតកសិកម្មចំនួន ៦ ទំហំជិត ១០លានដុល្លារអាមេរិក រវាងក្រុមហ៊ុន អេមរុ រាយស៍ (កម្ពុជា) (Amru Rice Cambodia) និងសហគមន៍កសិកម្មទំនើប សហគមន៍កសិកម្ម និងសហភាពសហគមន៍កសិកម្មនៅខេត្តបាត់ដំបង។

    យោងតាមការផ្សាយក្នុងបណ្តាញសង្កមការងារផ្លូវការរបស់ក្រសួងកសិកម្ម បានឲ្យដឹងនាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦នេះថា នេះគឺជាជំហានថ្មីមួយទៀត ក្រោមការគាំទ្រនិងសម្របសម្រួលយ៉ាងជិតស្និទ្ធពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជូនដល់សហគមន៍កសិកម្មទំនើប សហគមន៍កសិកម្ម និងសហភាពសហគមន៍កសិកម្ម ដែលបានចុះកិច្ចសន្យារួមគ្នា ដើម្បីធានាស្ថិរភាពទីផ្សារជូនដល់បងប្អូនកសិករជាសមាជិក ជាពិសេសក្នុងបរិបទដែលមានភាពមិនច្បាស់លាស់ និងហានិភ័យនៃការប្រែប្រួលតម្លៃស្រូវនៅលើទីផ្សារ។

    កិច្ចសន្យាផលិត និងផ្គត់ផ្គង់ស្រូវពូជ និងស្រូវចំណីស្តង់ដាសុវត្ថិភាព (SRP) ទាំង៦នេះ រួមមាន ៤កិច្ចសន្យាសម្រាប់ស្រូវចំណី ២កិច្ចសន្យាសម្រាប់ស្រូវពូជ ដែលជាកិច្ចសន្យាមានសុពលភាពរយៈពេលពេញមួយឆ្នាំ ឬពីររដូវកាលដាំដុះ។

    ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមសម្តែងការអបអរសាទរយ៉ាងក្រៃលែងចំពោះបងប្អូនកសិករជាសមាជិកសហគមន៍ទាំងអស់ និងសូមកោតសរសើរដល់ដៃគូវិស័យឯកជន ដែលបានចូលរួមសហការគាំទ្រ និងជួយពង្រឹងខ្សែច្រវាក់តម្លៃកសិកម្មកម្ពុជាឱ្យកាន់តែមានភាពរឹងមាំ និងប្រកបដោយនិរន្តរភាព៕

    Share This Post: