រាជរដ្ឋាភិបាលកម្ពុជា និងទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង (AUF) ចុះហត្ថលេខាលើពិធីសារបន្ថែម ដើម្បីបង្កើតការិយាល័យតំបន់ AUF-អាស៊ីប៉ាស៊ីហ្វិក
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង (AUF) និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាលើពិធីសារបន្ថែមនៃកិច្ចព្រមព្រៀងទីស្នាក់ការដែលមានស្រាប់ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដោយបញ្ជាក់បន្ថែមពីការអនុញ្ញាតឱ្យទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង (AUF) បន្តបំពេញបេសកកម្ម និងអនុវត្តសកម្មភាពរបស់ខ្លួននៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមប្រភពព័ត៌មានក្រសួងអប់រំ ផ្សាយចេញនាព្រឹក៣ ខែកក្កដា ឆ្នាំ២០២៦នេះ។
មានវត្តមាននៅរាជធានីភ្នំពេញតាំងពីឆ្នាំ១៩៩៤ តាមរយៈការិយាល័យជាតិរបស់ខ្លួន ទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង (AUF) បានពង្រីកវត្តមានរបស់ខ្លួនបន្ថែមទៀតតាមរយៈពិធីសារបន្ថែមនេះ ដោយនឹងបង្កើតការិយាល័យតំបន់ AUF-អាស៊ីប៉ាស៊ីហ្វិក នៅរាជធានីភ្នំពេញ។ ក្នុងការរៀបចំដើម្បីត្រៀមទុកនេះ ទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង (AUF) បានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងអប់រំ យុវជន និងកីឡានៃព្រះរាជាណាចក្រកម្ពុជា ក្នុងការរៀបចំទីស្នាក់ការប្រចាំតំបន់របស់ខ្លួននៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដើម្បីគាំទ្រដល់ការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកឧត្តមសិក្សា ការស្រាវជ្រាវ និងនវានុវត្តន៍នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។
កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាដោយលោកសាស្ត្រាចារ្យ Slim Khalbous សាកលវិទ្យាធិការនៃ AUF និងឯកឧត្តម ស៊ុន សុវណ្ណា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា។
ការចុះហត្ថលេខាលើពិធីសារបន្ថែមនេះ គឺជាផ្នែកមួយដែលឆ្លុះបញ្ចាំងពីការជឿទុកចិត្តរបស់ AUF និងសហគមន៍ហ្វ្រង់កូហ្វូនចំពោះព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានបញ្ជាក់ពីតួនាទីឈានមុខរបស់កម្ពុជាក្នុងការលើកកម្ពស់ និងពង្រីកឥទ្ធិពលនៃសហគមន៍ហ្វ្រង់កូហ្វូនផ្នែកឧត្តមសិក្សា វិទ្យាសាស្ត្រ និងការស្រាវជ្រាវ នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក៕



ប្រភព៖ ក្រសួងព័ត៌មាន