Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងសុខាភិបាល និងមូលនិធិ GX Foundation ប្តេជ្ញារួមគ្នាពង្រីកវិសាលភាពគម្រោងមនុស្សធម៌ ទៅកាន់ខេត្តគោលដៅថ្មីចំនួន២

    BY Nisaiy KP July 5, 2026
    ក្រសួងសុខាភិបាល និងមូលនិធិ GX Foundation ប្តេជ្ញារួមគ្នាពង្រីកវិសាលភាពគម្រោងមនុស្សធម៌ ទៅកាន់ខេត្តគោលដៅថ្មីចំនួន២

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅថ្ងៃសុក្រ ទី៣ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានជួបពិភាក្សាការងារ និងចូលរួមជាសាក្សី ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការពង្រីកវិសាលភាពការងារ ទៅកាន់គោលដៅថ្មី ជាមួយ ឯកឧត្តម LEUNG Chun Ying ប្រធានមូលនិធិ GX Foundation និងជាអនុប្រធានគណៈកម្មាធិការជាតិ នៃសន្និសីទប្រឹក្សានយោបាយប្រជាជនចិន។

    ប្រភពព័ត៌មានពីក្រសួងសុខាភិបាល បានឱ្យដឹងថា ក្នុងជំនួបនោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសមិទ្ធផលដ៏ធំធេងដែលមូលនិធិសម្រេចបាន រួមមាន ៖

    -កម្មវិធីភ្នែកឡើងបាយ នៅខេត្តព្រៃវែង និងខេត្តកំពង់ស្ពឺ ដោយជោគជ័យ ដោយវះកាត់ជូនប្រជាពលរដ្ឋបានសរុប ៦,៦៧៣ ភ្នែក ប្រកបដោយសុវត្ថិភាពខ្ពស់ ។

    -គម្រោងបង្ការជំងឺគ្រុនឈាម៖ បានផ្តល់ឧបករណ៍តេស្តរហ័ស (RDTs) ១៣,៨០០ឈុត, ចង្កៀងសម្លាប់មូស, មុងជ្រលក់ថ្នាំ និងសម្ភារអប់រំ គ្របដណ្តប់មូលដ្ឋានសុខាភិបាលទាំង ៦៤ កន្លែងក្នុងខេត្តកំពង់ស្ពឺ។ ព្រមទាំងបានដាក់ពង្រាយឧបករណ៍បង្ការនៅតាមហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រជាតិ រួមមាន ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ, ការដ្ឋានព្រែកជីកហ្វូណនតេជោ, និងអាកាសយានដ្ឋានអន្តរជាតិតេជោ ។

    តាមរយៈកិច្ចព្រមព្រៀងថ្មីនេះ ក្រសួងសុខាភិបាល និងមូលនិធិ GX Foundation បានប្តេជ្ញារួមគ្នាពង្រីកវិសាលភាពគម្រោងមនុស្សធម៌នេះទៅកាន់ខេត្តគោលដៅថ្មី (ខេត្តកំពត ឬខេត្តកំពង់ធំ) ដោយផ្តោតលើការឆ្លើយតបនឹងជំងឺគ្រុនឈាម, ការបណ្តុះបណ្តាលបច្ចេកទេសបុគ្គលិកសុខាភិបាល, និងការផ្តល់នវានុវត្តន៍វេជ្ជសាស្ត្រថ្មីៗ ដើម្បីរួមចំណែកឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល (UHC) នៅកម្ពុជា៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: