Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្តម វ៉ាង វិនពីន៖ ចំណងមិត្តភាពដែកថែបរវាងប្រទេសចិននិងកម្ពុជា ជាគំរូនៃការគោរពគ្នាទៅវិញទៅមក និងសមភាពគ្នាទៅវិញទៅមក រវាងប្រទេសនិងប្រទេស

    BY Nisaiy KP July 5, 2026
    ឯកឧត្តម វ៉ាង វិនពីន៖ ចំណងមិត្តភាពដែកថែបរវាងប្រទេសចិននិងកម្ពុជា ជាគំរូនៃការគោរពគ្នាទៅវិញទៅមក និងសមភាពគ្នាទៅវិញទៅមក រវាងប្រទេសនិងប្រទេស

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម វ៉ាង វិនពីន (WANG Wenbin) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា បានលើកឡើងថា ប្រទេសទាំងឡាយមិនមានការបែងចែកថាធំឬតូច មានឬក្រ ខ្លាំងឬខ្សោយ គឺសុទ្ធតែមានភាពស្មើគ្នា។ នេះមិនត្រឹមតែបានឆ្លុះបញ្ចាំងតែលើទីលានបាល់ទាត់ប៉ុណ្ណោះទេ ប៉ុន្តែក៏គួរតែត្រូវឆ្លុះបញ្ចាំងនៅក្នុងគ្រប់ទិដ្ឋភាពនៃទំនាក់ទំនងអន្តរជាតិផងដែរ។

    តាមរយៈការចែករំលែកសារ ពាក់ព័ន្ធនឹងការចង្អុលបង្ហាញពីការវិវត្តនៃ «ភូមិសាស្ត្របាល់ទាត់» ដែលកំពុងផ្លាស់ប្តូរទស្សនទានពិភពលោក របស់សម្តេចតេជោ ហ៊ុន សែន នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកអគ្គរដ្ឋទូត ខាងលើ បានរំលេចថា ចំណងមិត្តភាពដែកថែបរវាងប្រទេសចិននិងកម្ពុជា គឺជាគំរូនៃការគោរពគ្នាទៅវិញទៅមក និងសមភាពគ្នាទៅវិញទៅមករវាងប្រទេសនិងប្រទេស។

    គួរជម្រាបជូនថា នាពេលថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពីទស្សនៈគួរឱ្យចាប់អារម្មណ៍មួយពាក់ព័ន្ធនឹងការវិវត្តនៃកីឡាបាល់ទាត់ពិភពលោក ឆ្នាំ២០២៦ ដោយបានបង្កើតជាគំនិតថ្មីមួយហៅថា «ភូមិសាស្ត្របាល់ទាត់» ដែលខុសប្លែកទាំងស្រុងពី «ភូមិសាស្ត្រនយោបាយ» នៅលើឆាកអន្តរជាតិ។

    តាមរយៈបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦ សម្តេចតេជោ បានកត់សម្គាល់ឃើញថា បាល់ទាត់គឺជាវិស័យតែមួយគត់ដែលមានស្តង់ដារអន្តរជាតិពិតប្រាកដ។ ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ២០២៦ នេះ សម្តេចសង្កេតឃើញថា «ភូមិសាស្ត្របាល់ទាត់» កំពុងមានការប្រែប្រួលយ៉ាងខ្លាំង ដោយសារតែមានវត្តមាននៃក្រុមបាល់ទាត់មកពីប្រទេសដែលមានប្រជាជនតិច និងប្រទេសកំពុងអភិវឌ្ឍន៍ កាន់តែច្រើនឡើង។

    សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ «វត្តមានកាន់តែច្រើននៃប្រទេសក្រីក្រ និងចំនួនប្រជាជនតិច បានបង្ហាញថាបាល់ទាត់មិនរើសអើងប្រទេសមាន ឬក្រ ប្រទេសមានប្រជាជនច្រើន ឬតិចនោះទេ។ នេះគឺជាភូមិសាស្ត្របាល់ទាត់ ដែលវាខុសគ្នាទាំងស្រុងជាមួយភូមិសាស្ត្រនយោបាយ ដែលពិភពលោកកំពុងជ្រួលច្របល់បាត់សណ្តាប់ធ្នាប់»។

    សម្តេចបានសង្កេតឃើញថា ក្រុមបាល់ទាត់មកពីប្រទេសក្រីក្រ បានបង្ហាញសមត្ថភាពដ៏អស្ចារ្យ ដោយបានផ្តួលក្រុមខ្លាំងៗពីប្រទេសអ្នកមានឱ្យធ្លាក់ចេញពីការប្រកួតជាបន្តបន្ទាប់ ចាប់តាំងពីវគ្គសន្សំពិន្ទុ រហូតដល់វគ្គ ៣២ ក្រុមចុងក្រោយ។ ក្នុងករណីខ្លះ ទោះបីជាមិនអាចយកឈ្នះបានក៏ដោយ ក៏ក្រុមទាំងនោះបានធ្វើឱ្យក្រុមប្រទេសមហាអំណាចមានការព្រួយបារម្ភយ៉ាងខ្លាំងនៅពេលដែលបាល់ទាត់បញ្ចូលទីឡើងប៉ោងសំណាញ់។

    ផ្អែកលើការវិវត្តនេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវសុទិដ្ឋិនិយមថា នៅថ្ងៃណាមួយ ប្រទេសដែលកំពុងអភិវឌ្ឍ ឬមានប្រជាជនតិច នឹងអាចលើកពានរង្វាន់បាល់ទាត់ពិភពលោកបានជាក់ជាមិនខាន។

    សម្តេចតេជោ បានបញ្ជាក់បន្ថែមថា៖ «ខ្ញុំមិនដឹងថាលើពិភពលោកនេះមានអ្នកធ្លាប់ប្រើពាក្យ (ភូមិសាស្ត្របាល់ទាត់) ហើយឬនៅទេ ប៉ុន្តែសម្រាប់ខ្ញុំ ឱកាសត្បូង ត្បូង បាននិងកំពុងមកដល់ហើយសម្រាប់ប្រទេសកំពុងអភិវឌ្ឍទាំងអស់»។

    ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន មិនត្រឹមតែជាការកោតសរសើរចំពោះសមិទ្ធផលកីឡាបាល់ទាត់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសារដាស់តឿនឱ្យពិភពលោកមើលឃើញពីសមភាព និងឱកាសដែលកើតមានឡើងតាមរយៈកីឡា ដែលជាស្ពានភ្ជាប់ទំនាក់ទំនងដោយគ្មានការរើសអើង៕

    Screenshot

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: