សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់ប្រជាពលរដ្ឋ ដែលអត់ដីពិតប្រាកដ អាចចុះឈ្មោះជាមួយអជ្ញាធរមូលដ្ឋាន ដោយចៀសវាងការកាប់ទន្ទ្រានដីព្រៃ ដែលជាទ្រព្យសម្បត្តិរបស់រដ្ឋ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈបណ្តាញទំនាក់ទំនងសង្កមការងារផ្លូវការនាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦នេះ បានណែនាំដល់ប្រជាពលរដ្ឋដែលអត់ដីពិតប្រាកដ អាចចុះឈ្មោះជាមួយអជ្ញាធរមូលដ្ឋាន ដោយចៀសវាងការកាប់ទន្ទ្រានដីព្រៃ ដែលជាទ្រព្យសម្បត្តិរបស់រដ្ឋ។
សម្តេចបានបន្តថា រាជរដ្ឋាភិបាលមានកម្មវិធីសម្រាប់ផ្តល់ដីជូនប្រជាពលរដ្ឋ ដែលអត់មានដីពិតប្រាកដ ដូចជាកម្មវិធី LASED, កម្មវិធីផ្តល់ដីសង្គមកិច្ចជូនអតីតយុទ្ធជន, កម្មវិធីផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព ។ល។ ដែលបានផ្តល់ដីជូនប្រជាពលរដ្ឋរាប់ពាន់គ្រួសារកន្លងមកហើយ។
គួរជម្រាបជូនថា រាជរដ្ឋាភិបាល បានបង្កើតកម្មវិធីផ្តល់ដីសម្បទានសង្គមកិច្ចមួយ ដែលមានឈ្មោះ ថា«កម្មវិធីផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នា អភិវឌ្ឍន៍ដោយចីរភាព»។ គោលដៅនៃកម្មវិធីនេះ គឺដើម្បីដោះស្រាយនូវតម្រូវការពលរដ្ឋដែលខ្វះខាតដីពិតប្រាកដ និងផ្តល់ឱកាសឱ្យពួកគេបានចូលរួមការពារដីរដ្ឋ និងព្រៃឈើ
ការរៀបចំកម្មវិធីនេះ នឹងផ្តោតឆ្ពោះទៅតំបន់ភាគឦសាននិងតំបន់មួយចំនួនទៀត ដែលមានការជាបាច់ ក្នុងការការពារធនធានធម្មជាតិ និងការអភិវឌ្ឍន។ ដើម្បីបង្កើនប្រសិទ្ធភាព និងសំទុះ នៅក្នុងការកិច្ចការងារយន្តការថ្នាក់ជាតិ ដែលនាយករដ្ឋមន្ត្រីគឺជាប្រធាន និងយន្តការថ្នាក់លេខាធិការដ្ឋាន នឹងត្រូវបង្កើតឡើង ដើម្បីធានាភាពត្រឹមត្រូវ និងសុក្រឹតភាព នៃកម្មវិធីផ្តល់ដីសម្បទានសង្គមកិច្ចថ្មីនេះ៕

ប្រភព៖ ក្រសួងព័ត៌មាន