Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងវប្បធម៌ ណែនាំអ្នកប្រើប្រាស់បណ្តាញសង្គម ការពារវប្បធម៌ និងតម្លៃស្ត្រី

    BY Liny Chan August 17, 2026
    ក្រសួងវប្បធម៌ ណែនាំអ្នកប្រើប្រាស់បណ្តាញសង្គម ការពារវប្បធម៌ និងតម្លៃស្ត្រី

    ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានណែនាំអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ ឱ្យចូលរួមការពារវប្បធម៌ ប្រពៃណីជាតិ ពង្រឹងសីលធម៌សង្គមដ៏ល្អរបស់ខ្មែរ និងការពារតម្លៃស្ត្រី។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ បានឱ្យដឹងថា ក្រសួងវប្បធម៌បានរំឭកដល់សាធារណជនទូទៅ ជាពិសេសសិល្បករ សិល្បការិនី និងអ្នកប្រកបអាជីពក្នុងវិស័យសិល្បៈ និងវប្បធម៌ទាំងអស់ អំពីភាពចាំបាច់នៃការចូលរួមថែរក្សាវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ដ៏ផូរផង់របស់ខ្មែរ និងការការពារតម្លៃស្ត្រីក្នុងសង្គម។

    ក្រសួងវប្បធម៌បានបន្តថា ទោះបីសកម្មភាពមួយភាគធំតាមបណ្តាញសង្គម បានបង្ហាញនូវភាពចាស់ទុំ ប្រកបដោយគោលដៅផ្តល់ព័ត៌មាន ផ្សព្វផ្សាយ អប់រំ ផ្តល់ចំណេះដឹង និងបានចូលរួមយ៉ាងសកម្មក្នុងកិច្ចការពារតម្លៃមរតកដូនតាខ្មែរទាំងរូបី និងអរូបីក៏ដោយ ប៉ុន្តែនៅតែសង្កេតឃើញមានអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន បង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់តម្លៃវប្បធម៌ សង្គម និងតម្លៃស្ត្រីខ្មែរ។

    ក្រសួងវប្បធម៌គូសបញ្ជាក់ថា ក្នុងន័យពង្រឹង និងតម្រង់ទិសអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ ជាពិសេសតួនាទីដ៏សំខាន់របស់សិល្បករ សិល្បការិនី និងអ្នកប្រកបអាជីពក្នុងវិស័យសិល្បៈ និងវប្បធម៌ ក្នុងការចូលរួមការពារវប្បធម៌ ប្រពៃណីជាតិ ពង្រឹងសីលធម៌សង្គមដ៏ល្អរបស់ខ្មែរ និងការពារតម្លៃស្ត្រី អ្នកពាក់ព័ន្ធក្នុងវិស័យសិល្បៈ និងសាធារណជនទូទៅទាំងអស់ ត្រូវបន្តមានស្មារតីទទួលខុសត្រូវខ្ពស់ចំពោះការប្រើប្រាស់បណ្តាញសង្គម ដោយមិនត្រូវបង្កផលប៉ះពាល់ដល់តម្លៃសង្គម តម្លៃវប្បធម៌ ប្រពៃណី និងតម្លៃស្ត្រី ដើម្បីរួមចំណែកថែរក្សាតម្លៃដ៏ល្អរបស់ជាតិខ្មែរទាំងមូល៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: