វត្តមានសែលកាតនៅក្នុងកម្មវិធីសន្និសិទអ្នកអភិវឌ្ឍន៍កម្មវិធី និងពិព័រណ៍បច្ចេកវិទ្យា CODE-C
ភ្នំពេញ – ថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០២២៖ នៅក្នុងកម្មវិធីសន្និសិទអ្នកអភិវឌ្ឍន៍កម្មវិធី និងពិព័រណ៍បច្ចេកវិទ្យាដំបូងគេនៅកម្ពុជាហៅកាត់ថា CODE-C ដែលបានធ្វើឡើងកាលពីចុងសប្តាហ៍មុន គឺមានចំនួនអ្នកចូលរួមរហូតដល់ទៅរាប់ពាន់នាក់ លើសពីការរំពឹងទុក ដែលរួមមានអ្នកជំនាញនៅក្នុងឧស្សាហកម្មជាច្រើន និងរួមបញ្ចូលកម្មវិធីដែលមានការចូលរួមយ៉ាងច្រើននៅក្នុងរយៈពេលពីរថ្ងៃ។
កម្មវិធីនេះរៀបចំឡើងដោយ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) និងគាំទ្រដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ហើយភាពជោគជ័យនៃកម្មវិធីនេះគឺបានបង្ហាញពីការចាប់អារម្មណ៍កាន់តែខ្លាំង នៅក្នុងចំណោមយុវជនដែលឆ្ពោះទៅរកការយល់ដឹង និងការបន្តស្វែងរកបច្ចេកវិទ្យាឌីជីថល និងឱកាសដែលបានបង្ហាញសម្រាប់អនាគត។
សែលកាត ដែលជាអ្នកឧបត្ថម្ភធំនៃព្រឹត្តិការណ៍នេះ បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងរបស់ខ្លួន ខណៈពេលដែលមានការចូលរួមពីអ្នកជំនាញផ្នែកបច្ចេកវិទ្យា និងថ្នាក់គ្រប់គ្រងជាន់ខ្ពស់ បានឡើងវេទិកាដើម្បីចែករំលែកពីចក្ខុវិស័យរបស់ពួកគាត់សម្រាប់ឌីជីថលនៅប្រទេសកម្ពុជា ចែករំលែកការយល់ដឹងអំពីបច្ចេកវិទ្យាថ្មីៗ និងបង្ហាញការប្តេជ្ញាចិត្តឆ្ពោះទៅរកការផ្សព្វផ្សាយអក្ខរកម្មឌីជីថលក្នុងចំនោមយុវជនជំនាន់ក្រោយរបស់កម្ពុជា។

នៅថ្ងៃទីមួយនៃកម្មវិធីនេះ គឺមានការស្វាគមន៍ពីសំំណាក់លោក Yoshi Matsuoka ដែលជានាយកផ្នែកឌីជីថលរបស់សែលកាត និងលោក Dylan Quah ជាប្រធានផ្នែក PMO and Strategic Partnerships របស់ Cellcard ខណៈដែលពួកគាត់បានបង្ហាញពីសារៈសំខាន់នៃ Web 3.0។ វគ្គទាំងនេះបានបង្ហាញពីអត្ថប្រយោជន៍នៃការកាន់កាប់ទិន្នន័យនៅក្នុង Metaverse ការវិវត្តន៍នៃ Blockchain Non-Fungible Tokens (NFTs) និង cryptocurrencies ដូចជា Bitcoin និងឥទ្ធិពលរបស់វាចំពោះឧស្សាហកម្មទូរគមនាគមន៍ និងប្រព័ន្ធផ្សព្វផ្សាយនាពេលបច្ចុប្បន្ននេះ។
ក្នុងនោះដែរ លោក លឹម សុខសុផៃ ជានាយកផ្នែកព័ត៌មាន បានចែករំលែកពីរបៀបប្រើប្រាស់ទិន្នន័យនៅសែលកាតដើម្បីជួយពន្លឿនដល់អាជីវកម្ម យុទ្ធសាស្ត្រឌីជីថល និងការខិតខំប្រឹងប្រែងបន្តឆ្ពោះទៅរកការផ្លាស់ប្តូរឌីជីថល។ ប្រធានផ្នែកធុរកិច្ចអន្តរជាតិ និង ផលិតផល Postpaid របស់សែលកាត ក៏មានវត្តមាននៅក្នុងព្រឹត្តិការណ៍នេះផងដែរ ក្នុងនាមជាគណៈកម្មការម្នាក់នៅក្នុងកម្មវិធី Hackathon ។ កម្មវិធីនេះបានប្រគល់ភារកិច្ចឱ្យអ្នកច្នៃប្រឌិតវ័យក្មេងចំនួន 40 នាក់ដើម្បីបង្កើតដំណោះស្រាយ និងគំនិត IoT សម្រាប់អគារឆ្លាតវៃ ដែលក្នុងនោះក្រុមកុងតាក់ ទទួលបានជ័យលាភីទី១ សម្រាប់គម្រោង ប្រព័ន្ធប្តូរពន្លឺឆ្លាតវៃ សន្សំសំចៃថាមពល ដែលត្រូវបានដំណើរការដោយឧបករណ៍ចាប់សញ្ញា។ ក្រុមឈ្នះផ្សេងទៀតរួមមានក្រុម Build Smart Home System សម្រាប់ការគ្រប់គ្រងពីចម្ងាយ និងប្រព័ន្ធត្រួតពិនិត្យថាមពលសម្រាប់ឧបករណ៍អេឡិចត្រូនិកក្នុងផ្ទះ និងចុងក្រោយគឺក្រុម SwiftCrate សម្រាប់ប្រអប់សំបុត្រ IoT ដែលត្រូវបានបង្កើតឡើងដើម្បីផ្តល់នូវវិធីសុវត្ថិភាព និងងាយស្រួលក្នុងការទទួលបានកញ្ចប់ចែកចាយពីអ្នកលក់អនឡាញ។ ទឹកប្រាក់ចំនួន 1,400,000 រៀល ត្រូវបានផ្តល់ជូន រួមជាមួយនឹងគម្រោងទិន្នន័យរយៈពេល 1 ឆ្នាំពីសែលកាត។

នៅថ្ងៃទីពីរ ក៏មានការចូលរួមធ្វើបទបង្ហាញអំពីប្រធានផ្នែកទីផ្សាររបស់សែលកាត គឺលោក ផល ពិសិដ្ឋ ដែលលោកបានរៀបចំជាសិក្ខាសាលាមួយនិយាយអំពីប្រធានបទ កីឡាអេឡិចត្រូនិច(Esports) និងការប្រើយុទ្ធសាស្រ្តលើវិស័យលេងហ្គេមរបស់Cellcard ដោយរំលេចអំពីផលិតផលស្នូលកណ្តាលរបស់ក្រុមហ៊ុនទូរគមនាគមន៍មួយនេះគឺ Playgame Unlimited យុទ្ធសាស្រ្តទីផ្សារក្នុងការទំនាក់ទំនងជាមួយផ្នែកពិសេសនៅក្នុងទីផ្សារ ក៏ដូចជាណែនាំផលិតផលថ្មីរបស់Cellard គឺ Playgame Cloud ដែលជាវេទិកាលេងហ្គេមលើ cloud ដំបូងគេបង្អស់នៅកម្ពុជា។
វគ្គនេះក៏ត្រូវបានបន្តដោយការធ្វើបទបង្ហាញពីប្រធានគម្រោងជាន់ខ្ពស់របស់សែលកាត គឺលោកស្រី ស្តុក សំបូរ អំពីវិធីសាស្រ្តនៃការអភិវឌ្ឍន៍កម្មវិធីដោយប្រើគោលការណ៍ Agile និងការប្រើប្រាស់វិធីសាស្រ្ត Scrum សម្រាប់ក្រុមការងារ និងដៃគូរសហការ។

ព្រឹត្តិការណ៍នេះបញ្ចប់ទៅដោយការធ្វើបទបង្ហាញជាចុងក្រោយពីដៃគូសហការរបស់សែលកាតគឺ SabaiCode ដែលបង្ហាញអំពីគម្រោងសរសេរកូដរបស់សិស្សនិស្សិតអាហារូបករណ៏ក្នុងកម្មវិធី Cellcard X Sabaicode 2021 ដែលជាកម្មវិធីវគ្គសិក្សា Full Stack Developer Bootcamp រយៈពេល 12 ដែលឥឡូវនេះស្ថិតនៅក្នុងវគ្គម៉ូឌុលទី 3 ដែលផ្តោតទៅលើបច្ចេកវិទ្យា Express JS និង Database MongoDB ហើយត្រូវបានគេរំពឹងថានឹងបញ្ចប់ម៉ូឌុលទី 4 និងវគ្គចុងក្រោយនៅក្នុងខែកក្កដាឆ្នាំនេះ។
ឯកឧត្តមបណ្ឌិត សេង សុភាព ប្រធានបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាបានមានប្រសាសន៏ថា ពួកយើងពិតជារីករាយ យ៉ាង ខ្លាំង ចំពោះ ការ ចូលរួម និង ការ ឆ្លើយ តប ជា វិជ្ជមាន ចំពោះ ព្រឹត្តិការណ៍ នេះ។ ខ្ញុំអាចនិយាយបានថា វាបានលើសពីការរំពឹងទុករបស់យើង ហើយបញ្ជាក់ពីតម្រូវការសម្រាប់វេទិកាទាំងនេះ ដើម្បីប្រមូលផ្តុំឌីជីថលនីយកម្ម ក្នុងពេលជាមួយគ្នានេះដែរ វាក៏បង្ហាញយើងពីតម្លៃ និងលទ្ធផល ដែលយើងអាចធ្វើតាមរយៈវេទិកាទាំងនេះ ក្នុងការជំរុញចំណេះដឹងផ្នែកឌីជីថល សមត្ថភាព និងគំនិតច្នៃប្រឌិត ជាពិសេសក្នុងចំណោមយុវជនជំនាន់ក្រោយ ដែលកើតមកក្នុងជំនាន់ពិភពឌីជីថល ហើយត្រូវការជំនាញភាសានេះ ដើម្បីរស់នៅ និងភាពរីកចម្រើននាពេលអនាគត។

អ្នកជំនាញផ្សេងៗទៀតដែលចូលរួមក្នុងកម្មវិធី CODE-C រួមមាន៖ លោកបណ្ឌិត ព្រំ សោភា ជាស្ថាបនិក Elite Vigour លោក Thul Rithy ជាសហស្ថាបនិកក្រុមហ៊ុន SmallWorld Venture លោក Lee Zhu ជាតំណាងមកពីខាង Ecosystem Development, BNB Chain លោក Whiteney Hischier ដែលជាសាស្រ្តាចារ្យនៅសាកលវិទ្យាល័យកាលីហ្វ័រញ៉ ក៏ដូចជាលោក អ៊ូ ផាន់ណារិទ្ធ ជាប្រធាន នាយកដ្ធានសន្តិសុខបច្ចេកវិទ្យាគមនាគមន៏ និពត៍មាននៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា។









