Khmerpress

ស្វែងរក

បច្ចេកវិទ្យា

អស្ចារ្យមែន! កំពូលស្មាតហ្វូន OPPO Find X5 Pro ដែលបានអភិវឌ្ឍន៍យ៉ាងពេញលេញ និងល្បីរន្ទឺប្រចាំឆ្នាំ 2022

BY Liny Chan July 15, 2022
អស្ចារ្យមែន! កំពូលស្មាតហ្វូន OPPO Find X5 Pro ដែលបានអភិវឌ្ឍន៍យ៉ាងពេញលេញ និងល្បីរន្ទឺប្រចាំឆ្នាំ 2022

តើ OPPO Find Series ជាអ្វី? តើអ្នកចាប់ផ្តើមស្គាល់ Find Series នៅពេលណា? សម្រាប់ Find X Series វាជាទូរស័ព្ទកំពូលដែលល្អជាងគេរបស់ OPPO និងកើតចេញពីការស្វែងយល់នូវកង្វះខាតនៃទូរស័ព្ទកំពូលដទៃ ដែលគ្រប់ជំនាន់របស់ Find Series តែងតែនាំមកនូវបច្ចេកវិទ្យាឈានមុខគេជានិច្ច ហើយមនុស្សជាច្រើនគិតថាកំពូលស្មាតហ្វូននេះគឺផ្តោតតែលើកាមេរ៉ាមួយមុខគត់ ប៉ុន្តែគ្រប់យ៉ាងគឺមិនមែនបែបនេះឡើយ។

ជារៀងរាល់ឆ្នាំ OPPO តែងតែបញ្ចេញនូវកំពូលស្មាតហ្វូនត្រកូល Find X Series គ្រប់ជំនាន់ក្នុងការបោះជំហានកាន់តែជ្រៅទៅកាន់អនាគត ជាមួយការរចនាច្នៃប្រឌិតថ្មីៗ អេក្រង់ កាមេរ៉ា កម្លាំងម៉ាស៊ីនជាដើម។ ទីបំផុតថ្មីៗនេះ OPPO ប្រចាំប្រទេសកម្ពុជាបានប្រកាសដាក់បង្ហាញនូវតួឯកថ្មីចុងក្រោយបង្អស់គឺ OPPO Find X5 Pro 5G ញាត់ដោយបច្ចេកវិទ្យាខ្ពស់នៅខាងក្នុង និងដើរទន្ទឹមគ្នាជាមួយម៉ាកកាមេរ៉ាកំពូល Hasselblad ដើម្បីអភិវឌ្ឍសមត្ថភាពកាមេរ៉ាឲ្យស្ថិតក្នុងកម្រិតកំពូលដូចគ្នា ហើយថែមទាំងភ្ជាប់មកជាមួយប្រព័ន្ធដំណើរការ MariSilicon X NPU ដើម្បីនាំកាមេរ៉ាទៅកាន់កម្រិតបន្ទាប់ជួយបង្កើនការថតរូប និងវីដេអូក្នុងកម្រិត Ultra HD ឬ 4K ក្រៅពីនេះវាក៏មានលក្ខណៈពិសេសមួយទៀតគឺថាមពលថ្មកាន់បានយូរ ដែលភ្ជាប់មកជាមួយប្រព័ន្ធសាកថ្មល្បឿនលឿនបំផុត។

តោះ! ឥឡូវយើងមកជជែកគ្នានូវកំពូលស្មាតហ្វូន Find X5 Pro ពីចំណុចនីមួយៗឲ្យលម្អិតទាំងអស់ ៖

OPPO x Hasselblad កាមេរ៉ាអាជីពសម្រាប់ Find X5 Pro

OPPO Find X5 Pro បានសហការគ្នាជាមួយម៉ាកកាមេរ៉ា Hasselblad ដើម្បីបង្កើនសមត្ថភាពដ៏អស្ចារ្យក្នុងការគ្រប់គ្រងពណ៌ ដែលធ្វើឲ្យគ្រប់សន្លឹករូបភាពដែលថតចេញពី Find X5 Pro សុទ្ធតែសម្រេចបាននូវស្តង់ដារពណ៌ល្អបំផុតពីវិទ្យាសាស្ត្រពណ៌ដ៏ជំនាញរយៈពេល 80 ឆ្នាំរបស់ Hasselblad ដែលធ្វើឲ្យអ្នកប្រើប្រាស់កាន់តែមានអារម្មណ៍សម្បូរបែប និងអស្ចារ្យជាងមុនទ្វេដង ជាពិសេសកម្រិតរូបភាពបែបអាជីពយ៉ាងពិតប្រាកដមែន។

NPU ជំនួយកាមេរ៉ា MariSilicon X ផ្តល់សមត្ថភាពថតវីដេអូច្បាស់ក្នុងកម្រិត 4K នៅទីងងឹត

OPPO Find X5 Pro ជាស្មាតហ្វូនតែមួយគត់ និងដំបូងបង្អស់ ដែលបំពាក់បន្ទះឈីប MariSilicon X បង្កើតដោយផ្ទាល់ពី OPPO ពោរពេញដោយសមត្ថភាពខ្លាំងកម្រិតកំពូលដើម្បីជំនួយទៅលើប្រសិទ្ធភាពរួមមាន ការគណនាលើមុខងារថតរូប និងថតវិដេអូកាន់តែប្រសើរជាង NPU ដែលមានស្រាប់ក្នុងបន្ទះឈីប, ការប្រើប្រាស់ខ្នាតដំណើរការកម្រិតខ្ពស់ 6nm ប្រសិទ្ធភាពនៃការគណនាកាន់តែរហ័ស, សមត្ថភាពគណនា AI ខ្លាំងជាងកំពូលស្មាតហ្វូនដទៃ ជាពិសេសអភិវឌ្ឍន៍លើសមត្ថភាព 4K Ultra Night Video ឲ្យកាន់តែភ្លឺច្បាស់ជាងអ្វីដែលភ្នែកយើងអាចមើលឃើញនៅពេលយប់ ខណៈក្រុមហ៊ុនដទៃកំពុងបារម្ភអំពីការថតវីដេអូពេលយប់។

កម្លាំងម៉ាស៊ីនលើ Find X5 Pro

OPPO Find X5 Pro ទទួលអត្ថប្រយោជន៍ពីបន្ទះឈីប Qualcomm Snapdragon 8 Gen 1 ជំនាន់ចុងក្រោយ ដែលមានរ៉េមទំហំ 12GB ជាមួយនឹងអង្គផ្ទុកទំហំ 256GB អ្នកប្រើប្រាស់គ្មានការព្រួយបារម្ភពេលប្រើកម្មវិធិ និងលេងហ្គេមដោយរលូនទាន់ចិត្តគ្រប់វិនាទី ទាំងនេះពិតជាសរសើរទៅ OPPO ដែលបានអភិវឌ្ឍន៍ខ្លួន និងយកចិត្តទុកដាក់ខ្ពស់។

ថាមពលថ្ម 5000mAh + សាកថ្មលឿន 80W SuperVOOC + សាកថ្មឥតខ្សែ 50W AirVOOC

OPPO Find X5 Pro បំពាក់ថាមពលថ្ម 5000mAh ដែលអាចប្រើប្រាស់បានយូរពេញមួយថ្ងៃ ថែមទាំងបញ្ចូលថ្មបានយ៉ាងលឿនជាមួយបច្ចេកវិទ្យា 80W SuperVOOC ដែលអាចសាកថ្មចាប់ពី 0%-50% ក្នុងរយៈពេលត្រឹមតែ 12 នាទី។ ឯវដ្តជីវិតថ្មរបស់ Find X5 Pro ខ្ពស់ជាងមុន 2 ដងដែលមានដំបូងបង្អស់ក្នុងវិស័យស្មាតហ្វូន។ មិនតែប៉ុណ្ណោះក៏មានប្រព័ន្ធសាកថ្មឥតខ្សែ 50W AirVOOC ដែលសាកថ្មពី 0%-100% ក្នុងរយៈពេលត្រឹមតែ 47 នាទីប៉ុណ្ណោះ។

រចនាបថរូបរាងបែបអនាគតលើ Find X5 Pro

OPPO Find X5 Pro ជាកំពូលស្មាតហ្វូនដែលផ្តល់នូវអារម្មណ៍ល្អប្រណិត និងមានរចនាបថរូបរាងបែបអនាគត ដោយផ្នែកខាងក្រោយកោងរួមបញ្ចូលរវាងបណ្តុំកាមេរ៉ា និងស្រទាប់ផ្ទៃខាងក្រោយគ្មានស្នាមថ្នេរ និងតួខ្លួនរលើបរលោងចែងចាំងគ្មានចំណុចទើសអារម្មណ៍។

ទាំងនេះពិតជាស័ក្កិសមជាកំពូលស្មាតហ្វូនត្រកូល Find Series ពិតប្រាកដមែន! ចុះសម្រាប់តម្លៃ? នេះបើយោងតាមការបង្ហើបតម្លៃពីម្ចាស់ហាងលក់ទូរស័ព្ទមួយចំនួននៅក្នុងប្រទេសកម្ពុជាបានឲ្យដឹងថា ចំពោះតម្លៃរបស់កំពូលស្មាតហ្វូនស៊េរីថ្មី OPPO Find X5 Pro គឺមានតម្លៃ $1199 ៕

Share This Post: