សាលាមួយនៅឃុំសណ្តាន់ យកថ្លៃកាតសិស្សប្រលងបាក់ឌុប ២ម៉ឺនរៀល, ក្រសួងថា គ្មានគោលការណ៍បែបនេះឡើយ
(ភ្នំពេញ)៖ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា គ្មានគោលការណ៍ឱ្យសាលាយកថ្លៃកាតសិស្សសម្រាប់ចូលរួមប្រលងមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបនោះឡើយ។
ការបញ្ជាក់របស់លោក រស់ សុវាចា បានធ្វើឡើងបន្ទាប់ពីអាណាព្យាបាលសិស្ស ដែលត្រូវប្រលង បានរាយការណ៍ថា កូនរបស់គាត់ត្រូវបានសាលាទារថ្លៃកាត ចូលប្រលងបាក់ឌុបចំនួន ២ម៉ឺនរៀល។
អ្នកស្រី ផារី ជាអាណាព្យាបាលសិស្សរៀននៅវិទ្យាល័យក្នុងឃុំសណ្តាន់ ស្រុកសំបូរ ខេត្តក្រចេះ បានប្រាប់មក Fresh News ថា កូនរបស់អ្នកស្រីត្រូវបានសាលាទារថ្លៃកាតសម្រាប់ចូលរួមប្រលងបាក់ឌុបចំនួនពីរម៉ឺនរៀល។
ឆ្លើយតបនឹងបញ្ហានេះ លោក រស់ សុវាចា បានបញ្ជាក់ថា «ជាគោលការណ៍របស់ក្រសួងមានតែការបង់សិទ្ធិប្រលងដែលមានថវិកា ២,៧០០រៀល។ ថវិកាហ្នឹងជូនទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុតាមគោលការណ៍ដូចឆ្នាំកន្លងទៅ។ ករណីខាងលើនេះស្តាប់ទៅមិនប្រក្រតី»។
អ្នកស្រី ផារី បានឱ្យដឹងដែរថា សាលារបស់កូនអ្នកស្រី បានតម្រូវឱ្យអាណាព្យាបាលសិស្សបង់ក្នុងមួយខែចន្លោះពី ៥,០០០រៀល ទៅ៦,០០០រៀលថែមទៀតផង។ សាលាបានប្រាប់សិស្សថា ថវិកានោះយកទៅបង់ប្រាក់ខែជូនគ្រូបង្រៀន៕ ផ្តល់សិទ្ធិដោយ៖ freshnews
