ព័ត៌មានអន្តរជាតិ December 17, 2022

NATO៖ រុស្ស៊ីតៀមខ្លួនរួចរាល់ហើយសម្រាប់ការធ្វើសង្គ្រាមរយៈពេលវែងនៅអ៊ុយក្រែ​ន ដូចនេះពិភពលោកត្រូវបន្តជួយអ៊ុយក្រែនរហូតដល់ពេលដែលលោក ពូទីន អស់ចិត្តថាគាត់មិនអាចយកឈ្នះលើសង្គ្រាមនេះបានទេ

Khmerpress

បែលហ្សិក៖ អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ឬហៅកាត់ថា NATO (The North Atlantic Treaty Organization) បានអះអាងថា លោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន បានត្រៀមខ្លួនរួចរាល់ហើយក្នុងការធ្វើសង្គ្រាមរយៈពេលវែងនៅក្នុងប្រទេសអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃសៅរ៍ ទី១៧ ខែធ្នូនេះ។ ការអះអាងនេះត្រូវបានធ្វើឡើងដោយលោក Jens Stoltenberg ដែលជានាយកប្រតិបត្តិនៃអង្គការ NATO ខណៈដែលរូបបានធ្វើកិច្ចសម្ភាសន៍មួយជាមួយនឹងការសែត AFP កាលពីថ្ងៃសុក្រម្សិលមិញនេះ។

លោក Jens Stoltenberg នាយកប្រតិបត្តិនៃអង្គការ NATO

នៅក្នុងកិច្ចសម្ភាសន៍ពិសេសនោះ លោក Jens Stoltenberg បានពន្យល់ថា គិតត្រឹមពេលនេះគេនៅមិនទាន់បានមើលឃើញពីសញ្ញា ឬតម្រុយណាមួយអាច​បង្ហាញពីការបិទបញ្ចប់សង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែននោះទេ បើទោះជាសង្គ្រាមបានអូសបន្លាយជិតដល់រយៈពេលជិត ១០ខែហើយក៏ដោយ។ ទន្ទឹមគ្នានេះគេបានមើលឃើញទៀតថា​ ភាគីខាងរុស្ស៊ីហាក់មិនបន្ថយការវាយប្រហារទាល់តែសោះ ខណៈរុស្ស៊ីនៅតែអាចបង្ហាញសមត្ថភាពក្នុងការបន្តធ្វើសង្គ្រាមក្នុងរយៈពេលយូរអង្វែងទៀតផង។ នាយកប្រតិបត្តិអង្គការ NATO រូបនេះបានបន្តទៀតថា នៅចំពោះមុនស្ថានៅភាពបែបននេះប្រទេសដែលជាអ្នកគាំទ្រ NATO ទាំងអស់ត្រូវជួយផ្តល់អាវុធនិងជំនួយទៅកាន់ប្រទេសអ៊ុយក្រែនបន្ថែមទៀត និងបន្តជួយផ្តល់រហូតដល់លោក  វ៉្លាឌីមៀ ពូទីន អស់ចិត្តថា រុស្ស៊ីមិនអាចយកឈ្នះលើសង្គ្រាមនេះបានទេ ហើយមានតែការចរចារប៉ុណ្ណោះទើបអាចបិទបញ្ចប់សង្គ្រាមបាន៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត