អាមេរិកព្រមានថា តួលេខជាក់ស្តែងនៃអ្នកជំងឺកូវីដ-១៩ នៅក្នុងប្រទេសចិនអាចជាក្តីកង្វល់ធំមួយសម្រាប់ពិភពលោកទាំងមូល
អាមេរិក៖ សហរដ្ឋអាមេរិកបានព្រមានថា តួលេខជាក់ស្តែងនៃអ្នកឆ្លងជំងឺកូវីដ-១៩នៅក្នុងប្រទេសចិនអាចជាក្តីកង្វល់ថ្មីមួយសម្រាប់ពិភពលោក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី២០ ខែធ្នូនេះ។ សេចក្តីព្រមានខាងលើនេះត្រូវបានធ្វើឡើងដោយលោក Ned Price ដែលជាអ្នកនាំពាក្យឲ្យរដ្ឋាភិបាលអាមេរិក និងបានធ្វើឡើងនៅក្នុងឱកាសដែលរូបលោកបានធ្វើសន្និសិទ្ធសារព័ត៌មានផ្លូវការមួយនៅក្នុងទីក្រុងវ៉ាស៊ីនតោន។
លោក Ned Price អ្នកនាំពាក្យរដ្ឋាភិបាលអាមេរិក
បើតាមលោក Ned Price បានលើកឡើងថា នាពេលកន្លងមកចិនមិនបានបង្ហាញតួលេខអ្នកស្លាប់ និងអ្នកឆ្លងជំងឺកូវីដ-១៩ឲ្យបានត្រឹមត្រូវនោះទេ ហើយការលាក់បាំងនូវព័ត៌មានដ៏សំខាន់នេះអាចធ្វើឲ្យពិភពលោកវាយតម្លៃខុសទៅលើ GDP និងសេដ្ឋកិច្ចជាតិចិន ដ្បិតកត្តានេះបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់វិស័យពាណិជ្ជកម្មនិងការដឹកជញ្ជូនជាសាកលផងដែរ។ គួរបញ្ជាក់ជូនថា គិតត្រឹមពេលនេះអាជ្ញាធរសុខាភិបាលចិនបានប្រកាសថា ទើបបានរកឃើញអ្នកស្លាប់ដោយជំងឺកូវីដ-១៩ ត្រឹមចំនួន ៥,២៣៧នាក់ប៉ុណ្ណោះ ក្នុងចំណោមពលរដ្ឋជាង ១,៤ពាន់លាននាក់ ខណៈដែលពលរដ្ឋចិនភាគច្រើនមិនបានទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ឲ្យបានគ្រប់ចំនួនតាមការណែនាំរបស់អាជ្ញាធរនោះទេ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

