៨០ថ្ងៃ នៃការដាក់ឱ្យដំណើរការផ្លូវល្បឿនលឿន មានយានយន្តធ្វើចរាចរណ៍ជាង ៨៣ម៉ឺនគ្រឿង ខណៈយានយន្តដឹកទំនិញនៅមានចំនួនតិចនៅឡើយ
(ភ្នំពេញ)៖ រយៈពេល៨០ថ្ងៃ នៃការបើកឱ្យដំណើរការលើផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ មានយានយន្តបានធ្វើចរាចរណ៍ជាង ៨៣១,០០០គ្រឿង ដែលគិតជាមធ្យមមានយានយន្ត ធ្វើចរាចរណ៍ប្រមាណ១ម៉ឺនគ្រឿងក្នុងមួយថ្ងៃ។ នេះបើតាមការបញ្ជាក់របស់លោក ហ៊ាង សុទ្ធាយុត្តិ អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ នៃក្រសួងសាធារណការ និងដឹកជញ្ជូន។
គួរបញ្ជាក់ថា ផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ បានបើកឱ្យប្រជាពលរដ្ឋប្រើប្រាស់ដោយឥតគិតថ្លៃ ក្នុងរយៈពេលមួយខែ ដោយគិតចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ ដល់ថ្ងៃទី៣១ ខែតុលា និងបានសម្ពោធបើកឱ្យដំណើរជាផ្លូវការកាលពីថ្ងៃទី០៩ ខែវិច្ឆិកា ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក លី ខឺឈាង នាយករដ្ឋមន្រ្តីចិន។
លោក ហ៊ាង សុទ្ធាយុត្តិ បានឱ្យដឹងទៀតថា សម្រាប់ការធ្វើចររាចរណ៍ ដែលមានបរិមាណច្រើនជាងគេក្នុងរយៈពេល ៨០ថ្ងៃមកនេះ មាននៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២ ដែលស្ថិតនៅក្នុងពិធីបុណ្យអុំទូក ដែលមានចំនួនចរាចរណ៍រហូតដល់ ១ ៨០០០ចរាចរណ៍ក្នុងមួយថ្ងៃ និងនៅក្នុងខែធ្នូនេះ មានចរាចរណ៍ប្រមាណ ១ ៥០០០ ចរាចរណ៍ក្នុងមួយថ្ងៃ។
អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យារូបនេះ បានឱ្យដឹងទៀតថា ក្រោយក្រសួងបានសហការជាមួយក្រុមហ៊ុនផ្លូវល្បឿនលឿន ក្នុងការរៀបចំធ្វើស្វ័យប្រវត្តិកម្ម ក្នុងការរៀបចំការទូទាត់ប្រាក់ សម្រាប់ការធ្វើដំណើរលើផ្លូវល្បឿនលឿនដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជាការសង្គេតគឺមិនមានបញ្ហាកកស្ទះចរាចរណ៍លើផ្លូវល្បឿនលឿននេះនោះទេ ទោះបីមានយានយន្តច្រើនបានធ្វើចរាចរណ៍លើផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុនេះក៏ដោយ។
ជាមួយគ្នានោះលោក ហ៊ាង សុទ្ធាយុត្តិ ក៏បានគូសបញ្ជាក់ដែរថា សម្រាប់រយៈពេលចុងក្រោយនេះ សម្រាប់កំណើនយានយន្តដឹកទំនិញលើផ្លូវល្បឿនលឿន ក៏មានការកើនឡើងគួរឱ្យគត់សំគាល់ បើធៀបទៅនឹងការបើកដំណើរការដំបូង។ លោកអះអាងទៀតថា តែទោះជាយ៉ាងណាគឺនៅមានចំនួនតិចនៅឡើយ បើធៀបទៅនឹងការរំពឹងទុកមុនពេលបើកឱ្យដំណើរផ្លូវល្បឿនលឿននេះ។
លោក ហ៊ាង សុទ្ធាយុត្តិ ក៏បានបង្ហាញជំនឿចិត្តថា ជាមួយនឹងទំហំនៃការកើនឡើងនៃការធ្វើចររាចរណ៍លើផ្លូវល្បឿនលឿនរបស់រថយន្តដឹកទំនិញធន់ធំនេះ និងបន្តកាន់តែល្អប្រសើរថែមទៀត ដែលនឹងធ្វើឱ្យប្រសើរឡើងទាំងវិស័យឯកជន ម្ចាស់យានយន្ត និងវិស័យឯកជន ទទួលបានផលចំណេញ តាមរយៈការកាត់បន្ថយពេលវេលា ចំណេញថវិកា និងកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍លើដងផ្លូវផងដែរ។
សូមបញ្ជាក់ដែរថា ផ្លូវល្បឿនលឿន-ភ្នំពេញព្រះសីហនុ គឺជាផ្លូវល្បឿនលឿនទី១ និងជាផ្លូវរបៀងយុទ្ធសាស្ត្រសំខាន់បំផុតនៅកម្ពុជា ជួយកាត់បន្ថយពេលវេលាធ្វើដំណើរពីរាជធានីភ្នំពេញ ទៅផែសមុទ្រក្រុងព្រះសីហនុ ពីចំនួនប្រាំម៉ោងមកត្រឹមតែពីរម៉ោងប៉ុណ្ណោះ និងជួយកាត់បន្ថយតម្លៃភស្តុភារកម្មផងដែរ។ ផ្លូវល្បឿនលឿននេះសាងសង់ដោយក្រុមហ៊ុន PPSHV Expressway Co., Ltd និងក្រុមហ៊ុនបុត្រសម្ព័ន្ធនៃ ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) និងត្រួតពិនិត្យ បច្ចេកទេសដោយក្រុមហ៊ុន MINCONSULT SDN. BHD. ប្រើរយៈពេលសាងសង់ ៤៨ខែ ចំណាយថវិកាជិត ២ពាន់លានដុល្លារសហរដ្ឋអាមេរិក។
នៅលើផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ មានកន្លែងឈប់សម្រាក និងផ្តល់សេវាកម្មចំនួន៤ទីតាំង នៅតាមបណ្តោយផ្លូវ ដែលទីតាំងនីមួយៗមានចំណតយានយន្ត ស្ថានីយប្រេងឥន្ធនៈ បន្ទប់ទឹក អាហារដ្ឋាន និងកន្លែងផ្តល់សេវាកម្មផ្សេងៗ។ ទីតាំងទាំង៤ រួមមាន៖ ទីតាំងកំពង់ស្ពឺ (គ.ម 40), ទីតាំងកំពង់ស្ពឺខាងលិច (គ.ម 63), ទីតាំងកំពង់សិលា (គ.ម 109) និងទីតាំងព្រៃនប់ខាងលិច (គ.ម 156)។
ផ្លូវល្បឿនលឿននេះ ត្រូវបានបែងចែកជា៣គន្លងទៅ និង៣គន្លងមក ដែលក្នុងនោះរួមមាន៖
* គន្លងផ្លូវសម្រាប់ចរាចរណ៍ធម្មតា៖ អ្នកបើកបរយានយន្តគ្រប់ប្រភេទ ត្រូវបើកបរតាមគន្លងផ្លូវខាងស្ដាំនៃផ្លូវល្បឿនលឿនដែលជាគន្លងផ្លូវសម្រាប់ចរាចរណ៍ធម្មតា។
* គន្លងផ្លូវសម្រាប់ជែង៖ ក្នុងករណីសុំជែង អ្នកបើកបរយានយន្តត្រូវឱ្យសញ្ញាប្ដូរទិសខាងឆ្វេងយ៉ាងតិច ៥វិនាទី ហើយត្រូវងាកទៅគន្លង ផ្លូវខាងឆ្វេងនៃផ្លូវល្បឿនលឿន ដែលជាគន្លងផ្លូវសម្រាប់ជែង។ នៅពេលជែងផុត អ្នកបើកបរត្រូវឱ្យសញ្ញាប្ដូរទិសខាងស្ដាំ ដើម្បីងាកចូលគន្លងផ្លូវ សម្រាប់ចរាចរណ៍ធម្មតាវិញ។
ក្នុងករណីចរាចរណ៍មមាញឹក អ្នកបើកបរយានយន្តអាចប្រើប្រាស់គន្លងផ្លូវទាំង២បាន ដោយឡែករថយន្តធុនធ្ងន់ ត្រូវប្រកាន់យកគន្លងផ្លូវ សម្រាប់ចរាចរណ៍ ធម្មតាដដែល។ ក្នុងករណីនេះយានយន្តនៅតាមគន្លងផ្លូវណាមួយបើកបរលឿនជាង មិនចាត់ទុកជាការជែងឡើយ ហើយយានយន្តដែលស្ថិតនៅក្រោយគេ ត្រូវប្រើភ្លើងសញ្ញាអាសន្នជាដំណឹង។
* គន្លងផ្លូវសម្រាប់ឈប់បន្ទាន៖ គន្លងផ្លូវសម្រាប់ឈប់បន្ទាន់ មិនត្រូវបានអនុញ្ញាតឱ្យយានយន្តទូទៅប្រើប្រាស់ឡើយ លើកលែងតែយានយន្តពន្លត់អគ្គិភ័យ យានយន្ត សង្គ្រោះរបស់មន្ទីរពេទ្យ យានយន្តនគរបាល យោធា កងរាជអាវុធហត្ថ យានយន្តថែទាំផ្លូវ ដែលកំពុងបំពេញភារកិច្ច និងយានយន្តដែលខូច ឬមានគ្រោះថ្នាក់ចរាចរណ៍ ឬមានករណីអាសន្ន។
ផ្លូវល្បឿនលឿននេះ បានការកំណត់ល្បឿនបើកបរ» ល្បឿនទាបបំផុត(អប្បបរមា) និងលឿនបំផុត(អតិបរមា )ដូចជា៖ ល្បឿន 60 – 120km/h រថយន្តគ្រួសារ/ធុនស្រាល ល្បឿន 60 – 100km/h រថយន្តធុនធ្ងន់មិនមានសណ្តោងសឺម៉ីរ៉ឺម៉ក ឬម៉ូតូ500cc/27kWឡើងទៅ ល្បឿន 60 – 80km/h រថយន្តសណ្តោងសឺម៉ីរ៉ឺម៉ក ឬសណ្តោងយានដំណើរកំសាន្ត។ ករណីផ្លូវកោងច្រកចូលចំហៀងទៅផ្លូវល្បឿនលឿន អ្នកបើកបរត្រូវបានកំណត់ឱ្យបើកបរត្រឹមតែ 40km/h ប៉ុណ្ណោះ រួចទើបត្រូវបង្កើនល្បឿនដល់ 60km/h។ ដោយឡែកកន្លែងដែលចាំបាច់ត្រូវបន្ថយល្បឿន ក៏ត្រូវបានដាក់នូវគំនូសរំញ័រ(Rumble Stripes) ដើម្បីដាស់តឿនដល់អ្នកបើកបរផងដែរ។
ផ្លូវល្បឿនលឿននេះដែរមានច្រកចេញ-ចូល ទាំងអស់ចំនួន៨ទីតាំងរួមមានដូចជា៖ ច្រកទី១ ភ្នំពេញ (ផ្លូវកប់ស្រូវ) គីឡូម៉ែត្រ ៣ , ច្រកទី២ កំពង់ស្ពឺកើត គីឡូម៉ែត្រ ២៦, ច្រកទី៣ កំពង់ស្ពឺលិច គីឡូម៉ែត្រ ៤៣, ច្រកទី៤ ត្រែងត្រយឹង គីឡូម៉ែត្រ ៧៦, ច្រកទី៥ កំពង់សិលា គីឡូម៉ែត្រ ១១៤, ច្រកទី៦ ស្រែអំបិល គីឡូម៉ែត្រ ១៣៥, ច្រកទី៧ ស្ទឹងហាវ គីឡូម៉ែត្រ ១៧២ និងច្រកទី៨ ព្រះសីហនុ គីឡូម៉ែត្រ ១៨២ ៕ ផ្តល់សិទ្ធិដោយ៖ freshnews


