គម្រោងផ្លូវរថភ្លើងក្រោមដី លើដី និងលើអាកាសក្នុងរាជធានីភ្នំពេញ បានសិក្សាចប់សព្វគ្រប់ហើយ
- BY
- Khmerpress
- December 23, 2022
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសារធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងផ្លូវរថភ្លើងក្រោមដី លើដី និងលើអាកាសក្នុងរាជធានីភ្នំពេញ បានសិក្សាចប់សព្វគ្រប់ហើយ ត្រៀមដាក់ជូនប្រមុខរាជរដ្ឋាភិបាលធ្វើការពិនិត្យសម្រេចជ្រើសរើសនាពេលឆាប់ៗនេះ។
ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីនៃក្រសួង សារធារណការ និងដឹកជញ្ជូន ឲ្យដឹងថា គម្រោងផ្លូវរថភ្លើងក្រោមដី លើដី និងលើអាកាស ក្នុងរាជធានីភ្នំពេញ បានសិក្សាចប់សព្វគ្រប់ហើយ និងបានឱ្យអ្នកសិក្សាកែសម្រួលបន្តិចបន្តួច ដើម្បីធ្វើយ៉ាងណាឱ្យគម្រោង នៃការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនសាធារណៈរបស់កម្ពុជាមានលក្ខណៈគ្រប់ជ្រុងជ្រោយ។
ឯកឧត្តម ទេសរដ្ឋមន្ត្រី បានបន្តថា ក្រោយពីកែការសម្រួលរួចរាល់ គម្រោងផ្លូវរថភ្លើងក្រោមដី លើដី និងលើ អាកាសនឹងត្រៀមដាក់ជូនប្រមុខរាជរដ្ឋាភិបាលធ្វើការពិនិត្យសម្រេចជ្រើសរើសយកប្រព័ន្ធដឹកជញ្ជូនសាធារណៈណាមួយដែលសមស្រប និងអាចទទួលយកបាន សម្រាប់រាជធានីភ្នំពេញ ដើម្បីដោះស្រាយបញ្ហានៃការ កកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍ ដែលកំពុងកើតមាននាពេល បច្ចុប្បន្ននេះ។
សំឡេង « ផ្លូវភ្លើងក្រោមដី នៅរាជធានីភ្នំពេញ ក៏បានសិក្សាចប់សព្វគ្រប់ ឥឡូវយើងឱ្យអ្នកសិក្សាកែសម្រួល បន្តិចសិន អ៊ីចឹងយើងប្រៀបធៀបលើប្រព័ន្ធរថភ្លើងលើដី ផ្លូវរថភ្លើងលើអាកាស និងក្រោមដី គឺបានសិក្សាចប់ ទាំង៣ហើយ និងធ្វើរបាយការណ៍ជូនទៅប្រមុខរាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជ្រើសរើស តើប្រព័ន្ធមួយណាល្អជាងចំពោះរាជធានី ភ្នំពេញ យើង »។
គួរកត់សម្គាល់ថា ប្រសិនបើគម្រោងទាំងនេះមានការចូលរួមវិនិយោគពីក្រុមហ៊ុនឯកជនពិតប្រាកដមែននោះ វានឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍ និងលើកកម្ពស់មុខមាត់ទីក្រុងភ្នំពេញបានមួយកម្រិតធំ និងឆ្លើយ តបទៅនឹងការអភិវឌ្ឍន៍របស់ប្រទេសជាតិ៕
ប្រភព៖ ក្រសួងព័ត៌មាន
- Share This Post: