គ្រូបង្វឹកកំពង់ស្ពឺ សង្ឃឹមឈ្នះពាន Slamball រហូតដល់ ៧០%
លោក សៅ សាមីត គ្រូបង្វឹករបស់កំពង់ស្ពឺបាននិយាយថា ក្រុមរបស់ខ្លួនមានសង្ឃឹមឈ្នះពាន slamball រហូតដល់ទៅ ៧០ % ឯណោះ នៅវគ្គផ្ដាច់ព្រ័ត្រនាថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ នេះ។
ក្រុមពង្រួលកំពង់ស្ពឺបានឡើងដល់វគ្គ Grand Final Slamball ទៅហើយ ក្រោយពីពួកគេធ្វើបានល្អណាស់ ក្នុងការប្រកួតនៅ Upper Bracket ។ ក្រុមដែលត្រូវឡើងមកប៉ះក្រុមកំពង់ស្ពឺ គឺត្រីឆ្លាំង ភ្នំពេញ ឬ ដំរីសៀមរាប ដែលពួកគេទាំងពីរនឹងត្រូវប្រកួតគ្នា នៅព្រឹក ថ្ងៃ ២៨ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ។ ក្រុមណាឈ្នះ នឹងបន្ដឡើងទៅប៉ះកំពង់ស្ពឺ នៅពេលល្ងាចថ្ងៃ ខែ ដដែល ដើម្បីដណ្ដើម យក ពានរង្វាន់តែម្ដង។
មុនការប្រកួតនេះ ចាប់ផ្ដើម លោក សៅ សាមីត គ្រូបង្វឹករបស់កំពង់ស្ពឺបាននិយាយថា ៖ “ យើងសង្ឃឹមក្នុងការឈ្នះពានរហូត ដល់ ៧០ %។ យើងមានក្បួនលេងសម្រាប់តទល់ជាមួយក្រុមភ្នំពេញ។ ហើយជំនួប ភ្នំពេញ និងសៀមរាប ខ្ញុំជឿថា ភ្នំពេញ នឹងអាចយកឈ្នះ បានដល់ទៅ ៩០% ទៅហើយ។ ភ្នំពេញ នឹងក្លាយជាក្រុមដែលយើងត្រូវប្រកួតជាមួយនៅវគ្គផ្ដាច់ព្រ័ត្រ”។
សូមបញ្ជាក់ថា ពានរង្វាន់ Slamball នៅវគ្គផ្ដាច់ព្រ័ត្រនឹងធ្វើឡើងនៅថ្ងៃទី២៨ ខែ មករា ឆ្នាំ២០២៣ ខាងមុខ។ សម្រាប់ក្រុមជើង ឯកនឹងទទួលបានមេដាយ មាស និងប្រាក់ រង្វាន់ ៥ពាន់ដុល្លារ ស្រាបៀរ Anchor White ១៥កេស និង Anchor Smooth ១៥ កេស, លេខ ២ ទទួលបានប្រាក់រង្វាន់ ៣ពាន់ដុល្លារ Anchor White ១០កេស និង Anchor Smooth ១០កេស និងលេខ ៣ ទទួលបាន ប្រាក់រង្វាន់ ១៥០០ដុល្លារ Anchor White ៥ កេស និង Anchor Smooth ៥ កេស៕

