លោកយាយ រង់ចាំ២ថ្ងៃហើយនៅមិនទាន់ឃើញមានកូនចៅមកទទួល ពេលនេះអាជ្ញាធរបញ្ជូនឱ្យទៅស្នាក់នៅក្នុងមណ្ឌលបុរីកុមារកំព្រា បណ្តោះអាសន្នសិន
(ព្រះសីហនុ)៖ ករណីលោកយាយវ័យជាង៩០ឆ្នាំមួយរូប ដែលមានការលើកឡើងថា កូនចៅបោះបង់ចោល ហើយត្រូវអាជ្ញាធររង់ចាំសាច់ញាតិមកទទួលតាំងពីថ្ងៃទី០៥ ខែកុម្ភៈមកនោះ។ មកទល់ពេលនេះមិនទាន់មានសាច់ញាតិណាមកទទួលយកលោកយាយនៅឡើយ ហើយនៅរសៀលថ្ងៃទី០៧ ខែកុម្ភៈនេះ លោកយាយ ឈុន ឡៃគើន ត្រូវបានអាជ្ញាធរបញ្ជូនឱ្យស្នាក់នៅ មណ្ឌលបុរីកុមារកំព្រា ជាបណ្តោះអាសន្នដោយមានការឧបត្ថម្ភ ពីសាខាកាកបាទក្រហម ខេត្តព្រះសីហនុ បានផ្តល់អ្នកមើលថែទាំជូនថវិកាលោកយាយ ឈុន ឡៃគើន ១ខែ ៤០ម៉ឺនរៀល និងគ្រឿងបរិភោគ ជាប្រចាំ ជួយជាបណ្តោះអាសន្ននិងកំពុងពន្លឿនរកសាច់ញាតិមកទទួល។ នេះបើយោងតាមការបង្ហោះរបស់ លោកស្រី សុខ ស៊ីថា ស្មៀនសង្កាត់លេខ១។
យោងតាមប្រភពពីលោក ហ៊ុយ ប៊ុនឡេង បានឱ្យដឹងថាក្រោយមានសេចក្តីរាយការណ៍ពីពលរដ្ឋថាឃើញជីដូនមួយរូបវយ័ជាង៩០ឆ្នាំនៅម្តុំឃ្លាំងលើសង្កាត់លេខ១ ដែលដំបូង គេសន្និដ្ឋានថាទំនងជាវង្វេងផ្ទះឬវង្វេងសាច់ញាតិ អាជ្ញាធរមូលដ្ឋានក៏ចុះសាកសួរនិងក្រោយមកបាននាំជីដូនរូបនេះមកមើលថែបណ្តោះអាសន្ននៅសាលាសង្កាត់លេខ១ ក្រុងព្រះសីហនុ។ ក្នុងពេលរង់ចាំ មិនឃើញកូនចៅ សាច់ញាតិមកទទួលយក មន្ត្រីសង្កាត់និងក្រុមការងារសង្គ្រោះ ក៏បានរៀបចំកន្លែងឲ្យលោកយាយសម្រាន្តនៅសាលាសង្កាត់លេខ១ជាបណ្តោះអាសន្ន និងដាក់ឲ្យមានអ្នកមើលថែទាំលោកយាយរូបនេះ ចាប់តាំងពីយប់ថ្ងៃទី៥ ខែកុម្ភៈ បន្តរហូតមកដល់យប់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ ក៏នៅតែមិនឃើញមានកូនចៅមកទទួលយក ទើបអាជ្ញាធររដ្ឋបាលខេត្ត និងសាខាកាកបាទក្រហមខេត្តព្រះសីហនុរៀបចំដោះស្រាយជាបណ្តោះអាសន្នបែបនេះ៕







