រំភើបណាស់! អភិបាលខេត្តកោះកុង បានឧបត្ថម្ភថវិកាដល់កីឡាករប្រដាល់គុនខ្មែរ ធឿន ធារ៉ា ចំនួន១០០០ដុល្លារអាម៉េរិក ក្រោយឈ្នះខ្សែក្រវាត់លំដាប់ថ្នាក់ពិភពលោក
(កោះកុង)៖ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានជួបសំណេះសំណាល និងចូលរួមអបអរសាទរកីឡាករ ធឿន ធារ៉ា ដែលទទួលជ័យជម្នះ ដណ្ដើមបានខ្សែក្រវាត់លំដាប់ថ្នាក់ពិភពលោកចំនួន២ (ខ្សែក្រវ៉ាត់ Thai Fight និងខ្សែក្រវ៉ាត់ IPCC World Champion) ។
យោងតាមការបង្ហោះរបស់ទំព័រហ្វេសប៊ុកផេក ក្លិបប្រដាល់គុនខ្មែរ អេ ភូថង បានឱ្យដឹងថា លោកជំទាវ មិថុនា ភូថង បានឧបត្ថម្ភថវិកាដល់ ធឿន ធារ៉ា ចំនួន១ពាន់ដុល្លារអាម៉េរិក និងកីឡាករចំនួន៤នាក់ទៀត ក្នុងម្នាក់ៗចំនួន ៥០០ដុល្លារផងដែរ។
ក្លឹបប្រដាល់គុនខ្មែរ អេ ភូថង បានសរសេររៀបរាប់ថា៖ «ក្លិបប្រដាល់គុនខ្មែរ អេ ភូថង មានកិត្តិយសដែល លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង និងស្វាមី អនុញ្ញាតឲ្យចូលជួបសំណេះសំណាល សួរសុខទុក្ខ ដោយនាំមកជាមួយខ្សែក្រវាត់ របស់ ធឿន ធារ៉ា បង្ហាញជូនដល់លោកជំទាវ។ ក្នុងនោះ លោកជំទាវ បានឧបត្ថម្ភដល់ ធឿន ធារ៉ា ចំនួន១ពាន់ដុល្លារ រួមទាំងមាន ម៉ឺន មេឃា, អេ អាំម៉ារីន, អេ យ៉ានុត និង អេ ណារ័ត្ន ម្នាក់ៗចំនួន ៥០០ដុល្លារផងដែរ។ សូមគោរពជូនពរ លោកជំទាវ និង ស្វាមី សូមជួបតែ សុភមង្គល វិបុលសុខ មហាប្រសើរ និងប្រកបដោយពុទ្ធពរទាំង៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ»៕



