សង្គម February 22, 2023

ប្អូនប្រុសដែលតស៊ូលក់បន្លែតាមភ្លើងស្តុបដើម្បីយកលុយទៅសិក្សា ពេលនេះ ឧកញ៉ា ស្រី ចាន់ថន ប្រកាសឧបត្ថម្ភជួយរយៈពេល៥ឆ្នាំ ទាំងសម្ភារសិក្សា និងថវិកាប្រចាំខែ

Naren

(ភ្នំពេញ)៖ ប្អូនប្រុសមួយរូបដែលធ្វើឱ្យមហាជនកោតសរសើរ និងអាណិតអាសូរជាពន់ពេក ក៏ព្រោះតែមានការតស៊ូក្នុងឆាកជីវិត ខំដាក់លក់បន្លែតាមភ្លើងស្តុបដើម្បីយកលុយទៅសិក្សា ដោយលក់តាំងពីទាបភ្លឺ ដើម្បីបានលុយរូតរះទៅរៀននៅពេលព្រលឹម។ ដោយឃើញពីការតស៊ូបែបនេះ ឧកញ៉ាចិត្តធម៌ ស្រី ចាន់ថន ក៏បានស្វែងរកប្អូនប្រុស និងបានជួបតាមរយៈវីដេអូខល ដោយឧកញ៉ា ស្រី ចាន់ថន ប្រកាសឧបត្ថម្ភរយៈពេល៥ឆ្នាំ ទាំងសម្ភារសិក្សា និងថវិកាប្រចាំខែ។

ឧកញ៉ា ស្រី ចាន់ថន បានឱ្យដឹងថា៖ «យប់ថ្ងៃអង្គារ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ភ្នំពេញ បានជួបប្អូនប្រុសតាមវីដេអូឆាតដែលតស៊ូលក់បន្លែ នៅភ្លើងស្តុបណាន់ជីង រាជធានីភ្នំពេញ ដើម្បីយកលុយទៅសិក្សា ហើយនិងចាត់ឱ្យក្រុមការងារ ចុះដល់ទីតាំងប្អូននៅក្រុងតាខ្មៅ ខេត្តកណ្ដាល ដើម្បីជួយឧបត្ថម្ភដល់ប្អូនប្រុស ដើម្បីជួយសម្រួលក្នុងការសិក្សា។

ដោយសារខ្ញុំបានសួរ តើប្អូនប្រុសចង់បានអ្វី ប្អូនបានឆ្លើយថាចង់បានសៀវភៅសម្ភារសិក្សា ដោយសារជីវភាពខ្វះខាត ឪពុកស្លាប់ចោលតាំងប្អូននៅក្នុងពោះម៉ែ មានបងប្អូន៤នាក់ ប្អូនពិតជាស្រលាញ់ការសិក្សាពិតមែនតស៊ូណាស់ រៀនផងដើរលក់បន្លែផង។ ខ្ញុំសូមជួយប្អូនប្រុសក្នុងការសិក្សារយៈពេល៥ឆ្នាំ ទាំងសម្ភារសិក្សា និងថវិកាប្រចាំខែមួយចំនួនបន្ថែមទៀត ហើយក៏សូមអរគុណពុកម៉ែបងប្អូនដែលខំមិនប្រាប់ទីតាំងប្អូនប្រុស»៕