សង្គម April 15, 2023

ទីបំផុត! គ្រួសាររបស់កីឡាករប្រដាល់ Thiago Teixeira ទទួលបានសញ្ជាតិខ្មែរពេញលេញហើយ និងមានឈ្មោះខ្មែរថា «សែន ចន្ទរិទ្ធីគុន»

Khmerpress

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឧកញ៉ា ស្រី ចាន់ថន ដែលជាទីប្រឹក្សារាជរដ្ឋាភិបាល និងជាអនុប្រធានកិត្តិយសសហព័ន្ធកីឡាប្រដាល់គុនខ្មែរ តំណាងឲ្យរដ្ឋាភិបាលក្នុងការផ្តល់លិខិតផ្លូវការសញ្ជាតិខ្មែរដល់កីឡាករធីអាហ្គោ។

ក្នុងគណនីហ្វេសប៊ុករបស់ ឧកញ៉ា ស្រី ចាន់ថន បានសរសេររៀបយ៉ាងដូច្នេះថា៖ « ខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅដែលសម្តេចពុកបានស្នើរសុំអង្គព្រះមហាក្សត្រដើម្បីផ្តល់សញ្ជាតិខ្មែរឲ្យកីឡាធីអាហ្គោ។ ស្របពេលជាមួយគ្នាខ្ញុំបាទ សូមអរគុណព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឫទ័យផ្តល់សញ្ជាតិខ្មែរទៅឲ្យកីឡាករ ធីអាហ្គូ។ ទីបំផុតកីឡាករធីងាហ្គូទទួលបានសញ្ជាតិខ្មែរពេញលេញហើយបងប្អូន។ »

សូមជម្រាបជូនថា កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ យោងគណនីហ្វេសប៊ុករបស់ ឧកញ៉ា ស្រី ចាន់ថន បានប្រកាសជាសាធារណៈថា ឈ្មោះផ្លូវការជាភាសាខ្មែររបស់កីឡាករ Thiago គឺ (សែន ចន្ទរិទ្ធីគុន) ។ ឧកញ៉ា ស្រី ចាន់ថន ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បងប្អូនខ្មែរគ្រប់រូបដែលបានខមិនដាក់ឈ្មោះឲ្យកីឡាករ រិទ្ធីគុន ផងដែរ។ បើមិនមានការគាំទ្រពីបងប្អូនទាំងអស់គ្នានោះទេ ឈ្មោះមួយនេះមិនអាចលេចចេញជារូបរាងឡើយ ៕

ប្រភព៖ ស្រី ចាន់ថន Srey Chanthorn