ហួសចិត្ត! មានជនខិលខូច លួចដោះប៊ូឡុង បង្កាន់ដៃ របាំងសុវត្ថិភាព ផ្លូវល្បឿនលឿន
(ព្រះសីហនុ)៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា មានករណីជនខិលខូចលួចដោះប៊ូឡុង បង្កាន់ដៃ របាំងសុវត្ថិភាព ផ្លូវល្បឿនលឿន ដែលទង្វើនេះបំផ្លាញផង និងបង្កគ្រោះថ្នាក់ ដល់អ្នកដំណើរ។
ឯកឧត្តម បានសរសេររៀបរាប់ថា៖ «ការកសាងជាការលំបាក មានជនតាមបំផ្លាញ គឺកាន់តែលំបាកថែមទៀត។ មានជនចង្រៃ លួចដោះប៊ូឡុង បង្កាន់ដៃ របាំងសុវត្ថិភាព ផ្លូវល្បឿនលឿន ទង្វេីនេះបំផ្លាញផង បង្កគ្រោះថ្នាក់ ដល់អ្នកដំណេីរផង។ បងប្អូនណាបានឃេីញ បានដឹង អំពីជននេះ សូមជួយរាយការណ៍មកសមត្ថកិច្ច»។
នេះមិនមែនជាលើកទីមួយឡើយ ដែលមានករណីលួចសម្ភារនៅលើផ្លូវល្បឿនលឿននេះ ដោយកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ចំនួន២នាក់ ដែលធ្វើសកម្មភាពលួចគាស់យកដែកក្រចាប់រនាំងផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ក្នុងនោះនគរបាលដកហូតបានវត្ថុតាងមួយចំនួន ចាត់ចែងបន្តដើម្បីផ្តន្ទាទោសតាមច្បាប់ផងដែរ៕






