ព័ត៌មានជាតិ May 31, 2023

អបអរសាទរ! កីឡាករ ម៉ានូអែល ទទួលបានសញ្ជាតិខ្មែរ ព្រមទាំងបានក្លាយជាសមាជិករបស់ក្លិបគុនខ្មែរជើងឯកពិភពលោក

Naren

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា បាន​ប្រោស​ព្រះរាជទាន​សញ្ជាតិ​ខ្មែរ ដោយអាពាហ៍ពិពាហ៍ដល់កីឡាករប្រដាល់ ម៉ូណុនយ៉េ អេម៉ាញូអែល អុនយ៉េឌីកាឈី ជនជាតិនីហ្សេរីយ៉ា នេះបើយោងតាម​ព្រះរាជក្រឹត្យ​នៅ​ថ្ងៃទី​២៦ ខែឧសភា។ ការផ្ដល់​សញ្ជាតិ​ខ្មែរ ដោយអាពាហ៍ពិពាហ៍​នេះ ធ្វើឡើង​តាម​សំណើ​របស់​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។​

ក្នុងនោះ ឧកញ៉ា ស្រី ចាន់ថន នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា កីឡាករប្រដាល់ ម៉ូណុនយ៉េ អេម៉ាញូអែល អុនយ៉េឌីកាឈី ជនជាតិនីហ្សេរីយ៉ា រូបនេះក៏បានក្លាយជាសមាជិកថ្មីម្នាក់ទៀតរបស់ក្លិបគុនខ្មែរជើងឯកពិភពលោក។

តាមរយៈការបង្ហោះនៅលើហ្វេសប៊ុកផេក ឧកញ៉ា ស្រី ចាន់ថន បានសរសេររៀបរាប់ថាៈ «ជម្រាបសួរបងប្អូនជនរួមជាតិជាទីគោរព! ថ្ងៃនេះយើងខ្ញុំបានទទួលសមាជិកថ្មីម្នាក់ទៀតហើយចូលក្លិបគុនខ្មែរជើងឯកពិភពលោក របស់យើង គឺកីឡាករ ម៉ានូអែល និងដំណឹងល្អមួយទៀតគឺគាត់ទទួលបានសញ្ជាតិខ្មែរហើយបងប្អូន។ ឆ្លៀតឱកាសនេះ ខ្ញុំបាទសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតអស់ពីដួងចិត្តជូនចំពោះសម្ដេចពុក ដែលតែងតែជួយកីឡាករគុនខ្មែរ និងកីឡាផ្សេងៗទៀតទើបយើងមានថ្ងៃនេះ។

គុនខ្មែររបស់យើងកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃដូចបច្ចុប្បន្ន ដោយសារមានការចូលរួមលើកស្ទួយ គាំទ្រពីសំណាក់បងប្អូនទាំងអស់គ្នា ខ្ញុំនឹងប្រឹងប្រែងបន្តទៀតដើម្បីឱ្យគុនខ្មែរកាន់តែល្បីសុសសាយលើឆាកអន្តរជាតិ។ ខ្មែរស្រឡាញ់ខ្មែរ ខ្មែរគាំទ្រខ្មែរ ខ្មែរលើកស្ទួយខ្មែរ ខ្មែរអាចធ្វើបាន»៕