រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បញ្ជាឱ្យក្រុមអធិការកិច្ចក្រសួង ចុះធ្វើការស្រាវជ្រាវករណីធ្វើរបងបិទផ្លូវឌឿងហែមមួយកន្លែង នៅសង្កាត់ផ្សារកណ្តាលទី១
(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តម កើត រិទ្ធ បានណែនាំឱ្យក្រុមអធិការកិច្ចរបស់ក្រសួង ចុះធ្វើការស្រាវជ្រាវករណីសាងសង់របងបិទផ្លូវច្រកដើរសាធារណៈ (ឌឿងហែម) ស្ថិតនៅចន្លោះក្បាលដីលេខ ១២-១៣ និង១៤ ភូមិ៦ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ដោយករណីនេះមានការប្តឹងផ្តល់ អស់រយៈពេល៧ឆ្នាំហើយ ដោយលោកស្រី ហំ លក្ខិណា សំណូមពរសុំឱ្យរដ្ឋបាលខណ្ឌជួយសម្របសម្រួលបើកផ្លូវឱ្យបានទំហំ១,១០ម៉ែទ្រ (គិតពីជញ្ជាំងផ្ទះលោកស្រី ហាំ លក្ខិណា ទៅជញ្ជាំងផ្ទះលោកស្រី ទី សុខលាង រហូតដល់ផ្លូវលេខ៥)។
យោងតាមឯកឧត្តម ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៍ បានឱ្យដឹងថា «ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៍ បានណែនាំឱ្យក្រុមអធិការកិច្ចរបស់ក្រសួង ចុះធ្វើការស្រាវជ្រាវករណីនេះជាបន្ទាន់ នឹងធ្វើការពិនិត្យ ស្រាវជ្រាវរកការពិត ដើម្បីរកដំណោះស្រាយអោយបានត្រឹមត្រូវតាមច្បាប់។ ក្រុមការងារក្រសួងយុត្តិធម៍ នឹងផ្តល់ព័ត៌មាននេះជាបន្តបន្ទាប់ទៀតអំពីលទ្ធផលនៃការស្រាវជ្រាវរបស់ក្រុមអធិការកិច្ច រហូតដល់មានដំណោះស្រាយ»៕


credit photo: 60 Buzz

credit photo: 60 Buzz

credit photo: 60 Buzz
