ព័ត៌មានជាតិ July 5, 2023

ភ្នំពេញក្រោន ជួបសុទ្ធតែក្រុមខ្លាំងនៅថៃ ដើម្បីត្រៀមរដូវកាលថ្មី និងវគ្គជម្រុះ AFC Cup

Naren

(ភ្នំពេញ)៖ ក្រុមបាល់ទាត់ភ្នំពេញក្រោន នឹងបន្ដការប្រកួតលក្ខណៈមិត្តភាព Pre-Season នៅប្រទេសថៃ ដោយនឹងត្រូវជួបក្រុមខ្លាំងៗចំនួន ៤ប្រកួត ដែលនឹងចាប់ផ្ដើមការប្រកួតនៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣ នេះ ដើម្បីត្រៀមរដូវកាលថ្មី នៃពានរង្វាន់ Cambodian Premier League 2023/24 ផង និងវគ្គជម្រុះពានរង្វាន់ក្លិបបាល់ទាត់ទ្វីបអាស៊ី AFC Cup 2023 ផង ។

ក្នុងចំណោម ៤ប្រកួតរបស់ក្រុមជើងឯកលីគកំពូលកម្ពុជាខាងលើ រួមមានថ្ងៃពុធនេះ ក្រុមសិង្ហក្រហម ត្រូវជួបក្រុមលីគទី២ របស់ថៃ គឺក្រុម Suphanburi មុនបន្ដជួបក្រុមលីគកំពូលថៃ Port FC និងក្រុមមកពីហុងកុង Hong Kong Ranger ដែលជាបេក្ខភាពត្រូវលេងវគ្គជម្រុះពានរង្វាន់ក្លិបបាល់ទាត់កំពូលអាស៊ី AFC Champions League ដូចគ្នា នាថ្ងៃទី០៧ និងថ្ងៃទី១០ ខែកក្កដាខាងមុខ ។ រីឯ ១ក្រុមទៀត គឺភ្នំពេញក្រោន ត្រូវជួបក្រុមលីគកំពូលថៃ Ratchaburi នាថ្ងៃទី១៣ ខែកក្កដា មុនត្រឡប់មកមាតុភូមិវិញ ។

នេះគឺជាការប្រកួត Pre-Season ក្រៅប្រទេសលើកទី២ របស់ក្រុមជើងឯកលីគកំពូលកម្ពុជា ៨សម័យ បន្ទាប់ពីភ្នំពេញក្រោន បានចេញទៅប្រកួតមិត្តភាពជាមួយក្រុមលីគកំពូលឥណ្ឌូនេស៊ី PSIS Semarang FC ហើយបានបញ្ចប់ការប្រកួតដ៏ជក់ចិត្ត ចំពោះអ្នកគាំទ្ររាប់ម៉ឺននាក់ ដោយលទ្ធផលស្មើគ្នា ២-២ កាលពីថ្ងៃទី២៤ ខែមិថុនាកន្លងទៅ ។

គួរដឹងថា ភ្នំពេញក្រោន នឹងត្រូវបើកទ្វារផ្ទះ ទទួលក្រុមបឹងកេតមុនគេ ក្នុងរដូវកាលថ្មី នៃពានរង្វាន់ Cambodian Premier League 2023/24 នាថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣ ខាងមុខ ខណៈជាង ១សប្ដាហ៍បន្ទាប់ ពួកគេនឹងត្រូវជួបក្រុមជើងឯកលីគកំពូលឡាវ Young Elephants FC ក្នុងវគ្គជម្រុះ Preliminary Stage នៃពានរង្វាន់ AFC Cup 2023 ដើម្បីប្រជែងកៅអីវគ្គបន្ដក្នុងពានរង្វាន់កម្រិតទី២ ប្រចាំទ្វីបអាស៊ីមួយនេះ នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ ខាងមុខ ៕ ផ្តល់សិទ្ធិដោយ៖ Fresh News