YouTuber ល្បីឈ្មោះ MrBeast ក្លាយជាមនុស្សដំបូងគេ ទទួលបាន Followers ១លាននាក់នៅលើ «Threads» តាមពីក្រោយដោយ Mark Zuckerberg
(បរទេស)៖ តាមការចុះផ្សាយនៅលើគេហទំព័រផ្លូវការរបស់ Juinnes World Records បានឲ្យដឹងថា YouTuber ល្បីឈ្មោះរបស់អាមេរិក MrBeast បានបង្កើតប្រវត្តិសាស្ត្រថ្មីមួយសម្រាប់ខ្លួនឯង ដោយបានក្លាយជាមនុស្សដំបូងគេ ទទួលបាន Follower រហូតដល់១លាននាក់ នៅលើបណ្តាញសង្គមថ្មី Threads ខណៈលោក Mark Zuckerberg ដែលជាម្ចាស់បណ្តាញសង្គមមួយនេះ ឈរនៅលើលេខរៀងទី២។
បណ្តាញសង្គម Threads របស់លោក Mark Zuckerberg ត្រូវបានគេដឹងថា ជាកម្មវិធីមួយដែលបង្កើតឡើងឡើង ដើម្បីប្រកួតប្រជែងជាមួយបណ្តាញសង្គម Twitter របស់លោក Elon Musk។ ជាមួយគ្នានេះ ត្រឹមតែរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយការបង្កើតគណនី Threads គឺបានធ្វើឡើងលោក Jimmy Donaldson មានឈ្មោះក្រៅថា MrBeast ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង និងកើនចំនួនអ្នកតាមដានយ៉ាងលឿន រហូតធ្វើឲ្យគណនីរបស់លោកកើន Followers ដល់១លាននាក់ភ្លាមៗ និងធ្វើឲ្យលោកក្លាយជាមនុស្សដំបូងគេ ទទួលបាន Followers ១លាននាក់នៅលើ Threads។ គណនីរបស់លោកបានទៅដល់ចំណុច Followers ១លាននាក់នេះ នៅម៉ោង ២៖២២នាទីរសៀល នៅថ្ងៃទី៦ ខែកក្កដា។
លោក Mark Zuckerberg ដែលជាមនុស្សទី២ ដែលឈានដល់១លានអ្នកតាមដាន នៅលើ Threads បានសរសេរនៅក្នុងប្រកាសរបស់ខ្លួនថា «គោលបំណងបណ្តាញសង្គមនេះ គឺដើម្បីរក្សាទំនាក់ទំនង និងភាពរួសរាយរាក់ទាក់ នៅពេលវាត្រូវបានពង្រីកខ្លួន។ ខ្ញុំគិតថាវាអាចទៅរួច ហើយទីបំផុតនឹងក្លាយជាគន្លឹះនៃភាពជោគជ័យ»។
គួរជម្រាបថា MrBeast គឺជាអ្នកបង្កើតមាតិកាវីដេអូនៅលើ YouTube ដ៏ល្បីម្នាក់។ លោកមាន Followers ៣៨.៥លាននាក់នៅលើ Instagram ហើយមាន Followers ចំនួន ១៦៥លាននាក់ នៅលើ YouTube៕ ផ្តល់សិទ្ធិដោយ៖ Fresh News

