Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    គ.ជ.ប អំពាវនាវដល់ម្ចាស់សហគ្រាស និងគ្រឹះស្ថានឯកជនទាំងអស់ បង្កលក្ខណៈងាយស្រួលដល់កម្មករ កម្មការិនី បានធ្វើដំណើរទៅបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដានេះ

    BY Naren July 7, 2023
    គ.ជ.ប អំពាវនាវដល់ម្ចាស់សហគ្រាស និងគ្រឹះស្ថានឯកជនទាំងអស់ បង្កលក្ខណៈងាយស្រួលដល់កម្មករ កម្មការិនី បានធ្វើដំណើរទៅបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដានេះ

    (ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ គឺជាថ្ងៃដែលប្រជាពលរដ្ឋត្រូវទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧។ អនុលោមតាមច្បាប់ស្តីពី ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២២ មានសិទ្ធិបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។

    ដើម្បីឱ្យប្រជាពលរដ្ឋប្រើសិទ្ធិរបស់ខ្លួនស្របតាមច្បាប់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សូមអំពាវនាវចំពោះគ្រប់ម្ចាស់សហគ្រាស ក្រុមហ៊ុន រោងចក្រ សណ្ឋាគារ ភោជនីយដ្ឋាន និងគ្រឹះស្ថានទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សូមជួយបង្កលក្ខណៈងាយស្រួល និងអនុញ្ញាតឱ្យនិយោជិត កម្មករ-កម្មការិនី បានធ្វើដំណើរទៅបោះឆ្នោត នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆាំ្ន២០២៣ នៅតាមឃុំ សង្កាត់ ដែលពួកគាត់បានចុះឈ្មោះបោះឆ្នោត។

    គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សង្ឃឹមយ៉ាងមុតមាំថា គ្រប់ម្ចាស់សហគ្រាស ក្រុមហ៊ុន រោងចក្រ សណ្ឋាគារ ភោជនីយដ្ឋាន និងគ្រឹះស្ថានទាំងអស់នឹងបង្កលក្ខណៈងាយស្រួល ដល់និយោជិត កម្មករ-កម្មការិនីបានទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដាឆ្នាំ២០២៣ ជាកំណត់៕ ផ្តល់សិទ្ធិដោយ៖ Fresh News

    Share This Post: