ព័ត៌មានជាតិ
អាជ្ញាធរជាតិអប្សរាជូនដំណឹងពីការផ្អាកចរាចរណ៍បណ្ដោះអាសន្ន នៅកំណាត់ផ្លូវចាប់ពីផ្លូវបំបែកផ្លូវកូម៉ៃ ដល់កែងផ្លូវកសិន្ធុប្រាសាទអង្គរវត្តទិសនិរតី ដើម្បីអនុវត្តគម្រោងរៀបចំហេដ្ឋារចនាសម្ពន្ធ
BY Khmerpress
August 23, 2023
(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីជូនដំណឹងពីការផ្អាកចរាចរណ៍យានជំនិះគ្រប់ប្រភេទជាបណ្ដោះអាសន្ន នៅកំណាត់ផ្លូវចាប់ពីផ្លូវបំបែកវិថីព្រះនរោត្តមសីហមុនី (ផ្លូវកូម៉ៃ) ដល់កែងផ្លូវកសិន្ធុប្រាសាទអង្គរវត្តទិសនិរតី ដើម្បីអនុវត្តគម្រោងជួសជុលបារាយណ៍យសោតដាក ស្ដារប្រព័ន្ធធារាសាស្ត្របុរាណនាសម័យអង្គរ និងរៀបចំប្រព័ន្ធរំដោះទឹកជំនន់ប៉ែកខាងត្បូងប្រាសាទអង្គរវត្ត។
ការផ្អាកចរាចរណ៍យានជំនិះគ្រប់ប្រភេទជាបណ្ដោះអាសន្នលើកំណាត់ផ្លូវខាងលើនោះ គិតចាប់ពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ រហូតដល់បញ្ចប់គម្រោងទាំងឡាយនេះ។ អាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថា អំឡុងពេលអនុវត្តគម្រោងរៀបចំហេដ្ឋារចនាសម្ព័ន្ធនេះដែរ ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋអាចធ្វើដំណើរលើផ្លូវជុំវិញនោះជាធម្មតា៕ ផ្តល់សិទ្ធិដោយ៖ freshnews
