ឧបនាយករដ្ឋមន្ដ្រី ស សុខា ក្លាយជាប្រធានសហព័ន្ធកីឡាបាល់ទះ ជំនួសឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដែលលាលែងពីតំណែង
(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទះកម្ពុជា នៅថ្ងៃទី២៦ ខែសីហានេះ បានរៀបចំសន្និបាតវិសាមញ្ញ អាណត្តិទី៦ ឆ្នាំ២០២២-២០២៦ ដើម្បីបង្ហាញពីវឌ្ឍនភាពការងារ និងរចនាសម្ព័ន្ធថ្នាក់ដឹកនាំថ្មី ដោយលោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី ត្រូវបានគាំទ្រជាប្រធានសហព័ន្ធ ជំនួសលោកឧបនាយករដ្ឋមន្ដ្រី សន្ដិបណ្ឌិត នេត សាវឿន ដែលបានប្រកាសលាលែងពីតំណែង និងត្រូវបានគណៈកម្មាធិការប្រតិបត្តិសហព័ន្ធ គាំទ្របោះឆ្នោតគាំទ្រលោកជាប្រធានកិត្តិយសសហព័ន្ធ។
ឆ្លៀតឱកាសនោះ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានអរគុណមន្ដ្រីសហព័ន្ធទាំងអស់ ដែលបានរួមចំណែកដឹកនាំ និងអភិវឌ្ឍន៍វិស័យកីឡាបាល់ទះកម្ពុជាកន្លងមក ពិសេសការចូលរួមជាផ្នែកមួយជួយឲ្យកម្ពុជា ធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ ប្រកបដោយភាពជោគជ័យ ដែលក្រុមបាល់ទាត់បុរសក្នុងសាលកម្ពុជា បានឈានដល់វគ្គផ្ដាច់ព្រ័ត្រ និងដណ្ដើមបានមេដាយប្រាក់ជូនជាតិ រហូតទទួលបានការសាទរពីមហាជនគ្រប់ស្រទាប់វណ្ណៈ ពិសេសការទទួលបានអនុសាសន៍ និងការលើកទឹកចិត្តរបស់សម្ដេចតេជោ ហ៊ុន សែន។
លោកថា សមិទ្ធផលទាំងនេះ គឺជាកម្លាំងចិត្តដ៏សំខាន់សម្រាប់ទាំងអស់គ្នា ដែលជាមន្រ្តីគ្រប់ជាន់ថ្នាក់របស់សហព័ន្ធ ត្រូវខិតខំពង្រឹងខ្លួនបន្ថែមទៀត ដើម្បីដើរឲ្យស្របតាមតម្រូវការ និងបទដ្ឋានអន្តរជាតិនាពេលបច្ចុប្បន្ន។ ដូច្នេះការងារចំពោះមុខ ត្រូវជំរុញឲ្យសកម្មភាពមួយចំនួនកាន់តែផុលផុសថែមទៀត ដូចជាការពង្រឹងយុវជនថ្នាល ពង្រឹងមន្រ្តីបច្ចេកទេស និងគ្រូបង្វឹក ការបង្កើតទីលាន ស្តង់ដារនៅតាមបណ្ដារាជធានី-ខេត្ត ពង្រឹងបាល់ទះក្នុងសាលផ្នែកនារី និងបាល់ទះឆ្នេរខ្សាច់ ទាំងបុរស និងនារីជាដើម។
ដើម្បីរួមចំណែកជំរុញការអភិវឌ្ឍន៍វិស័យកីឡាដ៏មានប្រជាប្រិយនេះបន្ដទៀត ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានផ្ដល់អនុសាសន៍មួយចំនួនទៀតរួមមាន៖
• សូមឲ្យមន្ដ្រីរបស់សហព័ន្ធ ក៏ដូចជាភាគីពាក់ព័ន្ធ ទទួលយករចនាសម្ព័ន្ធថ្មីរបស់សហព័ន្ធ ហើយអ្នកដែលមានឈ្មោះ ត្រូវរួមគ្នាគិត រួមគ្នាធ្វើ និងរួមគ្នាទទួលខុសត្រូវ ដើម្បីនាំបាល់ទះកម្ពុជា បន្ដទទួលបានគាំទ្របន្ថែមទៀត និងឆ្ពោះទៅកាន់ឆាកអន្ដរជាតិ ទាំងក្នុងតំបន់ និងពិភពលោក។
• ចូលរួមបណ្ដុះបណ្ដាលយុវជនថ្នាលគ្រប់កម្រិត បើកវគ្គគ្រូបង្វឹក អាជ្ញាកណ្ដាល មន្ដ្រីបច្ចេកទេស ដើម្បីពង្រឹងធនធានកីឡាបាល់ទះក្នុងស្រុកឲ្យបានច្រើន។
• បន្ដកៀគរអ្នកឧបត្ថម្ភទាំងក្នុងស្រុក និងអន្ដរជាតិ ដើម្បីផ្គត់ផ្គង់ និងដំណើរការដល់សហព័ន្ធឲ្យដំណើរការទៅដោយរលូន។
• ត្រូវធ្វើការទំនាក់ទំនងជាមួយសហព័ន្ធកីឡាបាល់ទះអាស៊ីអាគ្នេយ៍ អាស៊ី និងអន្ដរជាតិ ជាប្រចាំ ដើម្បីបានដឹងពីកាលវិភាគ ឬការវិវត្ដន៍ថ្មី សម្រាប់ចូលខ្លួនក្នុងឆាកអន្ដរជាតិ។
ទន្ទឹមជាមួយគ្នា ដោយទទួលបានការគាំទ្រ និងផ្ដល់សេចក្ដីទុកចិត្ត ធ្វើជាប្រធានសហព័ន្ធអាណត្តិថ្មី លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានប្តេជ្ញាចិត្តនឹងខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត បញ្ញាស្មារតី និងទ្រព្យធនផ្ទាល់ខ្លួន ចូលរួមអភិវឌ្ឍវិស័យបាល់ទះនៅកម្ពុជា ឲ្យកាន់តែរីកចម្រើន និងល្បីល្បាញលើឆាកអន្តរជាតិថែមទៀត។
ក្នុងនោះការងារសំខាន់ៗ ៥ចំណុច ដែលប្រធានសហព័ន្ធថ្មីខាងលើ នឹងបន្ដជំរុញបន្ថែមរួមមាន៖
• បណ្តុះបណ្ដាលធនធានមនុស្ស ទាំងធនធានកីឡាករគ្រប់កម្រិត ទាំងធនធានគ្រូបង្វឹក អាជ្ញាកណ្ដាល មន្រ្តីបច្ចេកទេស ដើម្បីដើរឱ្យទាន់បរិបទរបស់អន្តរជាតិពេលបច្ចុប្បន្ន។
• បង្កើតសកម្មភាពប្រកួតឱ្យកាន់តែផុលផុស ទាំងការប្រកួតកម្រិតក្លិប និងក្រុមជម្រើសជាតិ ស្របតាមការគាំទ្ររបស់មហាជននាពេលបច្ចុប្បន្ន។
• សិក្សាពិនិត្យលទ្ធភាពពង្រឹងសមាគម-ក្លិប តាមបណ្តាខេត្ត ឱ្យបានរឹងមាំ រួមទាំងការកសាងហេដ្ឋរចនាសម្ព័ន្ធ ឱ្យបានល្អប្រសើរ។
• ធ្វើការជាមួយសហព័ន្ធបាល់ទះតំបន់អាស៊ាន អាស៊ី និងអន្តរជាតិ ដើម្បីយកឱកាសនាំកម្ពុជា ចូលខ្លួនទៅកាន់ថ្នាក់តំបន់និងអន្តរជាតិ មិនថាបញ្ជូនក្រុមទៅប្រកួត ឬក៏បញ្ជូនមន្រ្តី ទៅរៀបចំដឹកនាំការប្រកួតជាដើម។
• ខិតខំប្រឹងប្រែងចូលរួមការប្រកួតលើឆាកអន្តរជាតិឲ្យបានច្រើន ដើម្បីនាំមេដាយ
ពានរង្វាន់ និងកិត្យានុភាពឲ្យកម្ពុជាជាបន្តបន្ទាប់នាពេលខាងមុខ។
សូមបញ្ជាក់ថា សម្រាប់រចនាសម្ព័ន្ធថ្នាក់ដឹកនាំសហព័ន្ធកីឡាបាល់ទះកម្ពុជា អាណត្តិទី៦ ចំពោះថ្នាក់ដឹកនាំកិត្តិយស គឺមានលោកឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ជាប្រធានកិត្តិយស, លោក គង់ វិបុល ជាអនុប្រធានកិត្តិយស ព្រមទាំងលោកឧកញ៉ា ឃុន សៀ, អ្នកឧកញ៉ា លាង ឃុន, លោកឧកញ៉ា សុខ ហុង និងលោក គៀត ច័ន្ទថារិទ្ធ ជាសមាជិកកិត្តិយស។
ចំណែកថ្នាក់ដឹកនាំគណៈកម្មាធិការប្រតិបត្តិ អាណត្តិទី៦ របស់សហព័ន្ធ ក្រៅពីលោកឧបនាយករដ្ឋមន្ដ្រី ស សុខា ជាប្រធាន គឺមានលោក ស ថេត ជាអនុប្រធានអចិន្ដ្រៃយ៍, លោក ប៊ូ ជុំសេរី, លោក ឌី វិជ្ជា, លោក ឡោ សុឡេង, លោក ជួន ណារិន្ទ, លោក ស រដ្ឋា, លោក អ៊ូ វណ្ណ និងលោកបណ្ឌិត អាំង សិរីពិសិដ្ឋ (អគ្គលេខាធិការ) ជាអនុប្រធាន ព្រមទាំងសមាជិក ១១រូប និងស្នងការនគរបាលរាជធានី-ខេត្ត ក៏ជាសមាជិកប្រតិបត្តិសហព័ន្ធផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews








