Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងនឹងពិនិត្យឡើងវិញលើការចុះបញ្ជីផលិតផលក្នុងស្រុកឱ្យកាន់តែ​ងាយស្រួល និងស្មើភាពគ្នាជាមួយផលិតផលនាំចូល

    BY Khmerpress October 26, 2023
    ក្រសួងនឹងពិនិត្យឡើងវិញលើការចុះបញ្ជីផលិតផលក្នុងស្រុកឱ្យកាន់តែ​ងាយស្រួល និងស្មើភាពគ្នាជាមួយផលិតផលនាំចូល

    (ភ្នំពេញ)៖ លោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងថា ក្រសួងនឹងពិនិត្យឡើងវិញនូវ​ការចុះបញ្ជីផលិតផល (ច.ប.ផ) និងកែលម្អសេវាឱ្យកាន់តែប្រសើរឡើង ដើម្បីធ្វើឱ្យការចុះបញ្ជីផលិតផលក្នុងស្រុក កាន់តែ​ងាយស្រួល និងលឿន​រហ័ស។

    ​កា​រថ្លែងរបស់លោក ហែម វណ្ណឌី ស្របពេលវិស័យឯកជនផ្នែកផលិត​ចំណីអាហារ បានលើកឡើងពី​បញ្ហាប្រឈម ក្នុងការចុះបញ្ជីផលិតផល (ច.ប.ផ) ​ព្រមទាំងជំរុញឱ្យមានការចុះបញ្ជីផលិតផលក្នុងស្រុក និងផលិតផលនាំចូលឱ្យស្នើភាពគ្នា។​ ​

    លោកស្រី កែវ មុំ ប្រធានសហគ្រិនស្រ្តីកម្ពុជា និងម្ចាស់ក្រុមហ៊ុនផលិតនំស្រួយលីលី បានឱ្យដឹងថា រាល់ផលិតផលដែលផលិតនៅក្នុងស្រុក ទាមទារឱ្យមានការត្រួតពិនិត្យគុណភាព និងមានការចុះបញ្ជីផលិតផល (ច.ប.ផ)​ និង តម្រូវឱ្យមានការត្រួតពិនិត្យរៀងរាល់បីខែម្តង។

    ទន្ទឹមគ្នានេះ ​ចំពោះ​ផលិតផលដែលផលិតរសជាតិផ្សេងគ្នា ក៏តម្រូវឱ្យ​ក្នុងមួយរសជាតិត្រូវចុះ ច.ប.ផ មួយ ​ដោយរាល់ការចុះ ច.ប.ផ ត្រូវចំណាយថវិកា ៣០ម៉ឺនរៀល។ ហេតុដូច្នេះហើយសហគ្រាសក្នុងស្រុក ហាក់មានការចំណាយ​ទៅលើការចុះបញ្ជីផលិតផល ខុសពីផលិតផលនាំចូល ​មិនតម្រូវឱ្យចុះបញ្ជី ច.ប.ផ នោះទេ ដោយគ្រាន់តែ​ចុះបញ្ជីមាត្រសាស្រ្ត ដែលចំណាយអស់ ២ម៉ឺនរៀលប៉ុណ្ណោះ​។ ជាងនេះទៅទៀត ផលិតផលក្នុងស្រុក ក្រៅពីការចំណាយទៅលើ ច.ប.ផ ក៏ត្រូវចំណាយទៅលើការចុះបញ្ជីផ្សេងៗទៀតផងដែរ។ លោកស្រីបន្តថា ​វិស័យឯកជនមើលឃើញថា ការចំណាយរវាងផលិតផលក្នុងស្រុក និងផលិតផលនាំចូល ហាក់មានភាពខុសគ្នាខ្លាំង។ ​

    លោកស្រីបន្ថែមថា «មានការចំណាយច្រើន យើងក៏ស្នើសុំឱ្យផលិតផលដែលនាំចូលមានការត្រួតពិនិត្យគុណភាព និងស្នើឱ្យមានចុះបញ្ជីផលិតផលដូចគ្នា ដើម្បីឱ្យមានតម្លាភាព នៃការប្រកួតប្រជែង ទាំងផលិតផលក្នុងស្រុកក៏មានគុណភាព ហើយផលិតផលនាំចូលក៏ត្រូវតែមានគុណភាព និងបញ្ជាក់នូវប្រភពនៃការផលិតឱ្យច្បាស់លាស់ផងដែរ»។

    លោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែង ចំពោះករណីនេះ ក្រសួងនឹងពិនិត្យឡើងវិញទាំងនិតិវិធី ពេលវេលានៃការចុះបញ្ជី ថ្លៃចុះបញ្ជី និងគុណភាពសេវាកម្ម​ ដើម្បីកែលម្អការផ្តល់សេវាឱ្យកាន់តែងាយស្រួល ដល់សហគ្រាសផលិត។ លើសពីនេះ នៅក្នុងការចុះបញ្ជីផលិតផលនេះ ក្រសួងក៏នឹងកំពុងរៀបចំក្នុងក្របខណ្ឌការចុះបញ្ជីតាមអនឡាញ ដើម្បីកាត់បន្ថយការចំណាយ និងវេលា។

    លោកថា «សូមទុកឱកាសនេះឱ្យយើងខ្ញុំកែលម្អឡើងវិញទាំងអស់ ហើយដើម្បីយើងមាននិតិវិធីរួមមួយទាំងអស់គ្នា ថាអ្នកស្នើសុំត្រូវធ្វើអ្វី ហើយសមត្ថកិច្ចត្រូវដោះស្រាយយ៉ាងម៉េច កាលណានឹងបើមាននិតិវិធីច្បាស់លាស់ បញ្ហាទាំងនេះ នឹងត្រូវដោះស្រាយ»។ ការលើកឡើងរបស់​រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងលោកស្រី​ កែវ មុំ បានធ្វើឡើងក្នុង​​កិច្ចប្រជុំពិគ្រោះយោបល់ លើវិស័យកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម និងសេវា កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ ​ដើម្បីដោះស្រាយ បញ្ហាប្រឈមសំខាន់ៗ របស់វិស័យឯកជន នៅមុនការរៀបចំវេទិការាជរដ្ឋាភិបាល-វិស័យឯកជន ដែលគ្រោងធ្វើនៅថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខ។​

    ​ក្នុងកិច្ច​ប្រជុំពិគ្រោះយោបល់នេះដែរ ពាក់ព័ន្ធការចុះបញ្ជីផលិតផល វិស័យឯកជន ​ក៏បានស្នើសុំចំណុចមួយចំនួនទៀតផងដែរ រួមមាន៖​ស្នើឱ្យមិនគិតថ្លៃសេវា ចំពោះការកែប្រែសំបកវេចខ្ចប់ ដោយគ្រាន់តែស្នើទៅវិទ្យាស្ថានស្តង់ដារ និងមិនចាំបាច់ចុះបញ្ជីផលិតផលសារជាថ្មី ក្នុងពេលដែល​ ច.ប.ផ នៅមានសុពលភាព, សំណូមពរឱ្យមានការធ្វើតេស្តផលិតផល តែ១ដងក្នុងមួយឆ្នាំ សម្រាប់ផលិតផលតែមួយមុខ​, ​ស្នើឱ្យមានការអនុវត្តស្មើភាពគ្នា រវាងផលិតផលក្នុងស្រុកទាំងអស់ ដោយអនុលោមតាមគ្រប់បទបញ្ញត្តិនៃវិទ្យាស្ថានស្តង់ដារ​, ស្នើឱ្យមានការអនុវត្តស្មើភាពគ្នារវាងផលិតផលក្នុងស្រុក និងផលិតផលនាំចូល ដោយតម្រូវឱ្យផលិតផលនាំចូលដែលដាក់លក់ក្នុងទីផ្សារ ត្រូវមានបិទស្ទីកគ័រ ភ្ជាប់លេខ​ ចបផ ដូចផលិតផលក្នុងស្រុកដែរ។

    លើសពីនេះទៅទៀត ស្នើឱ្យ​វិទ្យាស្ថានស្តង់ដារ បង្កើតគេហទំព័រ និងកម្មវិធីទូរសព្ទ ​ចងក្រងផលិផលក្នុងស្រុក និងនាំចូលដែលបានចុះ ច.ប.ផ រួចរាល់ ឱ្យសាធារណៈជនអាចចូលពិនិត្យភាពអនុលោមបាន ដើម្បីបង្កើនទំនុកចិត្តសម្រាប់ផលិតផលក្នុងស្រុក និងផលិតផលផ្សេងទៀតដែលកំពុងចរាចរណ៍នៅលើទីផ្សារ។

    ​លោក ហេង សុគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្មបានបញ្ជាក់ថា ​កន្លងមកសម្រាប់ការកែប្រែការរចនាសំបកវេចខ្ចប់ ក្នុងពេលដែល ច.ប.ផ មានសុពលភាព មិនមានយន្តការក្នុងការយកប្រាក់កម្រៃនោះទេ លើកលែងតែមានការកែសម្រួលឈ្មោះ ឬអត្តសញ្ញាណផលិតផលទើបគិតសេវា។ ជាមួយគ្នានេះ ការស្នើសុំកែប្រែស្លាកសញ្ញា និងការរចនាសំបកវេចខ្ចប់ ខុសពី​សញ្ញាដើម​ ចាប់ពី៦០%ឡើងទៅ ​ក៏គិតកម្រៃសេវាដូចគ្នា។​ ហើយ​រាល់ការកែប្រែ មិនមានការជូនដំណឹងជាមុន អំពីការកែសម្រួលទាំងនោះ​ ក៏គិតសេវា​ផងដែរ ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: