ព័ត៌មានជាតិ October 27, 2023

Apple និង Samsung ស្នើសុំអន្ដរាគមន៍ ក្រោយមានអ្នកនាំចូល និងចែកចាយលក់ខុសច្បាប់, និយ័តករទូរគមនាគមន៍កម្ពុជា ជូនដំណឹងឲ្យបញ្ឈប់ការចែកចាយ និងផ្គត់ផ្គង់ដោយគ្មានវិញ្ញាបនបត្រទទួលស្គាល់

Naren

(ភ្នំពេញ)៖ និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) ទទួលបានសំណើសុំអន្តរាគមន៍ពីក្រុមហ៊ុនភ្នាក់ងារ ដែលមានវិញ្ញាបនបត្រទទួលស្គាល់ដោយ ន.ទ.ក. និងទទួលបានសិទ្ធិស្របច្បាប់ ពីក្រុមហ៊ុនផលិតគ្រឿងសម្ភារបរិក្ខារផ្ទាល់ (Vendors) ក្នុងការនាំចូល ផ្គត់ផ្គង់ និងចែកចាយទូរស័ព្ទចល័តរបស់ក្រុមហ៊ុន Apple (iPhone) និងក្រុមហ៊ុន Samsung នាឡិកាឆ្លាតរបស់ក្រុមហ៊ុន Garmin និងគ្រឿងសម្ភារបរិក្ខារទូរគមនាគមន៍ប្រភេទផ្សេងៗទៀត ដើម្បីជួយទប់ស្កាត់ការនាំចូល ផ្គត់ផ្គង់ និងចែកចាយគ្រឿងសម្ភារបរិក្ខារទាំងនោះ ដោយបុគ្គលខុសច្បាប់ ដែលពុំមានវិញ្ញាបនបត្រទទួលស្គាល់ គុណវុឌ្ឍិជាភ្នាក់ងារ និង/ឬពុំមានចុះបញ្ជីទទួលស្គាល់យថាប្រភេទ (TA) នៅ ន.ទ.ក. ពីព្រោះថាការណ៍នេះបាននិងកំពុងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ប្រតិបត្តិការធុរកិច្ចរបស់ក្រុមហ៊ុនស្របច្បាប់។

សេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា ដើម្បីលើកកម្ពស់ការប្រកួតប្រជែងដោយស្មោះត្រង់ និងការពារអ្នកប្រើប្រាស់ ន.ទ.ក. សូមជូនដំណឹងដល់សាធារណជន និងបណ្តាក្រុមហ៊ុន ដូចបានរៀបរាប់ខាងលើ ត្រូវបញ្ឈប់៖

*១៖ ការនាំចូល ផ្គត់ផ្គង់ និងចែកចាយគ្រឿងសម្ភារបរិក្ខារទូរគមនាគមន៍ ដោយគ្មានវិញ្ញាបនបត្រទទួលស្គាល់គុណវុឌ្ឍិជាភ្នាក់ងារពី ន.ទ.ក.
*២៖ ការនាំចូល ផ្គត់ផ្គង់ និងចែកចាយគ្រឿងសម្ភារបរិក្ខារទូរគមនាគមន៍ ដែលគ្មានវិញ្ញាបនបត្រទទួលស្គាល់យថាប្រភេទ (TA) និងលិខិតអនុញ្ញាតនាំចូល ពី ន.ទ.ក.
*៣៖ ការនាំចូល ផ្គត់ផ្គង់ និងចែកចាយគ្រឿងសម្ភារបរិក្ខារទូរគមនាគមន៍ណាខុសពីទីផ្សារគោលដៅកំណត់ដោយក្រុមហ៊ុនផលិតគ្រឿងសម្ភារបរិក្ខារផ្ទាល់ (Vendors)។

ន.ទ.ក. សូមរំលេចជូននូវបញ្ញត្តិជាធរមានមួយចំនួននៃច្បាប់ស្តីពីទូរគមនាគមន៍ ដូចខាងក្រោម៖

* ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ ថ្ងៃ ទៅ ១ ខែ និងពិន័យជាប្រាក់ពី ១ លានរៀល ទៅ ៥ លានរៀល ចំពោះប្រតិបត្តិការធុរកិច្ចនាំចូល ផ្គត់ផ្គង់ និងចែកចាយគ្រឿងសម្ភារបរិក្ខាទូរគមនាគមន៍ ដោយគ្មានលិខិតអនុញ្ញាត និងវិញ្ញាបនបត្រពី ន .ទ.ក. (មាត្រា៨៩)
* ចំពោះនីតិបុគ្គល ត្រូវពិន័យជាប្រាក់ពី ១០លានរៀល ទៅ ៥០ លានរៀល ព្រមទាំង ទោសបន្ថែមណាមួយ ឬច្រើន ដូចមានចែងក្នុងមាត្រា ១៦៨ នៃក្រមព្រហ្មទណ្ឌ (មាត្រា ៩០)
* រឹបអូសគ្រឿងសម្ភារបរិក្ខារទូរគមនាគមន៍ខុសច្បាប់ និង
* ពិន័យផ្សេងៗទៀត។

ជាមួយគ្នានេះ ន.ទ.ក. សូមរំលឹកជូនផងដែរថា ក្នុងករណី ន.ទ.ក. រកឃើញថា សាធារណជន និងក្រុមហ៊ុននៅតែបន្តធ្វើសកម្មភាពផ្ទុយនឹងច្បាប់ដូចខាងលើ នោះ ន.ទ.ក. នឹងចាត់វិធានការ យ៉ាងម៉ឺងម៉ាត់ ស្របតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន។ ទន្ទឹមនឹងនេះ ន.ទ.ក. សូមអំពាវនាវដល់សាធារណជន និងក្រុមហ៊ុនចូលរួមសហការ និងរាយការណ៍អំពីសកម្មភាពខុសច្បាប់ ដូចបាន រៀបរាប់ខាងលើ មក ន.ទ.ក. តាមរយៈទូរស័ព្ទលេខ ៦៧៨៩ រៀងរាល់ម៉ោងធ្វើការ ឬ ផ្ញើសារ មកកាន់អ៊ីម៉ែល info@trc.gov.kh៕ ផ្តល់សិទ្ធិដោយ៖ Fresh News