នៅថ្ងៃនេះ ខេត្តកំពង់ចាម ចាប់ផ្តើមការប្រណាំងទូក «ង» ទូកខ្នាតអន្តរជាតិ តាំងពិព័រណ៍ បណ្ដែតប្រទីប និងអុចកាំជ្រួច
(កំពង់ចាម)៖ នារសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា អញ្ជើញបើកជាផ្លូវការ ក្នុងការប្រណាំងទូក «ង» ទូកខ្នាតអន្តរជាតិ តាំងពិព័រណ៍ បណ្ដែតប្រទីប និងអុចកាំជ្រួច នៅក្រុងកំពង់ចាម។
លោកអភិបាលខេត្ត បានសំណេះសំណាល ជាមួយប្រជាពលរដ្ឋ និងក្រុមកីឡាករទាំងអស់ថា ថ្ងៃនេះ ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធ ថ្នាក់ដឹកនាំក្រុង-ស្រុក ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមគាំទ្រ និងចលនាបង្កើតឱ្យមានព្រឹត្តិការណ៍ នៃការប្រណាំងទូក «ង» ទូកខ្នាតអន្តរជាតិ បណ្ដែតប្រទីប អុចកាំជ្រួច និងការរៀបចំតាំងពិព័រណ៍សមិទ្ធិផលនានា តាមបណ្តាលក្រុង-ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត និងពិព័រណ៍ភូមិមួយ ផលិតផលមួយ ក្នុងឱកាសនៃពិធីបុណ្យចេញព្រះវស្សាឆ្នាំនេះ។ ខ្ញុំ ពិតជាមានសេចក្តីសោមនស្សរីករាយក្រៃលែង ដោយបានឃើញបងប្អូន ប្រជាពលរដ្ឋ កីឡាករចំណុះទូក ដែលបានមកចូលរួមដោយទឹកមុខសប្បាយរីករាយ ក្នុងមហាគ្រួសារខ្មែរ ក្រោមដំបូលសុខសន្តិភាព។
លោកអភិបាលខេត្ត បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង-ស្រុក កងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ រួមនឹងមន្ត្រីរាជការទាំងអស់ក្នុងខេត្ត ដែលបានសហការរៀបចំកម្មវិធីប្រណាំងទូក ការតាំងពិព័រណ៍ បណ្ដែតប្រទីប និងអុចកាំជ្រួច ដើម្បីបង្ករលក្ខណ:សប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋខេត្តកំពង់ចាម និងបណ្តាខេត្តនានា ដែលនៅជិតខាង។
លោកអភិបាលខេត្ត បានបញ្ជាក់ថា យើងអាចរៀបចំព្រឹត្តិការណ៍ដ៏សប្បាយរីករាយនេះបាន គឺដោយសារប្រទេសយើងមានសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ព្រមទាំងប្រជាពលរដ្ឋមានជីវភាពធូរធារផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews









