Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យស្តីពីរូបសញ្ញា និងត្រារបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន

    BY Khmerpress October 28, 2023
    សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យស្តីពីរូបសញ្ញា និងត្រារបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន

    (ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យស្តីពីរូបសញ្ញា និងត្រារបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន (រ.ក.ព)។ នេះបើយោងតាមអនុក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣នេះ។

    រូបសញ្ញារបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន មានទម្រង់ និងអត្ថន័យដូចខាងក្រោម៖

    ទី១៖ ទម្រង់
    *រូបភាពទូទៅនៃរូបសញ្ញាមានរាងជារង្វង់មូល មានខ្សែវ័ណ្ឌពីរជាន់ពណ៌ខៀវ មានចារឹកអក្សរខ្មែរពណ៌ខៀវ ជារាងកន្លះរង្វង់នៅផ្នែកខាងលើថា «រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន» និងចារឹកអក្សរឡាតាំងជាភាសាអង់គ្លេសជារាងកន្លះរង្វង់នៅផ្នែកខាងក្រោមថា STATE SECRETARIAT OF BORDER AFFAIRS ហើយកន្លះរង្វង់ទាំងពីរនេះភ្ជាប់គ្នាដោយរូប ផ្កាឈូកពណ៌ក្រហមរីកពេញអំណាចឆ្វេងស្តាំអមសងខាងមួយគូ ស្ថិតលើអ័ក្សនៃអង្កត់ផ្ចិតរង្វង់

    *នៅផ្ទៃក្នុងរង្វង់ មានរូបនាគរាជពណ៌ខៀវក្បាលប្រាំចំនួនមួយគូ រចនាឡើងតាមរចនាបថប្រាសាទបេងមាលា ក្នុងឥរិយាបថពត់ពេនបង្កើតបានជារង្វង់មានមុខឈមដាក់គា្ននៅផ្នែកខាងក្រោម និងមានកន្ទុយព័ន្ធគ្នានៅផ្នែកខាងលើបង្កើតបានជាផ្ទៃក្នុងរាងមូលសណ្ឋានផែនដី លម្អពីរភាគបីដោយផ្ទៃពណ៌ទឹកសមុទ្រ និងមួយភាគបីដោយផ្ទៃពណ៌ទឹកមាស។

    ផ្ទៃក្នុងរាងមូល សណ្ឋានផែនដីនេះ ត្រូវបានរចនាបន្ថែមដោយអក្សរ រ.ក.ព នៅផ្នែកខាងលើភាគ ខាងក្រោមជាប់កន្ទុយនាគព័ន្ធ និងមានឆព្វណ្ណរង្សីពណ៌មាសចាំងជះចុះគ្របលើរូបផែនទីនៃព្រះរាជាណាចក្រកម្ពុជាដែលមានផ្ទៃពណ៌ខៀវ ហើយផ្នែកខាងក្រោមនៃផែនទីអម សងខាងដោយបង្គោលព្រំដែនពណ៌ក្រហមចំនួនពីរ ដែលបង្គោលផ្នែកខាងស្តាំរចនាឡើងតាមលំនាំបង្គោលចាស់បន្សល់ទុកពីសម័យបារាំងមានចារឹកអក្សរឡាតាំងជាភាសាបារាំងថា (CAMBODGE) និងមានរាជសីហ៍ពណ៌ក្រហមឈរជ្រែងទប់ការពារ ហើយបង្គោលផ្នែកខាងឆ្វេងរចនាឡើងតាមលំនាំបង្គោលសម័យបច្ចុប្បន្នលម្អដោយរូបប្រាសាទអង្គរវត្តកំពូលបី និងមានចារឹកអក្សរខ្មែរពីក្រោមរូបប្រាសាទអង្គរវត្តថា កម្ពុជា និងមានគជសីហ៍ពណ៌ក្រហម ឈរជ្រែងទប់ការពារ។

    រាជសីហ៍ និងគជសីហ៍ ព្រមទាំងបង្គោលព្រំដែនទាំងពីរខាងលើនេះ ត្រូវបានរចនាបញ្ឈរលើផ្ទៃពណ៌មាសលាតសន្ធឹងចេញពីផ្នែកខាងក្រោមនៃដងខ្លួន និងមុខនាគរាជទាំងគូ។

    ទី២៖ អត្ថន័យ

    *អក្សរកាត់ រ.ក.ព. តំណាងឱ្យរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដន
    *ផែនទីនៃព្រះរាជាណាចក្រកម្ពុជាហ៊ុំមព័ទ្ធដោយផ្ទៃពណ៌ទឹកសមុទ្រ តំណាងឱ្យបូរណភាព ទឹកដី និងអធិបតេយ្យជាតិទាំងដែនគោក និងដែនសមុទ
    *ពណ៌ខៀវ នៃផ្ទៃផែនទី និងអក្សរពណ៌ខៀវជាភាសាខ្មែរ និងភាសាអង់គ្លេស តំណាងឱ្យការអភិវឌ្ឍប្រកបដោយចីរភាព
    *នាគរាជក្បាលប្រាំ ចំនួនមួយគូព័ន្ធកន្ទុយគ្នាក្នុងឥរិយាបថឈមមុខដាក់គា្នតំណាងឱ្យប្រជារាស្ត្រខ្មែរដែលពួតដៃគ្នា សាមគ្គីជាធ្លុងមួយមិនអាចបំបែកបានដើម្បីតស៊ូប្រឆាំងនឹង ការឈ្លានពានពីគ្រប់ទិសទី
    *ពណ៌ខៀវ នៃដងខ្លួននាគរាជទាំងគូ តំណាងឱ្យការប្រកាន់ខ្ជាប់គោលការណ៍ការពារដើម្បីអភិវឌ្ឍ អភិវឌ្ឍដើម្បីការពារដោយនិរន្តរភាព
    *រាជសីហ៍ និងគជសីហ៍ តំណាងឱ្យមន្ដ្រី កងកម្លាំងប្រដាប់អាវុធ និងប្រជារាស្ត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលរួមគ្នាការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ
    *ពណ៌ស នៃដងខ្លួនរាជសីហ៍និងគជសីហ៍ តំណាងឱ្យភក្តីភាព និងភាពស្មោះត្រង់ចំពោះជាតិមាតុភូមិ
    *ពណ៌ក្រហម នៃរូបរាងរាជសីហ៍ និងគជសីហ៍ តំណាងឱ្យស្មារតីអង់អាចក្លាហាន ក្លៀវក្ល ហ៊ានពលិកម្មដើម្បីបុព្វហេតុជាតិមាតុភូមិ
    *បង្គោលព្រំដែនដែលមានចារឹកអក្សរឡាតាំងជាភាសាបារាំងថា CAMBODGE តំណាងឱ្យការគោរពយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍នៃការការពារខ្សែបន្ទាត់ព្រំដែនដែលបន្សល់ទុកក្រោយកម្ពុជាទទួលបានឯករាជ្យ
    *បង្គោលព្រំដែនដែលមានរូបប្រាសាទអង្គរវត្តកំពូលបី និងមានចារឹកអក្សរខ្មែរថា កម្ពុជាតំណាងឱ្យបេសកកម្មការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ នៃព្រះរាជាណាចក្រកម្ពុជា ផ្ទៃពណ៌មាស តំណាងឱ្យដែនដីសុវណ្ណភូមិ
    *ឆព្វណ្ណរង្សីចាំងជះចុះពីអក្សរខ្មែរបីតួ រ.ក.ព តំណាងឱ្យអានុភាពនៃគំនិត ប្រាជ្ញាស្មារតី អំណាចឫទ្ធានុភាព និងសមិទ្ធផលដែលសម្រេចបានដើម្បីជាឧត្តមប្រយោជន៍របស់ព្រះរាជាណាចក្រកម្ពុជា និងប្រជារាស្ត្រខ្មែរ
    *រូបផ្កាឈូកពណ៌ក្រហមតំណាងឱ្យពុទ្ធិជ្រៅជ្រះ ទូលំទូលាយសម្រាប់ការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ។

    រូបសញ្ញារបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនដែលមានទម្រង់ និងអត្ថន័យដូចបានចងខាងលើត្រូវបានកំណត់នៅក្នុងឧបសម្ព័ន្ធទី១ នៃអនុក្រឹត្យនេះ៕

    ខាងក្រោមនេះជាអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា៖

    ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: