ក្រោយមានការសម្របសម្រួលពីគណ:កម្មាធិការសិទ្ធិមនុស្សកម្ពុជា ករណីនាយក្រឹម និង ណុប ដាណេ ត្រូវបានដោះស្រាយបញ្ចប់ដោយសន្តិវិធី
រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្ដី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានឱ្យដឹងថា ក្រោយពីបានជួបជជែកគ្នាទាំងសងខាងរវាង លោកពូ ក្រឹម និង ណុប ដាណេ ករណីរើសអើងអ្នកស្រឡាញ់ភេទដូចគ្នា ត្រូវបានដោះស្រាយបញ្ចប់ដោយសន្តិវិធី។
តាមរយៈខ្លឹមសារសំណេររបស់ ឯកឧត្តម កែវ រ៉េមី បានសរសេររៀបរាប់ថា៖ «ក្រោយពីបានជួបជជែកគ្នាទាំងសងខាង គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាទទួលបាននូវលទ្ធផលជាវិជ្ជាមាន។ ខ្លឹមសារនឹងមានការផ្សព្វផ្សាយតាមរយៈវីដេអូខ្លី។ សូមអរគុណលោកជំទាវចន ចន្ទ័លក្ខិណា ប្រធានសមាគមសិល្បករខ្មែរបានជួយអន្តរាគមន៍និងអរគុណជាអនេកជូន លោក អ៊ូ ប៊ុណ្ណារ៉ាត់ និងក្មួយ ណុប ដាណេ ដែលបានចូលរួមដោះស្រាយដើម្បីសុខដុមក្នុងសង្គមជាតិយើង» ។
សូមបញ្ជាក់ថា សហគមន៍ឥន្ទធនូកម្ពុជា (រ៉ក់) បានស្នើទៅឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្ដី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួយអន្ដរាគមន៍ ឱ្យលោកពូ ក្រឹម ចូលជួបពិភាក្សានិងធ្វើការបំភ្លឺលើមតិយោបល់ ដែលមានលក្ខណៈរើសអើងបេក្ខជនមួយរូបដែលជាអ្នកស្រឡាញ់ភេទដូចគ្នា នៅក្នុងកម្មវិធីលំដាប់ពិភពលោក Cambodia’s Got Talent រដូវកាលទី៣ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះផងដែរ ៕ ប្រភព៖ Keo Remy






