អាជ្ញាធរជាតិអប្សរា បំភ្លឺជុំវិញការផ្សព្វផ្សាយព័ត៌មានផ្ទុយពីការពិត អំពីសកម្មភាពរុះរើសំណង់មិនស្របច្បាប់ នៅភូមិសណ្តាន់ ខេត្តសៀមរាប
ខេត្តសៀមរាប៖ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា បានចេញសេចក្តីបំភ្លឺជុំវិញការផ្សព្វផ្សាយព័ត៌មាន ផ្ទុយពីការពិត អំពីសកម្មភាពទប់ស្កាត់សំណង់មិនស្របច្បាប់ នៅភូមិសណ្តាន់ សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប។
នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ មានការផ្សព្វផ្សាយតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក អំពី សកម្មភាព រុះរើសំណង់មិនស្របច្បាប់ របស់ក្រុមការងារសណ្ដាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរា ដោយបង្ខំ ស្ថិតនៅ ក្នុងភូមិសណ្តាន់ សង្កាត់ទឹកវិល ក្រុងសៀមរាប។ ការផ្សព្វផ្សាយទាំងនេះគឺបានផ្ទុយពីការពិតជាក់ស្តែង បង្កើតឱ្យ មានការយល់ច្រឡំពីសាធារណជនមកលើអាជ្ញាធរជាតិអប្សរា។
ក្នុងន័យនេះ អាជ្ញាធរជាតិអប្សរាសូមជម្រាបជូនសាធារណៈជន ឱ្យបានជ្រាបច្បាស់អំពីករណីនេះដូចខាងក្រោម៖
១- សំណង់ដែលជាកម្មវត្ថុនៃការរុះរើ គឺជាប្រភេទសំណង់មិនស្របច្បាប់ដែលសាងសង់គ្មានការអនុញ្ញាត កើតឡើងតាំងពីខែឧសភា ឆ្នាំ២០២៣ មកម៉្លេះ។
២- ជាវិធានការណ៍ទប់ស្កាត់ ក្រុមការងារបានប្រគល់លិខិតជូនដំណឹងតម្រូវឱ្យម្ចាស់រុះរើចេញវិញដោយ ខ្លួនឯង ក្នុងនោះបានទុកពេលវេលាចំនួន០៣ថ្ងៃ គិតចាប់ពីថ្ងៃទី ២៥ដល់២៧ ខែឧសភា ឆ្នាំ២០២៣ ជាកំហិត។ កិច្ចការនេះមាន លោកមេភូមិសណ្តាន់ បានដឹងលឺ។
៣- ក្រោយមកដោយមានការស្នើសុំ ពីម្ចាស់សំណង់មិនស្របច្បាប់ខាងលើ ថានឹងរុះរើសំណង់ទាំងនេះ ដោយខ្លួនឯង ក្រុមការងារទប់ស្កាត់សំណង់មិនស្របច្បាប់បានឱ្យម្ចាស់សំណង់ចុះកិច្ចសន្យារុះរើស្ម័គ្រចិត្ត ដោយ ទុកពេលវេលា ចំនួន០៣ ថ្ងៃ គិតចាប់ពីថ្ងៃទី ១០ដល់១២ ខែវិច្ឆិកា ឆ្នាំ២០២៣។
៤- តាមរយៈនេះ អាជ្ញាធរជាតិអប្សរាបានទុកពេលវេលាសមស្រប សម្រាប់ម្ចាស់សំណង់ធ្វើការរុះរើដោយ ខ្លួនឯងអស់រយៈពេលជាច្រើនខែមកហើយ។
៥- បុគ្គលម្នាក់ដែលបានយំសោកក្នុងព័ត៌មានផ្សព្វផ្សាយតាមបណ្តាញសង្គមនោះ មិនមែនជា ម្ចាស់ផ្ទះ ខាងលើឡើយ។
ទង្វើរបស់ជននេះពិតជាមានបំណងបង្កាច់បង្អួចកិត្តិយសមន្ត្រីអាជ្ញាធរជាតិអប្សរា ក្នុងសកម្មភាពទប់ស្កាត់ សំណង់មិនស្របច្បាប់ ដើម្បីអភិរក្សរមណីយដ្ឋានអង្គរ មរតកដូនតា ព្រលឹងជាតិខ្មែរ។ សកម្មភាពនេះពិតណាស់ ធ្វើឡើងដើម្បីប្រយោជន៍បុគ្គលខ្លួនឯងផ្ទាល់ និងបានធ្វើឱ្យប៉ះពាល់ផងដែរដល់សន្តិសុខ និងសណ្តាប់ធ្នាប់ សាធារណៈ។
សេចក្តីដូចបានបញ្ជាក់ជូនខាងលើ សូមសាធារណជនទាំងអស់មេត្តាជ្រាប និងសូមមេត្តាបញ្ឈប់ការចូលរួម ផ្សព្វផ្សាយព័ត៌មានមិនពិតនេះ ៕ ប្រភព៖ អាជ្ញាធរជាតិអប្សរា Apsara National Authority








