ប្រទះឃើញមុខងារ AI ថ្មីនៅលើ Samsung Galaxy S24 អាចបកប្រែភាសាបានភ្លាមៗក្នុងអំឡុងពេលនិយាយទូរស័ព្ទ
- BY
- Khmerpress
- December 29, 2023
(បរទេស)៖ ថ្មីៗនេះទទួលបានដំណឹងមកថា កំពូលស្មាតហ្វូនជំនាន់ថ្មីពីក្រុមហ៊ុន Samsung ម៉ូដែល Galaxy S24 នាពេលឆាប់ៗខាងមុខនេះ នឹងចេញមកជាមួយនឹងមុខងារថ្មីពិសេស AI Live Translate Call ដែលអាចបកប្រែភាសាជាសម្លេង នឹងអត្ថបទបានក្នុងអំឡុងពេលកំពុងនិយាយទូរស័ព្ទ។ សា្មតហ្វូនថ្មីនេះ នឹងត្រៀមដាក់បង្ហាញជាផ្លូវការនៅអំឡុងខែមករា ឆ្នាំ២០២៤ ខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Nikkie Asia នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣។
ជាក់ស្តែងកាលពីខែវិច្ឆិកាកន្លងទៅ Samsung ធ្លាប់ប្រកាសជាសាធារណៈម្តងរួចទៅថា «យុគសម័យថ្មីនៃ Galaxy AI» ត្រៀមនឹងដាក់ឱ្យប្រើប្រាស់ក្នុងពេលដ៏ខ្លីខាងមុខនេះ។ ខ្លឹមសារនោះមានន័យថា រាល់អ្នកប្រើប្រាស់ស្មាតហ្វូនរបស់ Samsung ទាំងអស់នឹងលែងបារម្ភរឿងមិនចេះភាសាទៀតហើយ ដោយមុខងារ AI ចុងក្រោយនេះ នឹងអាចបកប្រែភាសាផ្សេងៗបានភ្លាម បើទោះបីកំពុងនិយាយទូរស័ព្ទជាមួយគ្នាក៏ដោយ។
តែយ៉ាងណាតាមការចុះផ្សាយពី Nikkei Asia ហាក់ធ្វើឱ្យអ្នកប្រើប្រាស់ នឹកស្មានមិនដល់ត្រឹមរយៈពេលដល់ខ្លី Samsung អាចបញ្ចប់ដំណើរការសាកល្បង និងត្រៀមដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅក្នុងខែមករាខាងមុខ។ មុខងារ AI Live Translate Call នេះត្រូវបាន Nikkei Asia ឱ្យដឹងថា នឹងគាំទ្រភាសាអង់គ្លេស និងអេស្ប៉ាញដំបូងគេ បន្ទាប់មកទើបបន្ថែមភាសា កូរ៉េ និងជប៉ុនតាមក្រោយ ចំណែកឯភាសាផ្សេងទៀតនឹងដាក់បញ្ចូលជាបន្តបន្ទាប់តាមជាក់ស្តែង។
គួរជម្រាបដែរថា មុខងារ AI Live Translate Call នេះនឹងអាចបកប្រែភាសាបានភ្លាមៗ រួមទាំងបកប្រែជាអត្ថបទបានដូចគ្នា ដោយពឹងផ្អែកលើសមត្ថភាពគំរូភាសា Gauss generative artificial-intelligence របស់ Samsung ដែលជាអ្នកបង្កើតឡើងដោយផ្ទាល់។ យ៉ាងមិញក្រៅតែពីត្រៀមដំណើរការមុខងារ AI ថ្មីនេះលើស្មាតហ្វូន Samsung ក៏ត្រូវបានគេរាយការណ៍មកថា នឹងស្វែងរកឱកាសល្អបញ្ចូលមុខងារថ្មីនេះទៅលើផលិតផលផ្សេងៗរបស់គេថែមទៀតផង៕ ផ្តល់សិទ្ធិដោយ៖ freshnews
- Share This Post: